ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Find X8 និង Find X8 Pro កាលពីឆ្នាំមុន (2024) ខណៈក្រុមហ៊ុន ក៏ត្រៀមប្រកាសចេញម៉ូដែលកំពូលមួយទៀត គឺ Find X8 Ultra នៅត្រីមាសដំបូងឆ្នាំនេះ។ ហើយថ្មីៗនេះ បើតាមការទម្លាយចេញនៅលើគណនី Digital Chat Station បានបង្ហើបថា OPPO នឹងមានការផ្លាស់ប្តូរធំសម្រាប់កំពូលស្មាតហ្វូនម៉ូដែល Ultra របស់ខ្លួនដែលចេញនៅឆ្នាំនេះ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា OPPO Find X8 Ultra នឹងមានការផ្លាស់ប្តូរមកប្រើអេក្រង់រាបស្មើរជំនួសឲ្យអេក្រង់កោងដែលប្រើនៅលើជំនាន់ Find X7 Ultra។ Digital Chat Station បានបន្ថែមទៀតថា OPPO ក៏នឹងប្រើបច្ចេកវិទ្យាអេក្រង់ LIPO ឬ Low-Injection Pressure Overmolding packaging technology ដើម្បីជួយកាត់បន្ថយទំហំគែម bezel អេក្រង់ឲ្យតូចស្តើងបំផុត។ សម្រាប់បច្ចេកវិទ្យាអេក្រង់ LIPO Technology នេះ Xiaomi ក៏បានប្រើនៅលើ Xiaomi 15 Series រួចហើយ ហើយ Xiaomi ក៏ត្រៀមប្រើបច្ចេកវិទ្យាអេក្រង់នេះនៅលើកំពូលស្មាតហ្វូន Xiaomi 15 Ultra ផងដែរ។
OPPO Find X8 Ultra នឹងប្រើប្រាស់នូវសែនស័រកាមេរ៉ា 6X periscope zoom ទំហំ 50MP ស៊េរី Sony IMX 882 sensor ដែលជាការ Upgrade ពីសែនស័រ Periscope កម្រិត 5Xស៊េរី IMX858 នៅលើ Find X7 Ultra។ ចំនែកសែនស័រ 3X Periscope ក៏នឹងមានការ Upgrade មកប្រើសែនស័រ IMX 906 ទំហំ 50MP ខ្នាត 1/1.56-inch ផងដែរ។ នៅលើកញ្ចប់លែន 4 គ្រាប់ដែលត្រៀមបំពាក់នៅលើ Find X8 Ultra ក៏នឹងមាននូវសែនស័រ Ultrawide ទំហំ 50MP ស៊េរី IMX 882 និងសែនស័រគោលទំហំ 50MP ស៊េរី LYT900 ដែលប្រើនៅលើ Find X7 Ultra ឆ្នាំមុន។ OPPO បានគេសហការជាមួយក្រុមហ៊ុន Hasselblad ដើម្បីប្រើប្រាស់កញ្ចប់លែននៅលើកំពូលស្មាតហ្វូន Find X-Series របស់ខ្លួន។
បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា OPPO Find X8 Ultra នឹងបំពាក់នូវថ្មទំហំ 6,000mAh គាំទ្របច្ចេកវិទ្យា សាកភ្លើងល្បឿនលឿនកំលាំង 100W Wired Fast Charging។ កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ OPPO មួយនេះ ក៏នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite រួមនឹងគាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ Ultrasonic Fingerprint scanner ហើយនិងបច្ចេកវិទ្យាការពារទឹក និងធូលីដីកម្រិត IP68/69 ថែមទៀតផង។ បើតាមប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា OPPO Find X8 Ultra នឹងបង្ហាញវត្តមានជាលើកដំបូងនៅក្នុងប្រទេសចិនក្នុងខែមីនា ឆ្នាំ 2025 ខណៈការបង្ហាញវត្តមាននៅលើទីផ្សារសកល គឺមិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយទេ៕