Toyota bZ4x គឺជាឡានអគ្គិសនីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើទីផ្សារប្រទេសកម្ពុជាយើង ហើយវាមានទាំងប្រភេទប្រើប៉ុង 1 (FWD) និង ប្រភេទប្រើប៉ុង 2 (AWD) ដែលជាប្រភេទ Full Option។ តើអ្វីខ្លះជាចំណុចខុសគ្នារវាង bZ4x ប្រើប៉ុង 1 (FWD) និង ប្រើប៉ុង 2 (AWD)។ សម្រាប់ប្រភេទប៉ុង 1 (FWD) ប្រើម៉ូទ័រអគ្គិសនី 1 មានកម្លាំង 201 HP និង កម្លាំងរមួល 266 NM អាចបើកបរបានរហូតដល់ទៅ 615 KM នៅពេលសាកភ្លើងពេញម្តង ខណៈប្រភេទប៉ុង 2 (AWD) ប្រើម៉ូទ័រអគ្គិសនី 2 មានកម្លាំង 215 HP និង កម្លាំងរមួល 338 NM អាចបើកបរបានត្រឹមតែ 560 KM នៅពេលសាកភ្លើងពេញម្តង។
ចំពោះការឌីហ្សាញផ្នែកខាងក្រៅ ពួកវាក៏មានចំណុចខុសគ្នាមួយចំនួនដែរ ដូចជា៖
•ប្រភេទប៉ុង 2 ប្រើក្រូមេ ក្រោមប៉ាណាមុខ ខណៈប្រភេទប៉ុង 1 ប្រើជ័រ ក្រោមប៉ាណាមុខ
•ប្រភេទប៉ុង 2 ប្រើគម្របមុខមានហាយឡាយពណ៌ខ្មៅ ទឹកថ្នាំ ខណៈប្រភេទប៉ុង 1 ប្រើជ័រគ្រើម
•ប្រភេទប៉ុង 2 ប្រើយ៉ាន់កង់ ទំហំ 20 អ៊ីញ ជាប្រភេទអ៊ីណុក ខណៈប្រភេទប៉ុង 1 ប្រើយ៉ាន់កង់ ទំហំ 18 អ៊ីញ ជាប្រភេទជ័រ
•ប្រភេទប៉ុង 2 ប្រើស៊ុមទ្វារ ជាប្រភេទអ៊ីណុក ខណៈប្រភេទប៉ុង 1 ប្រើជ័រ
•ប្រភេទប៉ុង 2 ប្រើបន្ទះទ្វារ ជាប្រភេទទឹកថ្នាំ ខណៈប្រភេទប៉ុង 1 ប្រើជ័រ
•ប្រភេទប៉ុង 2 ប្រើ Spoiler ខាងក្រោយវែង ខណៈប្រភេទប៉ុង 1 ប្រើ Spoiler ខាងក្រោយខ្លី
ក្រៅពីនោះ នៅលើរថយន្តនេះ ក៏នូវមានចំណុចពិសេសមួយទៀត គឺ ការបំពាក់មុខងារ X-Mode សម្រាប់ការបើកបរលើផ្លូវពិបាកៗ (AWD) vs អត់មាន (FWD) ក៏ដូចជា Sensor ដាស់តឿនអ្នកបើកបរ ស្ថិតនៅក្រោយដៃចង្កូត (AWD) vs អត់មាន (FWD) ផងដែរ។ ថ្វីបើមានលក្ខណៈខុសគ្នាមួយចំនួន ប៉ុន្តែមិនមែនមានន័យថា bZ4x ប្រភេទប៉ុង 1 អន់ជាងនោះទេ ពីព្រោះថា ពួកវាទាំង 2 នៅតែមានលក្ខណៈពិសេសផ្សេងទៀតជាច្រើនដូចគ្នា។
ជាក់ស្តែង រថយន្តនេះ ក៏មានការប្រើប្រាស់នូវគ្រោងឆ្អឹងប្រភេទ e-TNGA ដែលចូលរួមសហការណ៍ផលិតដោយ Toyota និង Subaru បង្កើតបានជាឡាន SUV អគ្គិសនីដ៏មានគុណភាពមួយ ទាំងធន់ ទាំងខ្លាំង ទាំងសុវត្ថិភាព ហើយក៏គាំទ្រការសាកភ្លើងល្បឿនលឿនដែរ ដោយសាកភ្លើងពី 30-80% ប្រើពេលត្រឹមតែ 50 នាទីប៉ុណ្ណោះ៕