កាលពីឆ្នាំមុននេះ ក្រុមហ៊ុន iQOO បានបង្ហាញស្មាតហ្វូន iQOO 13 នៅក្នុងប្រទេសចិននៅខែតុលាហើយបន្ទាប់មកក៏មានវត្តមានស្មាតហ្វូន Neo 10 និងNeo 10 Pro នៅខែវិច្ឆិកា។ នៅថ្ងៃនេះ យោងតាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Smart Pikachu បាននិយាយពីស្មាតហ្វូន iQOO 15 និង iQOO Neo 11 series ហើយ ដោយម៉ូដែលថ្មីៗនេះ នឹងបង្ហាញខ្លួននៅចុងឆ្នាំ 2025 នេះ ជាមួយនឹងមានការ upgrade ច្រើនគួរអោយកត់សម្គាល់។
បើមើលទៅលើការបែកធ្លាយនេះ បានអោយដឹងថា ស្មាតហ្វូន iQOO 15 series នេះមានកម្រិតភាពច្បាស់ 2K resolution គាំទ្រជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-screen fingerprint scanner និង AR (anti-reflective) coating។ ជាមួយគ្នានេះ បើតាមការបែកធ្លាយមួយចេញពី DCS វិញ គឺបានទម្លាយថា ស្មាតហ្វូន iQOO 15 Pro នេះនឹងមានអេក្រង់ទំហំ 6.85-អ៊ីង 2K LTPO OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ជាមួយនឹងបច្ចេកវិទ្យា LIPO (Low-Temperature Polycrystalline Oxide ។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ 7,000mAh។
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះក៏មានកាមេរ៉ា Periscope Telephoto ផងដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ នៅមិនទាន់មានការបញ្ជាក់អំពីអេក្រង់ និងទំហំថ្មរបស់ស្មាតហ្វូន iQOO 15 នៅឡើយទេ ប៉ុន្តែបើតាមការបែកធ្លាយមុននេះ បាននិយាយថា ស្មាតហ្វូន iQOO 15 នេះ នឹងមាន 2 ម៉ូដែល រួមមានម៉ូដែល iQOO 15 និង iQOO 15 Pro។ ការផ្លោះលេខម៉ូដែលនេះ គឺដោយសារតែលេខ 4 ត្រូវបានគេនិយាយថា គឺជាលេខមិនសូវប្រើប្រាស់សម្រាប់ប្រទេសនៅអាស៊ាន។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 8 Elite 2 ដែលបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំ 2025 ខាងមុខ ហើយសម្រាប់ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងខែនេះ។
តាមការបែកធ្លាយខាងលើនេះ បានបន្តថា ស្មាតហ្វូន Neo 11 series នេះ គឺតេស្តជាមួយនឹងអេក្រង់កម្រិត 2K resolution ជាមួយនឹងសេនស័រ ultrasonic in-screen fingerprint sensor។ គួររំលឹកផងដែរ ស្មាតហ្វូនជំនាន់មុននេះគឺប្រើប្រាស់នូវ ultrasonic fingerprint ប៉ុន្តែអេក្រង់នេះទ្រទ្រង់តែ 1.5K resolution ប៉ុណ្ណោះ។ ការបែកធ្លាយថ្មីមួយបញ្ជាក់ថា ស្មាតហ្វូន Neo 11 series នឹងមានថាមពលថ្មទំហំ 7,000mAh ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថានឹងមានគែមលោហធាតុឬយ៉ាងណា។
យោងតាមព័ត៌មានចុងក្រោយបំផុតរបស់ស្មាតហ្វូន Neo 11 series នេះ ក៏មានការចែករំលែកចេញពី Smart Pikachu ដែលអះអាងថា ស្មាតហ្វូននេះ នឹងបន្តប្រើប្រាស់អេក្រង់រាបស្មើ និងបច្ចេកវិទ្យា 100W fast charging ។ ស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំ 2025 នេះ។ ស្មាតហ្វូន standard iQOO Neo 11 អាចនឹងមានបន្ទះឈីប Snapdragon 8 Elite ខណៈពេលដែលស្មាតហ្វូន Neo 11 Pro នឹងមានបន្ទះឈីប Dimensity 9500៕