ការរចនាផ្នែកខាងក្នុងនៃរថយន្តស៊េរីថ្មីម៉ូដែល Deepal S09 ត្រូវបានបង្ហាញចេញ ស្របពេលដែលរូបរាងទាំងស្រុងរបស់រថយន្តស៊េរីថ្មីនេះត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ 2025 CCTV Spring Festival Gala។ កាលពីខែមុនរថយន្ត Flagship SUV ស៊េរីថ្មីរបស់ Deepal ដែលជាម៉ាករថយន្តស្ថិតក្រោមការគ្រប់គ្រងរបស់ Changan មួយនេះបានបង្ហាញនៅក្នុងបញ្ចីរបស់ស្ថាប័ន MIIT របស់ប្រទេសចិន។ ដែលបញ្ជាក់ថា រថយន្តស៊េរីថ្មីមួយនេះ អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅប៉ុន្មានខែខាងមុខទៀតនេះ។
រថយន្ត Flagship SUV ម៉ូដែល Deepal S09 មួយនេះ នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយម៉ូដែល Li Auto L9 និង Aito M9។ តាមរូបភាពបានបង្ហាញថា ការរចនាផ្នែក Dashboard របស់ Deepal S09 គឺមានភាពស្រដៀងគ្នានឹង Li Auto L9។ រូបភាពបង្ហាញទៀតថា មានការបំពាក់នូវអេក្រង់ទ្រវែងដែលលាតពីផ្នែកកណ្តាលទៅដល់ផ្នែកខាងមុខកៅអីអ្នករួមដំណើរការខាងមុខ។
សម្រាប់ដៃចង្កូតវិញ មានការរចនាជារាងអក្សរ D ដែលមានបីកាំ ឬ D-shaped three-spoke flat-bottom steering wheel ប្រហាក់ប្រហែលគ្នានឹងម៉ូដែល Deepal S05។ ផ្នែកកណ្តាល (Center Console) របស់ Deepal S09 គឺអាចរំកឹលពីចន្លោះកៅអីខាងមុខទៅកៅអីជួរទីពីរបាន។ ហើយនៅខាងមុខ Center Console គឺមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ និងមានកន្លែងដាកកែវស្រា ឬកែវទឹកចំនួនពីរកន្លែងផងដែរ។
បន្ថែមពីនេះ វាក៏មានទូរទឹកកកដែលគាំទ្រមុខងារក្តៅត្រជាក់ដែលមានកម្រិតសីតុណ្ហភាពចន្លោះពី -6°C និង 50°C ហើយអាចផ្ទុកចំណុះបាន 10-លីត្រ។ រថយន្ត Flagship SUV ស៊េរីថ្មីនេះ បំពាក់កៅអីពីរជួរស្មើរនឹង 6 កៅអី រីនៅខាងក្រោយកៅអីជួរមុខក៏មានភ្ជាប់កូនតុតូចសម្រាប់អ្នកអង្គុយនៅកៅអីទីពីរប្រើសម្រាប់ការដាក់របស់របរប្រើប្រាស់ថែមទៀតផង។
ក្នុងរូបភាពបង្ហាញថានៅលើអេក្រង់ខាងក្នុងរបស់ Deepal S09 គឺប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ Huawei ហើយរថយន្តនេះ ក៏នឹងមានបំពាក់នូវប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor ដែលអាចបញ្ជាក់បានថា Deepal S09 ក៏នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយបើកបរ Qiankun ADS 3.0 assisted driving system របស់ Huawei ផងដែរ។
យោងទៅលើការបង្ហាញនៅលើបញ្ចីរបស់ស្ថាប័ន Ministry of Industry and Information Technology (MIIT) បានបញ្ជាក់ថា Deepal S09 គឺមានប្រវែងបណ្តោយ 5,205mm/ទទឹង 1,996mm/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,105mm។ Deepal S09 អាចនឹងមានតែជម្រើស EREV តែមួយប៉ុណ្ណោះ ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រពីរ។ រថយន្ត Flagship SUV ស៊េរីថ្មីនេះ នឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យា Deepal Super Range Extension 2.0 technology ដែលដំណើរការនៅលើម៉ាស៊ីន JL469ZQ1 Blue Whale HE1.5T hybrid engine ដែលអាចផលិតថាមពលបាន 110kW។
សម្រាប់ប្រព័ន្ធម៉ូទ័រវិញ គឺនឹងប្រើស៊េរី ATDM02 electric motor កំលាំងនៅផ្នែកខាងក្រោយអាចផលិតកំលាំង 231kW ខណៈម៉ូដែលប្រើម៉ូទ័រពីរនឹងបំពាក់បន្ថែមម៉ូទ័រខាងមុខមួយទៀតមានកំលាំង 131kW ស៊េរី AYDM01 electric motor។ Deepal S09 ទាំងពីរជម្រើសម៉ូដែលអាចជាន់ល្បឿន Top Speed ដល់ 205km/h។ សម្រាប់កញ្ចប់ថ្មវិញអាចនឹងប្រើស៊េរី lithium iron phosphate batteries របស់ក្រុមហ៊ុន CATL។
បើតាមប្រភពព័ត៌មានបង្ហើបថា កញ្ចប់ថ្មរបស់ Deepal S09 អាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 170km ឬ 180km នៅពេលសាកភ្លើងមួយពេញម្តង។ ប្រភពព័ត៌មានចុងក្រោយបញ្ជាក់ថា Deepal S09 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅត្រីមាសដំបូងក្នុងឆ្នាំ 2025 ហើយអាចមានតម្លៃចាប់ពីខ្ទង់ $48,300 ឡើងទៅ៕