នៅពេលនេះ ក្រុមហ៊ុន OPPO, vivo និង Xiaomi ត្រូវបានគេបញ្ជាក់ថា បាននឹងកំពុងតែធ្វើការនៅលើថេប្លេតជំនាន់ថ្មីរបស់ខ្លួនសម្រាប់ទីផ្សារនៅក្នុងប្រទេសចិនហើយ។ តាមការបញ្ជាក់ចេញពីអ្នកទម្លាយ Experience More បានអោយដឹងថា ថេប្លេតទាំង 3 នេះនឹងបង្ហាញខ្លួននៅក្នុងខែមេសាខាងមុខនេះ។ នៅមុនការប្រកាសជាផ្លូវការនេះ ប្រភពនេះក៏បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ថេប្លេតទាំង 3 នេះផងដែរ។
ថេប្លេត OPPO Pad 4 Pro
តាមការបញ្ជាក់ចេញពីអ្នកទម្លាយរូបនេះ បានអោយដឹងថា ថេប្លេត OPPO Pad 4 Pro នេះ នឹងមានអេក្រង់ទំហំ 13.2-អ៊ីង LCD panel ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite រួមនិងថាមពលថ្មទំហំ 12,000mAh ហើយក៏មានការគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មកម្លាំង 80W fast charging ផងដែរ។ ថេប្លេត OPPO ថ្មីនេះ មានលេខម៉ូឌែល OPD2409 នឹងមានឆ្នាំងសាក 80W charger នេះបើតាមការបង្ហាញនៅលើវិញ្ញាបនបត្រ 3C។ ថេប្លេតនេះនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Find X8 Ultra, Find X8S និង Find X8 Mini នាពេលខាងមុខ។
ថេប្លេត vivo Pad 4 Pro
ថេប្លេត vivo នេះវិញ គឺមានលេខម៉ូដែល PD2573 ហើយថ្មីៗនេះ ថេប្លេតនេះ ទទួលបានការអនុម័តចេញពីវិញ្ញាបនបត្រ 3C របស់ចិនហើយ ដោយម៉ូដែលអាចនឹងក្លាយជាថេប្លេត vivo Pad 4 Pro ដែលក្រុមហ៊ុន អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន vivo X200 Ultra, X200S និង Vivo Watch 5 នៅក្នុងខែមេសានេះ។ តាមការបញ្ជាក់របស់អ្នកទម្លាយនេះ ថេប្លេត Pad 4 Pro នេះ នឹងមានអេក្រង់ទំហំ 12.95-អ៊ីង LCD panel បន្ទះឈីប Dimensity 9400 chip និងមានថាមពលថ្មទំហំធំដល់ទៅ 12,000mAh ហើយនិងគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 66W rapid charging។ បើតាមការបែកធ្លាយថ្មីនេះបានអោយដឹងថា អេក្រង់របស់ថេប្លេតនេះ គឺមានកម្រិតភាពច្បាស់ 3.1K resolution និងល្បឿន 144Hz refresh rate។ ក្រុមហ៊ុន vivo ក៏អាចនឹងបង្ហាញនូវថេប្លេតលំដាប់ថវិកាមួយទៀតដែលមានឈ្មោះហៅថា vivo Pad SE ផងដែរ។ ថេប្លេតនេះ មានលេខកូដ PD2511 គាំទ្រជាមួយនឹងឆ្នាំងសាកកម្លាំង 15W charger នេះបើតាមការបង្ហាញនៅក្នុងវិញ្ញាបនបត្រ 3C នាពេលថ្មីៗនេះ។
ថេប្លេត Xiaomi Pad 7s Pro
ដូចអ្វីដែលបានឃើញនៅក្នុងការបង្ហោះនៅលើ Weibo នេះ អ្នកទម្លាយរូបនេះ បានអះអាងថា ក្រុមហ៊ុន Xiaomi អាចនឹងបង្ហាញនូវថេប្លេតមួយទៀតដែលមានអេក្រង់ទំហំ 14-អ៊ីង OLED panel និងមានការបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging។ ប៉ុន្តែគាត់មិនទាន់បញ្ជាក់អំពីឈ្មោះរបស់ថេប្លេតនេះនៅឡើយទេ។ ថេប្លេតនេះ គឺទើបតែទទួលបានវិញ្ញាបនបត្រ 3C នៅក្នុងប្រទេសចិន ហើយអាចនឹងមានឈ្មោះហៅថា Xiaomi Pad 7s Pro នៅពេលដែលបង្ហាញខ្លួននៅលើទីផ្សារនោះ៕