ស្មាតហ្វូនស៊េរីថ្មី iPhone 17 series បានក្លាយជាប្រធានបទដ៏ពេញនិយម ខណៈពេលដែលស្មាតហ្វូនស៊េរីថ្មីរបស់ Apple នេះ នឹងមានការប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលប៉ុន្មានខែទៀតនាពេលខាងមុខ។ ព័ត៌មានថ្មីនេះ ត្រូវបានគេមើលឃើញថា បានចេញពីអ្នកទម្លាយ Majin Bu ដែលបានបង្ហោះរូបភាពនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ។ រូបភាពនេះបង្ហាញអំពីការឌីស្សាញកាមេរ៉ាផ្តេកវិញម្តងនៅលើស្មាតហ្វូននេះ ហើយក៏នឹងមានការឌីស្សាញទម្រង់ថ្មីនៃកាមេរ៉ាផងដែរ។
ការឌីស្សាញថ្មីនេះ អាចនឹងជាមិនមែនជារឿងថ្មីទាំងស្រុងនោះទេ កាលពីដើមខែនេះ ក៏មានការបែកធ្លាយជាច្រើនអំពីរូបភាពរបស់ស្មាតហ្វូន iPhone 17 Pro ដែលការឌីស្សាញកាមេរ៉ានេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Pixel ដូចគ្នា។ យ៉ាងណាមិញអ្នកទម្លាយនេះបន្ថែមថា ស្មាតហ្វូន Pro series នេះប្រហែលជាមិនផ្លាស់ប្តូរទៅលើការឌីស្សាញនេះទេ។
រូបភាពបែកធ្លាយថ្មីនេះ បានបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានពណ៌ប្រផេះ Space Grey ជាមួយនឹងរន្ធប្រហោងកាមេរ៉ាតែមួយប៉ុណ្ណោះ ប៉ុន្តែជាធម្មតាសម្រាប់ស្មាតហ្វូន iPhone 17 series គឺបំពាក់នូវកាមេរ៉ាភ្លោះនៅខាងក្រោយ។ ពាក្យចចាមអារ៉ាមថ្មីទម្លាយថា ស្មាតហ្វូន iPhone 17 Air អាចនឹងមានកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ។
ការបែកធ្លាយជាច្រើនបានបង្ហើបថា ស្មាតហ្វូនម៉ូដែល Air នេះ នឹងមានការឌីស្សាញរូបរាងស្តើងខ្លាំងមែនទែន ហើយក៏អាចនឹងជម្រុញក្រុមហ៊ុន Apple អោយប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនដែលមានរូបរាងស្តើងនេះផងដែរ។ វានៅសល់ពេលប្រហែលជា 8 ខែទៀតរហូតទាល់តែប្រកាសជាផ្លូវការទៅលើស្មាតហ្វូន iPhone ជំនាន់ថ្មីនេះ ដូចនេះវានឹងមានពាក្យចចាមអារ៉ាមជាច្រើនទៀតនឹងទម្លាយអំពីស្មាតហ្វូន iPhone 17 នេះ៕