រថយន្តអគ្គិសនី Toyota bZ4X គឺម៉ូដែលថ្មីមួយដើម្បីឆ្លើយតបទៅនឹងរថយន្ត Tesla Model Y និងរថយន្តអគ្គិសនីប្រភេទ SUV ដែលមានទំហំប្រហាក់ប្រហែលគ្នាផ្សេងទៀតនៅលើទីផ្សារបច្ចុប្បន្ន។ bZ4X គឺជារថយន្តអគ្គិសនីរបស់ Toyota ដែលទទួលបានប្រជាប្រិយភាពបំផុតនៅលើទីផ្សារ ជាពិសេសនៅទីផ្សារអាមេរិករថយន្តអគ្គិសនីរបស់ជប៉ុនមួយនេះ មានការលក់កើនឡើងទ្វេរដងកាលពីឆ្នាំទៅមិញ។ អ្វីដែលការកត់សំគាល់ Toyota បានធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ឆ្នាំ 2026 នៃរថយន្ត bZ4X សម្រាប់ទីផ្សារអឺរ៉ុប ដែលនឹងមានលក្ខណៈល្អប្រសើរជាងម៉ូដែលមុន។ ហើយ bZ4X ស៊េរីថ្មីឆ្នាំ 2026 ក៏នឹងមានលក់នៅទីផ្សារអាមេរិកផងដែរ។
Toyota bZ4X ថ្មីឆ្នាំ 2026 ទទួលបានការបំពាក់នូវកញ្ចប់ថ្មថ្មីដែលមានទំហំ 57.7kWh ជាប្រភេទកញ្ចប់ថ្ម Lithium-ion ដែលបានប្រើលើម៉ូដែល C-HR+ និងនៅលើម៉ូដែល FWD។ bZ4X ថ្មីនេះ ដំណើរការលើម៉ូទ័រអគ្គិសនីមួយកំលាំង 165 សេះ ហើយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 445km។
Toyota bZ4x ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់មានចំនួន 2 ម៉ូដែលជាមួយការបំពាក់កញ្ចប់ថ្មទំហំ 73.1kWh។ មួយម៉ូដែលរបស់ bZ4X បំពាក់នូវមួយអគ្គិសនីមួយមានកំលាំង 221 សេះ និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 573km។ រីមួយម៉ូដែលទៀតដែលជា Flagship AWD បំពាក់នូវម៉ូទ័រអគ្គិសនីពីរដែលមានកំលាំងសរុប 338 សេះ ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 520km។
ទន្ទឹមនឹងនេះ bZ4X ស៊េរីថ្មីនេះ គឺទទួលបានការបង្កើននៅប្រសិទ្ធិភាពថ្មជាមួយមុខងារ battery pre-conditioning ដែលអនុញ្ញាតឲ្យការសាកភ្លើងចូលបានលឿនរហ័សជាងមុននៅក្នុងស្ថានភាពត្រជាក់។ ឆ្នាំងសាក AC Charger នៅលើមុខងារ high-spec models ត្រូវបានបង្កើនល្បឿនលឿនជាងមុនឡើងដល់ 22kW ខ្ពស់ជា 11kW នៅលើស៊េរីមុន ប៉ុន្តែ សម្រាប់មុខងារ DC Charging កំលាំអ 150kW គឺរក្សានៅដូចមុនដដែល។ Toyota បានអះអាងថា ការសាកបំពេញថាមពលថ្មពី 10-80% ចាយពេលប្រមាណ 30 នាទី។ សម្រាប់សមត្ថភាពក្នុងការផ្ទុកទំងន់វិញ bZ4X អាចធ្វើបានដល់ 1,500kg។
នៅផ្នែកខាងក្នុង bZ4X ស៊េរីថ្មី ក៏មានការកែប្រែថ្មីមួយចំនួនផងដែរពីជំនាន់មុនដូចជាអេក្រង់បង្ហាញព័ត៌មានរថយន្ត digital instrument cluster និងការបំពាក់នូវអេក្រង់កម្សាន្តថ្មីដែលមានទំហំ 14-inch រួមទាំងបំបាត់នូវមុខងារគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីនត្រជាក់ដាច់ដោយឡែកដែលមាននៅលើជំនាន់មុនជាដើម។ ទោះជាយ៉ាងណា Toyota មិនទាន់បានប្រកាសប្រាប់ពីតម្លៃរបស់ The New bZ4X ស៊េរីថ្មីឆ្នាំ 2026 នៅឡើយទេ៕