ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan សហការជាមួយក្រុមហ៊ុន Dongfeng របស់ប្រទេសចិន បានធ្វើការប្រកាសចេញរថយន្ត Pickup ស៊េរីថ្មីម៉ូដែល Z9។ រថយន្ត Pick up ស៊េរីថ្មីរបស់ Nissan-Dongfeng មួយនេះ ត្រូវបានធ្វើការផលិតឡើងដោយឈរនៅលើគ្រោងឆ្អឹងថ្មីជាមួយនឹងការរចនាដោយកាប៊ីនពីរ (Dual-cab design)។ Nissan-Dongfeng Z9 មានប្រវែងតួរខ្លួន 5,520mm/ ទទឹង 1,960mm/ កម្ពស់ 1,950mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,300mm។ បើតាមការរចនារូបរាងខាងក្រៅយរបស់ Nissan Z9 គឺមានភាពប្រហាក់ប្រហែលគ្នានឹងម៉ូដែល Pick up ស៊េរីថ្មីរបស់ Kia ម៉ូដែល Tasman ដែរ។
សម្រាប់ការរចនាផ្នែកខាងមុខរបស់ Nissan Z9 គឺមានភាពប្រណិតជាមួយបណ្តុំចង្កៀងរចនារាងជាអក្សរ Z ឬភាសាបច្ចេកទេសហៅថា Z-shaped LED daytime running light អូសកាត់ពីម្ខាងទៅម្ខាង មើលទៅប្រកបដោយភាពប្រណិតទំនើបទាន់សម័យមែនទែន។ បន្ថែមពីនេះវាក៏មានការរចនាសំណាញ់ប៉ាណារាងជាអក្សរ X ស្រោបដោយស៊ុមប្រភេទក្រូមដ៏ស្រស់ស្អាតថែមទៀតផង។
ចូលមកផ្នែកខាងក្នុងត្រូវបានរៀបចំរចនាឡើងប្រណិតជាមួយដៃចង្កូតស្បែកររចនាជារាង D-Shaped two-spoke steering wheel រំលេចជាមួយពណ៌ទឹកប្រាក់នៅត្រង់កន្លែងប៊ូតុងបញ្ជា រួមជាមួយអេក្រង់បង្ហាញព័ត៌មាន Digital Instrument Panel និងអេក្រង់កម្សាន្តទំហំធំនៅកណ្តាលតាបឡូ ហើយនៅខាងក្រោមមានបំពាក់នូវប៊ូតុងបញ្ជាប្រភេទ Physical toggle ស្ថិតនៅខាងក្រោមរន្ធម៉ាស៊ីនត្រជាក់។
Nissan-Dongfeng Z9 មានជម្រើសបំពាក់នូវម៉ាស៊ីនពីរទំហំផ្សេងគ្នា ក្នុងនោះមានម៉ាស៊ីន 2.0-liter turbocharged មាន 4-ស៊ីឡាំងអាចផលិតកំលាំង 258 សេះ និងម៉ាស៊ីន 2.3-liter turbodiesel កំលាំង 190 សេះ។ ជម្រើសទាំងពីរម៉ាស៊ីន ភ្ជាប់ដំណើរការដោយប្រអប់លេខស័្វយប្រវត្តិ 8 វគ្គ។ ជាមួយគ្នានេះ Nissan ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍នៅម៉ូដែល Z9 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ដើម្បីធ្វើការប្រគូតប្រជែងជាមួយនឹងរថយន្ត Hybrid Pickup ដែលកំពុងមានប្រជាប្រិយភាពរបស់ BYD ម៉ូដែល Shark ឬ Shark 6។
យ៉ាងណាមិញសម្រាប់លក្ខណៈសម្បត្តិរបស់ Nissan Z9 Hybrid មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបអោយដឹងនៅឡើយទេ ប៉ុន្តែ បើតាមព័ត៌មានមិនផ្លូវការណ៍ បានបង្ហើបថា ម៉ូដែល Hybrid របស់ Z9 អាចនឹងមានកំលាំង 435 សេះ និងកំលាំងរមូល 800Nm ហើយអាចនឹងបើកបានចម្ងាយផ្លូវ 1,100 គ.ម នៅពេលសាកភ្លើង និងចាក់សាំងមួយពេញម្តង។
Nissan-Dongfeng Z9 ត្រូវបានចាប់ផ្តើមសង្វាក់ផលិតនៅក្នុងរោងចក្រប្រទេសចិនកាលពីដើមខែនេះ។ ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានក្នុងនាំចេញរថយន្ត Pick up ស៊េរីថ្មីនេះ ទៅកាន់ទីផ្សារឯនាយសមុទ្ទនៅឡើយទេ ប៉ុន្តែ មានរថយន្តម៉ូដែលមួយចំនួនដែលកើតចេញពីការវិនិយោគទុនរួមគ្នារវាង Nissan និង Dongfeng បានធ្វើការចេញលក់នៅទីផ្សារប្រទេសរុស្សី ដូចនេះ Nissan Z9 ក៏អាចនឹងមានលក់នៅទីផ្សារក្នុងប្រទេសមួយនេះផងដែរ៕