ថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ហើយ។ នៅពេលនេះ ក្រុមហ៊ុន Honor ដៃគូរប្រជែងមួយនោះ បានបញ្ចេញនូវសារមួយត្រូលទៅលើស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung នេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បានធ្វើការបង្ហោះវីដេអូចំអកនៅលើបណ្តាញសង្គម X ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះសម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួនដែលទើបតែបង្ហាញខ្លួននៅលើទីផ្សារនោះ។ ក្រុមហ៊ុន Honor បាន បង្ហោះនូវវីដេអូដ៏គួរអោយចាប់អារម្មណ៍មួយនៅលើទំព័រ X សកលរបស់ខ្លួន។
នៅ វីដេអូក្លីបរយៈពេល 13 វិនាទីនេះ បានបង្ហាញអំពីព្រឹត្តិការណ៍ Galaxy Unpacked 2025 ហើយក៏មានការបង្ហាញនូវប្រអប់កាដូដ៏ធំមួយជាមួយនឹង tag “Gift for Sam” ។ នៅក្នុងប្រអប់នេះ ក៏មានកាតមួយសន្លឹកសរសេរថា៖ “HAPPY 25th SAM May these make it your best year yet Or use anHONOR Magic 7 Pro 5G” បើមើលទៅលើសារនេះ ក្រុមហ៊ុន Honor ហាក់ដូចជាធ្វើការត្រូលទៅលើស្មាតហ្វូន Samsung Galaxy S25 series ដោយសារតែមុខងាររបស់ស្មាតហ្វូននេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេសទៅលើផ្នែកថតរូបភាព។
ស្មាតហ្វូនជំនាន់ថ្មី Magic 7 Pro គឺមានសិនស័រកាមេរ៉ាកម្រិតខ្ពស់ និងមុខងារថ្មីៗជាច្រើន។ ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវ Supersonic periscope lens និងបច្ចេកវិទ្យា AI ជាច្រើនដែលធ្វើអោយស្មាតហ្វូននេះមានកាមេរ៉ាដ៏ល្អឥតខ្ចោះធៀបជាមួយនឹងម៉ាកយីហោស្មាតហ្វូនជាច្រើនទៀតនៅលើទីផ្សារ។ ក្រុមហ៊ុន Honor និង Samsung ត្រូវគេចាត់ទុកថា គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតនៅក្នុងទីផ្សារសកលលោក។
សូមជំរាបថា ក្រុមហ៊ុន Honor បានបង្ហាញនូវស្មាតហ្វូនថ្មី Magic 7 Pro របស់ខ្លួនរួចរាល់ហើយ។ ស្របពេលជាមួយគ្នានេះក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវស្មាតហ្វូនGalaxy S25 Series នៅថ្ងៃទី 22 ខែមករានេះដូចគ្នា។ ដូច្នេះ នេះ គឺជាពេលដែលក្រុមហ៊ុន Honor អាចធ្វើការត្រូលទៅលើក្រុមហ៊ុន Samsung បានជាមួយនឹងវត្តមានស្មាតហ្វូន Magic ដ៏ខ្លាំងក្លារបស់ខ្លួន៕