ថ្មីៗនេះ សហរដ្ឋអាមេរិក ទើបតែធ្វើការដាក់គំនាបទៅលើការបង្កើនពន្ធថ្មីទៅលើទំនិញជាច្រើនរបស់ចិន។ សម្រាប់ពន្ធទាំងនេះបានធ្វើអោយមានការកើនឡើងតម្លៃសម្រាប់អាជីវកម្មជាច្រើន និងអ្នកប្រើប្រាស់ចុងក្រោយនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ការកើនឡើងនៃតម្លៃខ្ពស់នេះ ក៏បានធ្វើអោយមានការលក់ធ្លាក់ចុះនៅក្នុងទីផ្សារសហរដ្ឋអាមេរិកដូចគ្នា។ ជាការឆ្លើយតប ប្រទេសចិន ក៏បានប្រកាសនូវវិធានការសងសឹកនៅក្នុងសង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិននេះផងដែរ។
នៅពេលនេះ និយតករទីផ្សាររបស់ប្រទេសចិន តាមរយៈរដ្ឋបាលរដ្ឋសម្រាប់បទបញ្ជាទីផ្សារ (SAMR) ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងរៀបចំការស៊ើបអង្កេតលើគោលការណ៍ App Store របស់ Apple។ ការស៊ើបអង្កេតនេះ គឺធ្វើទៅលើ ការយកកម្រៃជើងសារ 30% របស់ Apple លើការទិញក្នុងកម្មវិធី និងការរឹតបន្តឹងលើសេវាកម្មទូទាត់ភាគីទីបី និងនៅលើ App Stores។ សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតកាលពីឆ្នាំ 2024 ដែលរកឃើញថា កម្រៃជើងសាររបស់ Apple គឺមានភាពយុត្តិធម៌ត្រឹមត្រូវ ប៉ុន្តែកិច្ចពិភាក្សារវាងនិយតកររបស់ចិន ក្រុមហ៊ុន Apple និង Developers គឺនៅតែបន្តចាប់ពីពេលនោះមក។
សម្រាប់ព័ត៌មាននៃការការស៊ើបអង្កេតនេះ បានធ្វើអោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple មានការធ្លាក់ចុះ 3% ។ វិនិយោគិនជាច្រើន មានការព្រួយបារម្ភថា ការបង្កើនការត្រួតពិនិត្យនៅក្នុងប្រទេសចិននេះ អាចធ្វើអោយប៉ះពាល់ទៅលើអាជីវកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារធំបំផុតមួយនេះ។ ក្រុមហ៊ុន Apple មិនទាន់ឆ្លើយតបទៅនឹងការស៊ើបអង្កេតនេះទេ ហើយអាជ្ញាធររបស់ចិនក៏មិនទាន់បញ្ជាក់ជាផ្លូវការអំពីការស៊ើបអង្កេតនេះផងដែរ។
ប្រទេសចិន ក៏កំពុងតែធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Google ក្រោមច្បាប់ប្រឆាំងការផ្តាច់មុខដែរ។ បើទោះបីជាព័ត៌មានលម្អិតមិនទាន់បានទម្លាយនៅឡើយទេនោះ របាយការណ៍ជាច្រើន បានបញ្ជាក់ថា ការស៊ើបអង្កេតនេះអាចនឹងពាក់ព័ន្ធទៅនឹង Android OS របស់ក្រុមហ៊ុន Google ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន PVH Corp. ដែលជាក្រុមហ៊ុនធំរបស់ Calvin Klein និង Tommy Hilfiger ក៏ដាក់នៅក្នុងបញ្ជីនៃក្រុមហ៊ុនមិនគួរអោយជឿជាក់របស់ចិនផងដែរ។
កាលពីពេលមុននេះ ក្រុមហ៊ុន Apple ក៏ស្វែងរកនូវការលើកលែងពន្ធពីសហរដ្ឋអាមេរិក ហើយក៏ទទួលបាននូវភាពជោគជ័យផងដែរ។ ប៉ុន្តែសម្រាប់ព័ត៌មានចុងក្រោយនេះ ពន្ធគយ គឺមិនលើកលែងអោយក្រុមហ៊ុន Apple ទៀតនោះទេដែលធ្វើអោយមានការកើនឡើងទៅលើតម្លៃនៃការផលិត និងប៉ះពាល់ទៅលើតម្លៃសម្រាប់ទៅអ្នកប្រើប្រាស់ចុងក្រោយនៅក្នុងសហរដ្ឋអាមេរិកដូចគ្នា៕