ក្រុមហ៊ុន Samsung Electronics បានធ្វើការប្រកាសចេញលក់ស្មាតហ្វូន Galaxy S25 និង S25 Ultra ម៉ូដែលពិសេសហៅថា Enterprise Edition នៅទីផ្សារអឺរ៉ុប។ Galaxy S25 និង S25 Ultra Enterprise Edition មានលក្ខណៈពិសេសជាងម៉ូដែលស្តង់ដារបន្តិច ហើយក៏ជាម៉ូដែលពិសេសដំបូងប្រចាំឆ្នាំផងដែរ។
Galaxy S25 និង S25 Ultra Enterprise Editions អាចធ្វើការបញ្ជាទិញជាមុននៅទូទាំងទ្វីបអឺរ៉ុប ដោយម៉ូដែលពិសេសនេះ បានផ្តល់ជូននូវអត្ថប្រយោជន៍ដូចម៉ូដែលពិសេសកាលពីជំនាន់មុនដែរ ពោល គឺពួកវាទទួលបានការប្រើប្រាស់នូវសេវាគាំពារជាមួយ Samsung Knox suite រយៈពេល 1 ឆ្នាំដោយឥតគិតថ្លៃ សម្រាប់ការគាំទ្រអាជីវកម្មដែលធ្វើឲ្យប្រសើរឡើងរយៈពេល 3 ឆ្នាំ និងការអាប់ដេតផ្នែកទន់ (software) និងប្រព័ន្ធសុវត្ថិភាព Security patches រយៈពេល 7 ឆ្នាំដូចគ្នាទៅនឹងម៉ូដែលស្តង់ដារដែរ។
ជាមួយប្រព័ន្ធមុខងារ Samsung Knox Suite គឺអនុញ្ញាតឱ្យនាយកដ្ឋានព័ត៌មានវិទ្យា ឬ IT Department របស់ Samsung អាចធ្វើការគ្រប់គ្រងទូរសព័ន្ទពីចម្ងាយ ខណៈពេលដែលផ្តល់ការការពារកាន់តែប្រសើរឡើងក្នុងការប្រឆាំងនឹងមេរោគ និងការគំរាមកំហែងផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងទៀត។
Galaxy S25 និង S25 Ultra Enterprise Editions ក៏ភ្ជាប់មកជាមួយឧបករណ៍ផលិតភាពខ្ពស់របស់ Microsoft និង Google Cloud ដែលបានដំឡើងមករួចជាស្រេចផងដែរ។ យ៉ាងណាមិញសម្រាប់ផ្នែកទូទៅដូចជា ការរចនារូបរាង ប្រព័ន្ធកាមេរ៉ា និងកំលាំងម៉ាស៊ីនរបស់ម៉ូដែលពិសេសទាំងពីរ គឺដូចគ្នាបេះបិទទៅនឹង Galaxy S25 និង S25 Ultra ស្តង់ដារ។
Samsung Galaxy S25 Ultra Enterprise Edition មានជម្រើសតែពណ៌ខ្មៅ Titanium Black និងជម្រើសម៉ូដែលរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ប៉ុណ្ណោះ ដែលមានតម្លៃខ្ទង់ £1,269 ឬប្រហែល $1,581 រីម៉ូដែល Galaxy S25 Enterprise Edition គឺមានតែពណ៌ទឹកប្រាក់ហៅថា Silver Shadow និងមានរ៉េមទំហំ 12GB ជាមួយម៉េមូរីទំហំ 128GB ហើយនិងមានតម្លៃខ្ទង់ £819 ឬប្រហែល $1,020.56៕