កាលពីម្សិលមិញនេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy A56, A36 និង A26 ត្រូវបានគេប្រទះឃើញថា បានបង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាព TÜV Rheinland Certifications ស្របពេលជាមួយគ្នានេះ ក៏មានការលេចចេញនូវឯកសារថ្មី FCC Documents បញ្ជាក់ពីស្មាតហ្វូន Galaxy A56 ផងដែរ។ សម្រាប់ស្មាតហ្វូនមានលេខម៉ូដែល SM-A566E/DS គឺមានការជាស្មាតហ្វូន Samsung Galaxy A56 ទ្រទ្រង់ជាមួយនិងស៊ីមពីរ។ នៅក្នុងនោះ ក៏មានឯកសារថ្មីមួយ បង្ហាញពីការប្រើឆ្នាំងសាក 10V 4.5A charging ដែលមានកម្រិត 45W ធ្លាប់បានបញ្ជាក់ពីមុនមកដូចគ្នា។
ប្រសិនបើជាការពិតមែននោះ ស្មាតហ្វូន Samsung Galaxy A56 នេះ នឹងមានកម្រិតសាកថ្ម ខ្ពស់ជាងស្មាតហ្វូនថ្នាក់ប្រណិត Galaxy S25 ដែលប្រើប្រាស់ត្រឹមតែ 25W ប៉ុណ្ណោះ។ យ៉ាងណាមិញនៅលើ FCC គឺមានការធ្វើតេស្តជាមួយ EP-TA800 ផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺមានការគាំទ្រនូវបច្ចេកវិទ្យា 5G ដែលមានកម្រិត 1, 3, 5, 7, 8, 20, 28, 38, 40, 41, 66, 77, 78 និង Wi-Fi 6 (ax) រួមនិង Bluetooth 5.3 ហើយនិង NFC ផងដែរ។
Samsung Galaxy A56 ត្រូវគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 1580 ថ្មទំហំ 5,000mAh ខណៈដែល Galaxy A36 មានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 45W charging ដោយម៉ូដែលនេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 6 Gen 3 ឬ the 7s Gen 2។ គួរបញ្ជាក់ថា កាលពីខែមុននេះ មានការបែកធ្លាយថ្មីមួយនិយាយថា ស្មាតហ្វូន Galaxy A56 អាចនឹងមានតម្លៃប្រហែល £440 ដូចគ្នាជាមួយនិង A55 ដែលបង្ហាញខ្លួនកន្លងមក។