ថ្មីៗនេះក្រុមហ៊ុន BYD បានធ្វើការចែកចាយវីដេអូបង្ហាញពីរថយន្ត Yangwang U7 ដែលជារថយន្តអគ្គិសនី Sedan ស៊េរីថ្មីដែលមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Discus-Z suspension system។ នៅលើដំបូលនៃរថយន្តនេះ មានបំពាក់នូវសែនស័រ និងប្រព័ន្ធ Discus-Z Active chassis ដែលអាចធ្វើការភ្ជាប់ទៅកាន់ស្មាតហ្វូនក្នុងការបញ្ជាមុខងារពិសេសៗមួយចំនួននៅលើរថយន្តតាមរយះស្មាតហ្វូន។ តាមរយះវីដេអូបានបង្ហាញថា Yangwang U7 អាចទ្វារការដោះដៃទ្វារ (Door-handle) ចេញមកបាន បើទោះបីជាសភាពត្រជាក់កកនៅក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងបំផុត -30 អង្សាសេ ហើយតួររថយន្តទាំងមូលស្ទើតែបង្កកដោយទឹកកកក៏ដោយ។
ក្នុងវីដេអូក៏បានបង្ហាញទៀតថា អ្នកបើកបរបានធ្វើការគោះទ្វាររថយន្តដើម្បីដំណើរការមុខងារបើកដៃទ្វារដោយស្វ័យប្រវត្តិ ហើយវាក៏ដំណើរការបានដោយដៃទ្វារបានដំឡោះចេញមក បំបែកកំណកទឹកកកដែលកកជាប់លើដៃទ្វារក៏ដោយ។ Yangwang គឺជាម៉ាកយីហោរថយន្តអគ្គិសនីកម្រិត Flagship EV របស់ BYD ដែលបច្ចុប្បន្ន ម៉ាករថយន្តនេះ គឺមានចំនួនបីម៉ូដែល ហើយ Yangwang U7 គឺជាម៉ូដែលទីបីបន្ទាប់ពី U8 ដែលជា Flagship-EV SUV ដែលមានសមត្ថភាពអាចបើកក្នុងទឹកបាន និង U9 ដែលជា Super Sport Car ដែលអាចលោតរំលងឧបសគ្គ អាចរាំ និងអាចបើកដោយប្រើកង់តែបីបាន។
Yangwang U7 គឺជារថយន្តអគ្គិសនី Sedan 5-កៅអី ដែលដំណើរការដោយប្រព័ន្ធម៉ូទ័រអេឡិចត្រិចចំនួន 4 ដែលមានកំលាំងសរុប 956kW ឬស្មើរនឹង 1,282 សេះ(hp) និងប្រើកញ្ចប់ថ្មអគ្គិសនីទំហំធំដល់ 135.5kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 720km តាមការធ្វើតេស្តស្តង់ដារដោយស្ថាប័ន CLTC។ រថយន្ត Supercar EV ស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការដាក់តាំងបង្ហាញលើកដំបូងក្នុងព្រឹត្តិការណ៍ Beijing Auto Show កាលពីឆ្នាំ 2024។ សម្រាប់តម្លៃវិញត្រូវបានគេប៉ាន់ប្រមាណថា អាចខ្ទង់ប្រហែល 1 លានយាន់ ឬប្រហែលជាង $136K។ BYD Yangwang U7 ត្រូវបានគេរំពឹងថា នឹងចេញលក់ផ្លូវការណ៍ក្នុងត្រីមាសទីពីរឆ្នាំ 2025។
រថយន្ត Supercar EV Sedan ស៊េរីថ្មីនេះ មានបណ្តោយ 5,265mm/ទទឹង 1,998mm/ កម្ពស់ 1,517 mm និងមានគម្លាតកង់ខាងមុខទៅកង់ក្រោយ 3,160mm ហើយនិងមានទំងន់ប្រមាណជា 3,095kg។ ជាមួយអនុភាពនៃកំលាំងម៉ូទ័រអេឡិចត្រិចទាំង 4 របស់រថយន្តនេះ គឺអាចឲ្យវាជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 2.9 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 270km/h។
ជាមួយគ្នានេះ BYD Yangwang ក៏មានជម្រើសម៉ូដែលកូនកាត់មួយទៀតផងដែរ នេះបើតាមការចុះបញ្ចីរបស់ BYD ជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេសចិន។ ហើយតាមឯកសារបង្ហាញថា ម៉ូដែលកូនកាត់ U7 Plug-in-hybrid បំពាក់នូវម៉ាស៊ីន Hybrid 2.0T កំលាំង 200kW និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ហើយនិងប្រើកញ្ចប់ថ្មអគ្គិសនីទំហំ 52.4 kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចំងាយ 180km ដោយប្រើនូវថាមពលអគ្គិសនីសុទ្ធ៕