ថ្មីៗក្រុមហ៊ុនបច្ចេកវិទ្យា IT ល្បីល្បាញបំផុត Huawei បានបញ្ចេញខ្សែវីដេអូធ្វើការប្រៀបធៀបរថយន្ត Maextro S800 ដែលជារថយន្ត Luxury Sedan របស់ខ្លួនជាមួយនឹងរថយន្ត Mercedes Maybach S680 ដែលជារថយន្តថ្នាក់ប្រណិត និងទំនើបបំផុតរបស់ក្រុមហ៊ុនអាល្លឺម៉ង។ នៅក្នុងវីដេអូប្រៀបធៀបដែលបានបង្ហោះនៅលើបណ្តាញអ៊ីនធើរណិត គឺទទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ហើយក៏មានការរិះគន់មួយចំនួនផងដែរពីអ្នកលេងបណ្តាញសង្គមក្នុងប្រទេសចិន។
ក្នុងនោះអ្នកមានឥទ្ធិពលបំផុតក្នុងការសរសេរប្លុងទាក់ទងនឹងរថយន្តដែលមានឈ្មោះថា Racing Frappuccino បានចេញវីដេអូមួយនៅលើគណនី Weibo របស់ខ្លួនដោយអះអាងថា វីដេអូប្រៀបធៀបរបស់ក្រុមហ៊ុន Huawei ត្រូវបានគណនាយ៉ាងប្រុងប្រយ័ត្នដោយប្រើរូបមន្តគណិតវិទ្យាដ៏ស្មុគស្មាញ។
ពួកគេបានគណនាល្បឿនឆ្លងកាត់ និងទម្ងន់ទប់ស្កាត់របស់ Maextro S800 ហើយធានាថាជម្រៅគន្លុកដែលមានរៀបចំប្រមាណ 4.5 សង់ទីម៉ែត្រ គឺមានភាពត្រឹមត្រូវសម្រាប់ S800 ឆ្លងកាត់ដោយមិនឲ្យកង់រថយន្តប៉ះជាមួយផ្ទៃទឹក ឬសម្ភារៈផ្សេងទៀត គឺមិនដូច Maybach S680 នោះទេ។
ម្ចាស់គណនី Weibo ដដែលក៏បានលើកឡើងទៀតថា ការធ្វើវីដេអូប្រៀបធៀបគ្នានេះ គឺមិនឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវសម្រាប់ប្រព័ន្ធជំនួយការបើក ឬក៏សមត្ថភាពនៃប្រព័ន្ធគ្រឿងក្រោម Suspension system របស់ S800 នោះទេ ហើយវីដេអូនេះ គឺគ្រាន់តែជាការធ្វើទីផ្សាររបស់ Huawei ដើម្បីទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ដែលជាពិសេស គឺប្រជាជនចិនដែលជាអ្នកនិយមប្រើប្រាស់ម៉ាកយីហោរថយន្តផលិតក្នុងស្រុកប៉ុណ្ណោះ។ ដែលបញ្ហានៃការរិះគន់នេះ បានធ្វើឲ្យម្ចាស់គណនី Weibo ខាងលើទទួលរងនូវពាក្យបណ្តឹងផ្នែកច្បាប់ពីក្រុមហ៊ុន Huawei។
បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា Huawei បានធ្វើការប្តឹងម្ចាស់គណនីខាងលើដោយទាមទារសំណងប្រមាណ 140,000 ដុល្លារអាមេរិក ជុំវិញការរិះគន់ទៅលើរថយន្ត Maextro S800 របស់ខ្លួន ហើយដើម្បីឆ្លើយតបទៅនឹងបណ្តឹងនេះ អ្នកសរសេរប្លុករថយន្តដ៏មានឥទ្ធិពលរូបនោះ គឺត្រៀមប្តឹងឹបកទៅក្រុមហ៊ុន Huawei វិញផងដែរ ដោយនឹងទារសំណងចំនួន 340,000 ដុល្លារអាមេរិកឯណោះ។
សូមបញ្ជាក់ថា Maextro S800 គឺជារថយន្តថ្នាក់ប្រណិត និងទំនើបបំផុត Luxury sedan ដំបូងកើតចេញពីការចាប់ដៃសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្ត JAC។ ដោយ JAC រ៉ាប់រងទៅលើសង្វាក់ផលិតកម្មគ្រឿងបង្គុំ ខណៈ Huawei រ៉ាប់រងទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យា Software បន្ទះឈីប និងបញ្ញាសិប្បនិមិ្មត។
រថយន្តប្រណិតនេះ មានការរចនាប្រណិតទាក់ភ្នែកមែនទែនជាមួយពណ៌ពីរបន្ស៊ីគ្នាហៅថា Two-tone color ជាមួយប្រវែងបណ្តោយ 5,480mm/ ទទឹង 2,000mm/ កំពស់ 1,536mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,370mm។ រថយន្ត Luxury Sedan ស៊េរីថ្មីនេះ ប្រើយ៉ាន់កង់ទំហំ 20-inch។
ទៅលើប្រព័ន្ធសុវត្ថិភាពបើកបរវិញ Maextro S800 ត្រូវបាន Huawei បំពាក់នូវប្រព័ន្ធសែនស័រ 32 គ្រាប់ ដែលរួមបញ្ចូលនូវប្រព័ន្ធសែនស័រ LiDAR 192-lines ចំនួន 4 គ្រាប់ ដែលមានសមត្ថភាពខ្ពស់ទៅលើជំនួយការបើកបរ ដូចជាមានសមត្ថភាពអាចមើលឃើញស្ថានភាពផ្លូវប្រមាណ 60% នៅក្នុងលក្ខខណ្ឌស្ថានភាពផ្លូវចុះអាប់ ធ្លាក់ព្រិលខ្លាំង ឬព្យុះខ្សាច់ជាដើម។ ប្រព័ន្ធកង់ខាងក្រោយរបស់ Maextro S800 គឺមានសមត្ថភាពរេតាមចង្កូលដែលល្អបំផុតសម្រាប់ការបើកបរស្ថានភាពផ្លូវកោង ឬគេចចេញពីឧបសគ្គដោយប្រព័ន្ធនេះត្រូវបាន Huawei ហៅថា “Crab Walk”។
Huawei Maextro S800 មានជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និង EREV។ ដោយម៉ូដែល BEV មានជម្រើសប្រើម៉ូទ័រអគ្គិសនីចំនួនបីដែលម៉ូទ័រនីមួយៗមានកំលាំង 160kW ដែលសរុបបញ្ចូលគ្នា គឺមានកំលាំង 635kW ឬស្មើរនឹង 852 សេះ។ ចំនែកម៉ូដែល EREV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ Dual-motor 4WD មានកំលាំងសរុប 390kW ឬស្មើរនឹង 523 សេះ រួមនឹងម៉ាស៊ីនចំនុះ 1.5-Liter សម្រាប់ពង្រីកចម្ងាយបើកបរ range-extender។ ម៉ូដែល 4WD ក៏មានជម្រើសប្រើម៉ូទ័របី (Tri-motor) ដែលមានកំលាំង 635kW ផងដែរ៕