ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ត្រៀមបញ្ចេញរថយន្តអគ្គិសនីម៉ូដែលថ្មីមួយទៀតដែលមានឈ្មោះថា C-HR+។ រថយន្តអគ្គិសនីថ្មីនេះ គឺជាសមាជិកថ្មីក្នុងគ្រួសាររថយន្ត C-HR ដែលរថយន្តប្រើម៉ាស៊ីនសាំង ហើយសម្រាប់ C-HR+ ថ្មីនេះ គឺមិនប្រើម៉ាស៊ីនសាំង ឬក៏ Hybrid នោះទេ ប៉ុន្តែ ជារថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធតែម្តង។
រថយន្តអគ្គិសនីរបស់ Toyota គឺពិតជាមានទីផ្សារល្អខ្លាំងមែនទែន ចាប់តាំងពីក្រុមហ៊ុនផ្តើមផលិតរថយន្តអគ្គិសនីថ្មីដែលស្ថិតក្នុងម៉ាកយីហោ “beyond Zero” ឬ “bZ” រួចមក។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ក៏បានព្យាយាមក្នុងការពង្រីកស្រឡាយរថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមទៀតផងដែរ ហើយ C-HR+ គឺជាម៉ាកយីហោរថយន្តអគ្គិសនីថ្មីមួយទៀតបន្ទាប់ពី bZ Series ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារបច្ចុប្បន្ន។
ទៅលើការរចនារូបរាងខាងក្រៅរបស់ Toyota C-HR+ គឺមានទម្រង់ដូចគ្នានឹង C-HR ប្រើម៉ាស៊ីនសាំងដែរ គ្រាន់មានទំហំធំជាង និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយធំជាងបន្តិច។ ជាមួយការពង្រីកទំហំខ្លួន និងគម្លាតចន្លោះកង់មុខក្រោយ បានធ្វើឲ្យ C-HR+ អាចផ្ទុកទំងន់នៅឃ្លប់ក្រោយបានច្រើនជាងមុខឡើងដល់ 416 លីត្រ និងផ្តល់នូវភាពទូលាយល្អសម្រាប់ការដាក់ជើងរបស់អ្នកជិះនៅកៅអីខាងក្រោយ។ C-HR+ ត្រូវបានផលិតឡើងដោយប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង e-TNGA platform ដែលប្រើនៅលើម៉ូដែល bZ4X ជាមួយជម្រើស Powertrain ពីរផ្សេងគ្នា គឺជម្រើសដំណើរការដោយប្រព័ន្ធប៉ុងមួយ (RWD) និងប៉ុងពីរ (AWD)។
នៅលើម៉ូដែល C-HR+ RWD ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 165 សេះ និងមានកញ្ចប់ថ្មទំហំ 57.5kWh ខណៈម៉ូដែលមានកញ្ចប់ថ្មទំហំ 77kWh ដំណើរការដោយម៉ូទ័រអគ្គិសនីកំលាំង 221 សេះ។ បើតាមការបញ្ជាក់ពី Toyota ផ្ទាល់ សម្រាប់ការសាកភ្លើងកញ្ចប់ថ្មរបស់ C-HR+ ពេញម្តងអាចជិះបានចម្ងាយដល់ 600km។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ (Dual-motor all-wheel-drive) មានកំលាំងសរុប 338 សេះ និងប្រើកញ្ចប់អាគុយ 77kWh។
រថយន្ត mid-size SUV ស៊េរីថ្មីនេះ គាំទ្រប្រព័ន្ធសាកភ្លើងកំលាំង 150kWh DC Fast Charging។ ផ្នែកខាងក្នុងរបស់ C-HR+ មានភាពប្រណិតខ្លាំងជាមួយនឹងការបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំហំ 14-inch និងក៏មិនប្រើប៊ូតុង Physical ក្នុងការគ្រប់គ្រងម៉ាស៊ីនត្រជាក់នោះទេ ដោយក្រុមហ៊ុនបានញាត់បញ្ចូលទៅក្នុងផ្នែក Software រថយន្តទាំងអស់ ដោយការប្រើប្រាស់បញ្ជា គឺនៅលើអេក្រង់ផ្ទាល់តែម្តង។
សម្រាប់ប្រព័ន្ធប្រអប់លេខវិញ គឺមានទំហំតូចជាងមុខជាប្រភេទប្រអប់លេខកង់អេឡិចត្រូនិច មានជម្រើសដំបូលបើក panoramic sunroof និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរផងដែរ។ Toyota និយាយថា ខ្លួននឹងនាំយករថយន្តអគ្គិសនី C-HR+ ទៅកាន់ទីផ្សារក្នុងប្រទេសអឺរ៉ុបមួយចំនួននៅមុនដំណាច់ឆ្នាំ 2025 នេះ ខណៈដែលទីផ្សារផ្សេងទៀតនៅលើទ្វីបនេះនឹងទទួលបានរថយន្ត mid-size SUV EV ស៊េរីថ្មីនេះនៅឆ្នាំ 2026៕