កាលពីថ្ងៃ 21 ខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន BYD បានប្រកាសដាក់លក់មុនទៅលើរថយន្ត Denza N9 ជាមួយតម្លៃចាប់ពី 450,000 យ៉ន់ទៅ 550,000 យ៉ន់ ដែលប្រហែលជា 62,000 ដុល្លារទៅ 76,000 ដុល្លារ។ ចំពោះ BYD Denza N9 ម៉ូដែល PHEV នឹងមានការបង្ហាញវត្តមានជាលើកដំបូងនៃខែមីនាខាងមុខនេះបន្ទាប់ពីវត្តមានម៉ូដែលអគ្គិសនីសុទ្ធ។ Denza N9 ត្រូវបានគេបញ្ជាក់ថា គឺមានបំពាក់នូវប្រព័ន្ធ DiSus-A intelligent air របស់ BYD ហើយនិងដំណើរការដោយ e3 platform។
សូមជំរាបថា ថ្មីៗនេះ អ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុន Denza របស់ BYD លោក Zhao Changjiang បានបញ្ជាក់នៅក្នុងវីដេអូនៅលើបណ្តាញសង្គមថា រថយន្តស៊េរីថ្មី Denza N9 នឹងមកដល់ផ្លូវការណ៍នៅក្នុងខែមីនា ខាងមុខនេះ។ រថយន្ត SUV ប្រណិតស៊េរីថ្មីមួយនេះ បានបង្ហាញវត្តមានផ្លូវការណ៍នៅក្នុង Showroom របស់ក្រុមហ៊ុនចាយចាយបន្តនៅក្នុងប្រទេសចិន ហើយការទទួលការបញ្ជាទិញមុននឹងចាប់ផ្តើមហើយ ។
បើតាមប្រភពព័ត៌មានកន្លងមកបង្ហាញថា Denza N9 SUV នឹងមានមកជាមួយជម្រើសម៉ូដែលកូនកាត់ ឬ Hybrid ដែលមានបំពាក់នូវកញ្ចប់ថ្មដែលសាកពេញម្តងអាចបើកបានចម្ងាយផ្លូវ 200km ដោយថាមពលថ្មសុទ្ធមិនប្រើម៉ាស៊ីន ដែលមានចម្ងាយឆ្ងាយជាងបើធៀបនឹងរបាយការណ៍មុនដែលបញ្ជាក់ថាអាចបើកបានត្រឹម 165km។ រថយន្ត SUV ពេញខ្នាត Denza N9 ស៊េរីថ្មីនេះ មានប្រវែងបណ្តោយ 5,258mm/ ទទឹង 2,030mm/ កំពស់ 1,830mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125mm។ Denza N9 ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង e3-Platform ដូចគ្នានឹងម៉ូដែល Denza Z9 និង D9 ដែរ ហើយរថយន្តស៊េរីថ្មីក៏នឹងគាំទ្រនូវប្រព័ន្ធសុវត្ថិភាពជំនួយក្នុងការការបើកបរដូចជា tank turning, crab walking, និង rear-wheel steering ថែមទៀតផង។
សម្រាប់ Denza N9 PHEV ឬ Plug-in-hybrid គឺនឹងបំពាក់នូវម៉ាស៊ីន Hybrid កំលាំង 152kW ភ្ជាប់ដំណើរការជាមួយប្រព័ន្ធម៉ូទ័រចំនួនបីដែលមានកំលាំង 200kW/240kW និង 240kW ដែលមានកំលាំងសរុបដល់ 680kW។ តាមរយះរូបភាពបានបង្ហាញថានៅខាងក្នុង Denza N9 មានបំពាក់នូវអេក្រង់ធំៗចំនួន 3, មានមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ Head-up display, ដៃចង្កូតរចនាបថ 4 កាំ ឬ four-spoke multi-function steering wheel និងប្រព័ន្ធសំឡេងប្រភេទ retractable sound system។
រថយន្ត Full-size SUV ស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធប្រអប់លេខអេឡិចត្រូនិចហៅថា electronic gear shifter, មានកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ Dual-Wireless Phone Charging, មានទូរទឹកកក, កៅអីជួរទីពីរជាប្រភេទកៅអីឯករាជ្យហៅថា dual independent second-row seats, ដំបូលបើក Panoramic sunroof និងមានអេក្រង់មួយទៀតភ្ជាប់នៅលើដំបូល ឬហៅថា Ceiling-mount display ថែមទៀតផង។
BYD Denza N9 ធ្លាប់ត្រូវបានបង្ហាញវត្តមាននៅក្នុងទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេសសម្រាប់ការធ្វើតេស្តបើកបរ ដោយមិនមានការបិតបាំងអ្វីទាំងអស់។ BYD ធ្លាប់បានលើកឡើងថា ម៉ាករថយន្ត Denza របស់ខ្លួន នឹងមានវត្តមាននៅទីផ្សារអឺរ៉ុប ហើយ Denza N9 គឺនឹងបង្ហាញវត្តមាននៅទីផ្សារនេះផងដែរ បច្ចុប្បន្ន Denza បានក្លាយជាម៉ាករថយន្តដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសចិន ហើយ N9 នឹងជារថយន្តដំបូងរបស់ Denza ដែលត្រៀមជើងឈានចូលទឹកដីនៃទីផ្សារខាងប៉ែកអឺរ៉ុប៕