ផ្លាកសញ្ញារបស់ Xiaomi SU7 Ultra ត្រូវបានចោលួចគាស់យកទៅបាត់នៅក្នុងប្រទេសចិន ហើយនេះជាករណីដំបូងបំផុត។ ស្លាកសញ្ញា MI ដែលផលិតពីមាសសុទ្ធ 24K មានទំហំត្រឹម 0.3 ក្រាមត្រូវបានគេដឹងថាមានតម្លៃត្រឹមតែ 29 ដុល្លារប៉ុណ្ណោះ ប៉ុន្តែ អ្នកលក់បន្តផ្តល់ជូនដើម្បីទិញផ្លាកសញ្ញានេះវិញក្នុងតម្លៃរហូតដល់ 200 ដុល្លារនៅលើវេទិកាទិញទំនិញអនឡាញមួយ។ ហេតុការណ៍នេះធ្វើឱ្យម្ចាស់រថយន្តមានការព្រួយបារម្ភ ចំពោះស្លាកសញ្ញាដែលបំពាក់នៅលើរថយន្តរបស់ខ្លួន។
នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានរៀបចំនូវអ្វីដែលពិសេសសម្រាប់ក្រុមអតិថិជនដំបូងនៃម្ចាស់កំពូលរថយន្តអគ្គិសនី Xiaomi SU7 Ultra ដែលនោះ គឺជាផ្លាកសញ្ញារថយន្តពិសេសដែលមានពណ៌មាសផលិតពីមាសសុទ្ធ 24K នៅលើវា។ នៅពេលបានប្រកាស វាបានបង្កើនការព្រួយបារម្ភយ៉ាងឆាប់រហ័សទាក់ទងនឹងផ្លាកសញ្ញាដែលត្រូវបានគេលួចយកទៅលក់ដើម្បីយកប្រាក់។ ជាការឆ្លើយតបនឹងករណីដែលបានកើតឡើងនេះ លោក Lei Jun បានបង្ហោះសារនៅលើគណនី Weibo របស់លោកថា “មាសនៅលើផ្លាកសញ្ញា MI គឺគ្រាន់តែជាស្រទាប់ស្តើងប៉ុណ្ណោះ។ អ្នកទាំងអស់គ្នា សូមកុំលួចយកវាធ្វើអី - វាមិនសមនឹងធ្វើឲ្យអ្នកមានការបំពានច្បាប់សម្រាប់ចំនួនមាសដ៏តិចតួចនោះទេ”។
ថ្មីៗនេះមានការបង្ហោះនៅលើកម្មវិធី LittleRedNote ដែលបានបង្ហាញពីរថយន្ត Xiaomi SU7 Ultra ត្រូវបានគេលួចគាស់យកស្លាកសញ្ញាដែលបំពាក់នៅលើក្បាលរថយន្តទៅបាត់។ ចំពោះឧបទ្ទវហេតុនេះបានធ្វើឱ្យម្ចាស់ SU7 Ultra មានការខកចិត្ត និងបង្កើនការព្រួយបារម្ភក្នុងចំណោមម្ចាស់រថយន្តផ្សេងទៀតអំពីសុវត្ថិភាពនៃផ្លាកសញ្ញា Xiaomi SU7 Ultra របស់ពួកគេ។ យោងតាមអ្នកសរសេរប្លុករថយន្តម្នាក់ដែលបានផ្ញើផ្លាកសញ្ញា SU7 Ultra របស់គាត់ទៅហាងមាសមួយ ហើយបានរំលាយមើល ដោយគាត់បាននិយាយថាផ្លាកសញ្ញានេះ គឺមានមាស 24K ត្រឹមតែ 0.3 ក្រាមប៉ុណ្ណោះ ដែលស្មើនឹងតម្លៃប្រហែល 29.22 ដុល្លារ បើយោងទៅតាមតម្លៃហាងឆេងមាសបច្ចុប្បន្ន។
ដោយឡែកនៅលើ XianYu ដែលជាវេទិកាផ្សព្វផ្សាយពាណិជ្ជទំនិញកម្មអនឡាញដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន គេឃើញគេកំពុងលក់ផ្លាកសញ្ញាមាស 24K របស់ Xiaomi SU7 Ultra ក្នុងតម្លៃដល់ទៅ 200 ដុល្លារឯណោះ។ ហើយក៏មានការដាក់លក់ផ្លាកសញ្ញារថយន្ត Xiaomi SU7 Ultra ដែលបោះពុម្ពជា 3Dក្លែងក្លាយផងដែរ ដែលមានតម្លៃចាប់ពី 4 ដុល្លារដល់ 40 ដុល្លារ ដែលត្រូវបានគេរំពឹងថា នឹងកំណត់គោលដៅសម្រាប់អ្នកប្រើប្រាស់រថយន្ត Xiaomi SU7 Series តែម្តង។
សូមបញ្ជាក់ថា Xiaomi SU7 Ultra គឺជាកំពូលរថយន្តអគ្គិសនី ឬ Supercar sedan EV ដែលមានប្រើប្រាស់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 មានកំលាំងសរុបដល់ 1,548 សេះ ដែលអាចជាន់ស្ទុះពី 0-100km/h ចាយពេប្រមាណ 1.98 វិនាទីប៉ុណ្ណោះ។ កំពូលរថយន្តអគ្គិសនីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាផ្លូវការណ៍នៅទីផ្សារប្រទេចិនជាលើកដំបូងកាលពីអំឡុងខែកុម្ភៈ ឆ្នាំ 2025 ដែលមានតម្លៃខ្ទង់ $72,830 ដែលតាមរបាយការណ៍ SU7 Ultra មានការបញ្ជាទិញមុនរហូតដល់ទៅ 10,000 គ្រឿងត្រឹមរយះពេលប្រមាណ 2 ម៉ោងប៉ុណ្ណោះ៕