Cybertruck គឺជាកំពូលរថយន្ត off-road SUV ខ្នាតយក្សរបស់ Tesla ដ៏មានប្រជាប្រិយភាពបំផុតចាប់តាំងពីការបង្ហាញវត្តមានលើកដំបូងក្នុងឆ្នាំ 2019 ហើយរយះពេលជិត 4 ឆ្នាំក្រោយការបង្ហាញខ្លួនទើប Tesla ប្រកាសចេញលក់ជាផ្លូវការណ៍។ រថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិកមួយនេះមានការរចនារូបរាងខាងក្រៅប្រកបដោយភាពហាប់រឹងមាំខ្លាំងមែនទែន រំលេចជាមួយការរចនាបែបជ្រុងៗ ដែលជា DNA នៃការរចនាសម្រាប់រថយន្តនាពេលអនាគត។
ថ្មីៗ Tesla បានបញ្ជាក់ថា Cybertruck បានក្លាយជារថយន្ត off-road SUV ដែលមានដំណើរការលក់ល្អបំផុតនៅទីផ្សារសហរដ្ឋ អាមេរិកប្រចាំឆ្នាំ 2024។ ដែលមានន័យថា Tesla Cybertruck លក់បានចំនួនច្រើនជាង Ford F-150 Lightning ដែលជារថយន្តអគ្គិសនី ឬ Electric Pickup ដ៏មានប្រជាប្រិយភាពបំផុតមួយនៅក្នុងទីផ្សាររថយន្ត Pickup truck ទោះបីជា F-150 Lightning របស់ Ford ហាក់រក្សា DNA រចនាបថមិនសូវផ្លាស់ប្តូរថ្មីច្រើនក៏ដោយ។
Ford F-150 Series គឺជារថយន្ត Pick up ដែលលក់ដាច់បំផុតនៅទីផ្សារសហរដ្ឋអាមេរិកជារៀងរាងរាល់ឆ្នាំក្នុងរយះពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែ នៅពេលនេះ Cybertruck របស់ Tesla បានដណ្តើមដំណែង និងប្រជាប្រិយភាពពី Ford F-150 Lightning ក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតប្រចាំឆ្នាំ។
ទោះជាយ៉ាងណា សម្រាប់ឆ្នាំ 2025 អាចនឹងមានការប្រែប្រួលទីផ្សារលក់សម្រាប់ Cybertruck ដោយសារតែមួយរយះពេលចុងក្រោយនេះ ការលក់រថយន្តមួយនេះហាក់មានការធ្លាក់ចុះបន្តិចនៅទីផ្សារសហរដ្ឋអាមេរិក ហើយ Tesla ក៏បានផ្អាកសង្វាក់ផលិតអស់រយះពេលពីរបីថ្ងៃកាលពីអំឡុងខែធ្នូ ឆ្នាំ 2024 ថែមទៀតផង។
យ៉ាងណាមិញសម្រាប់ទីផ្សារផ្សេងទៀតរបស់ Tesla Cybertruck ក្រៅពីសហរដ្ឋអាមេរិក ត្រូវបានគេព្យាករណ៍ថា អាចរក្សាបានប្រាក់ចំណូលខ្ពស់ដល់ Tesla ពីការលក់កំពូលរថយន្តមួយនេះ ខណៈពេលដែល Cybertruck នៅមិនទាន់បង្ហាញវត្តមានលក់នៅទីផ្សារប្រទេសចិនជាផ្លូវការណ៍នៅឡើយទេក្នុងពេលនេះ៕