យោងតាមពាក្យចចាមអារ៉ាមជាច្រើននៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចនឹងប្រើប្រាស់នូវការឌីស្សាញកាមេរ៉ាថ្មីសម្រាប់ស្មាតហ្វូន Pura 80 series ដែលគ្រោងនឹងប្រកាសចេញនៅនៅពេលខាងមុខហើយ។ ស្មាតហ្វូនជំនាន់មុនរបស់ស្មាតហ្វូនថ្មីនេះ គឺប្រើប្រាស់នូវការឌីស្សាញ Triangular Lens Module នៅផ្នែកខាងក្រោយ ហើយក្រុមហ៊ុននេះអាចនឹងបន្តក្នុងការប្រើប្រាស់នូវការឌីស្សាញដ៏ស្អាតនេះសម្រាប់ស្មាតហ្វូន flagship ខាងមុខនេះផងដែរ។
សូមជំរាបថា ស្មាតហ្វូន P Series ដែលបង្ហាញវត្តមានកន្លងមក តែងតែមានការប្រើប្រាស់នូវកាមេរ៉ារូបរាងចតុកោណកែងនៅខាងក្រោយ។ ប៉ុន្តែស្មាតហ្វូន Pura ដែលចេញថ្មីៗនេះ បែរជាមានការឌីស្សាញទម្រង់ Triangular Lens Module វិញ។ ពេលលនេះ ស្មាតហ្វូន Huawei Pura 80 Series នឹងមានការឌីស្សាញថ្មីហៅថា “Quadrant-Style” ដែលមើលទៅពិតជាប្លែក និងទាក់ទាញមែនទែន។
អ្នកទម្លាយ @DirectorShiGuan បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 នឹងមានការឌីស្សាញកាមេរ៉ាកាន់តែប្លែកស្រស់ស្អាតអស្ចារ្យជាងស្មាតហ្វូនជំនាន់មុន។ បើមើលទៅលើរូបភាពថ្មីនេះ ក៏មានការបង្ហាញនូវការឌីស្សាញ “Quarter-Circle” Lens Module ថ្មីនៅខាងក្រោយស្មាតហ្វូននេះផងដែរ។ ការឌីស្សាញទម្រង់ “Quarter-Circle” Lens Module នេះបើផ្គុំគ្នាមើលទៅដូចជាចំណិតភីស្សាផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មិនត្រឹមតែផ្តោតទៅលើការឌីស្សាញថ្មីប្លែកសម្រាប់កាមេរ៉ាស្មាតហ្វូន Pura ថ្មីនេះទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏អាចនឹងធ្វើការបំពាក់នូវ Lens ថ្មីថែមទៀត ដែលអាចជា OmniVision lenses ដែលអភិវឌ្ឍដោយក្រុមហ៊ុននេះតែម្តង។ ស្មាតហ្វូន Flagship នេះ ក៏ប្រើប្រាស់នូវ Dual-Layer OLED នៅក្នុងការផ្តល់នូវបទពិសោធណ៍នៃការទស្សនាកាន់តែអស្ចារ្យផងដែរ។ សម្រាប់ថាមពលថ្ម ការសាកថ្ម និងបន្ទះឈីបរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅឡើយទេ៕