ក្រុមហ៊ុន Apple នឹងបន្តក្នុងការជួបទៅនឹងបញ្ហាប្រឈមជាច្រើន និងការធ្លាក់ចុះនៃការលក់នៅក្នុងប្រទេសចិននៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមនូវវិធានការយ៉ាងប្រុងប្រយ័ត្នក្នុងការពិភាក្សាទៅលើការផលិតស្មាតហ្វូន iPhone នៅក្នុងឆ្នាំ 2025 នេះ។ ពេលនេះ អ្នកវិភាគបច្ចេកវិទ្យាក៏បានលម្អិតទៅលើគម្រោងផែនការរបស់ក្រុមហ៊ុននេះ នៅក្នុងប្លុកដែលបានចេញផ្សាយក្នុងពេលថ្មីៗនេះផងដែរ។
លោក Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងប្រឈមទៅនឹងបញ្ហាកាន់តែច្រើនជាងមុននៅក្នុងឆ្នាំ 2025 នេះ ដោយសារតែបញ្ហានៃការលក់ធ្លាក់ចុះឥតឈប់ឈរនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះក៏ត្រូវបោះជំហានបន្ទាន់ដើម្បីដោះស្រាយទៅលើបញ្ហាហានិភ័យទីផ្សារនេះ និងត្រៀមទប់ទល់ជាបន្តទៀតនៅក្នុងឆ្នាំនេះ។
បញ្ហាប្រឈមទី 1៖ ការលក់ iPhone
សម្រាប់បញ្ហាប្រឈមរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនគឺការលក់ iPhone។ បើទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនក៏ដោយ កំណើនការលក់ iPhone អាចនឹងមានភាពទ្រឹងនៅក្នុងប្រទេសនេះ។ ក្រុមហ៊ុន apple នឹងធ្វើការ upgrade ទៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ។ លោក Ming បាននិយាយទៀតថា ស្មាតហ្វូន iPhone SE 4 ក៏មិនអាចបង្កើនទៅលើការលក់បានដែរ។ នៅពេលនេះ ការនាំចេញអាចនឹងមានការធ្លាក់ចុះចំនួន 6% នៅក្នុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Apple ក៏មានការធ្លាក់ចុះចំនួន 10%-12% ទៅលើការលក់ iPhone នៅក្នុងខែធ្នូ ឆ្នាំ 2024 នេះ។
បញ្ហាប្រឈមទី 2៖ ការច្នៃប្រឌិត
និយាយពីការវិវត្តន៌វិញ ក្រុមហ៊ុន Apple អាចធ្វើការ upgrade កាន់តែច្រើនទៅលើស្មាតហ្វូន iPhones របស់ខ្លួន ប៉ុន្តែហាក់ដូចជានៅខ្វះខាតទៅលើភាពច្នៃប្រឌិត។ ក្រុមហ៊ុននេះ នៅតែខិតខំផ្តោតទៅលើការឌីស្សាញរូបរាងស្តើងទៅលើស្មាតហ្វូនរបស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ អាចនឹងបង្ហាញនូវស្មាតហ្វូន ultra-thin iPhone (5.5mm) និងស្មាតហ្វូនបត់បាននៅក្នុងឆមាសទី ២ ឆ្នាំ 2025 នេះ។ ស្មាតហ្វូននេះ នឹងទ្រទ្រង់នូវ eSIM ប៉ុណ្ណោះ។ ស្មាតហ្វូន iPhone 17 អាចនឹងមិនធ្វើអោយអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើលផងដែរ។ តាមការបញ្ជាក់របស់លោកMing នោះ ក្រុមហ៊ុននេះអាច downgrade ទៅលើសមាសភាគរបស់ខ្លួនផងដែរដើម្បីទាក់ទាញទៅលើតម្លៃរបស់ស្មាតហ្វូននេះ។
បញ្ហាប្រឈមទី 3៖ គ្មានបច្ចេកវិទ្យា AI
ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតផ្តល់នូវការអាប់ដេតកាន់តែខ្លាំងក្លាទៅលើបច្ចេកវិទ្យា AI នេះនៅក្នុងស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុន Apple នៅមិនទាន់ចូលទៅដល់និន្នាការនេះទេ។ ក្រុមហ៊ុននេះ ទើបតែប្រកាសនូវ Apple Intelligence ដែលមិនទាន់មាននៅក្នុងប្រទេសចិននោះទេ។ ស្មាតហ្វូនថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះជាមួយនឹងបច្ចេកវិទ្យា AI តិចតួចប៉ុណ្ណោះ។ ដោយសារតែការពន្យារពេលទៅលើ AI នេះ អ្នកប្រើប្រាស់ iPhone ជាច្រើនពេលនេះហាក់ដូចជាមិនចាប់អារម្មណ៍ទៅលើ “Intelligence” នោះទេ។
បញ្ហាប្រឈមទី 4៖ គូប្រកួតប្រជែងជាច្រើនរបស់ចិន
ក្រុមហ៊ុនHuawei និងក្រុមហ៊ុនម៉ាកយីហោជាច្រើនទៀតរបស់ចិនកំពុងតែបង្ហាញនូវការប្រើប្រាស់ទៅលើបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ស្មាតហ្វូន Mate XT នេះ អាចនឹងក្លាយជាឧទាហរណ៍ជាក់ស្តែងនៅក្នុងករណីនេះដែលផ្តោតទៅលើបច្ចេកវិទ្យា AI កាន់តែខ្លាំងក្លា។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ក៏មានបំពាក់នូវមុខងារ AI ជាច្រើន និងការធានាសុវត្ថិភាពកាន់តែប្រសើរថែមទៀត៕