
GAC Aion i60 ជម្រើស EREV បើកបាន 1,240km ត្រៀមបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា
Aion i60 គឺជារថយន្ត Compact-SUV ស៊េរីថ្មី ត្រូវក្រុមហ៊ុន GAC Aion ប្រកាសចេញលក់នៅទីផ្សារប្រទេសចិន នាពេលថ្មីៗនេះ ជាមួយតម្លៃចាប់ពីខ្ទង់ $15,400 ដល់ $19,000។ ម៉ូដែលនេះ គឺស្ថិតក្នុងអម្បូររថយន្ត Compact SUV 5-កៅអី មានជម្រើសប្រើម៉ាស៊ីនលាយអគ្គិសនី និងអគ្គិសនីសុទ្ធ។ យោងតាមព័ត៌មានថ្មីៗនេះ បានបង្ហើបថា រថយន្តនេះ ត្រៀមបង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះហើយ។ សម្រាប់ព័ត៌មានលំអិត លោកអ្នកអាចទាក់ទងផេកផ្លូវការណ៌របស់ AION Cambodia
គួរបញ្ជាក់ថា GAC Aion i60 ម៉ូដែលប្រើម៉ាស៊ីនលាយអគ្គិសនី ឬហៅថា (EREV) ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 210km និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកម្រិត 3C Fast Charging។ រីឯម៉ូដែលប្រើអគ្គិសនីសុទ្ធវិញ សាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 650km។

ទៅលើការឌីស្សាញផ្នែកខាងមុខរបស់ GAC Aion i60 នេះ គឺមានការរចនាជាមួយប៉ាណាបិទជិត ឬ Front-end-design ដោយផ្នែកកាងក្រោម និងឆ្វេងស្តាំមានរន្ធលំហូរខ្យល់ ជាមួយបណ្តុំចង្កៀង Dual-LED light រចនាបែប upward-swept headlights ខណៈផ្នែកចំហៀង Aion i60 មានការឌីស្សាញប្រហាក់ប្រហែលគ្នានឹង Aion V ដែរ ដោយមកជាមួយដៃទ្វារលាក់ចូលក្នុង។ GAC Aion i60 Series ថ្មីនេះ មានបណ្តោយតួរខ្លួនប្រវែង 4,685mm/ទទឹង 1,854/ កំពស់ 1,660mm និងគម្លាតកង់មុខក្រោយប្រវែង 2,775mm។ Aion i60 វែងជាង Aion V ប្រមាណ 105mm។

Aion i60 Series មានជម្រើសប្រើយ៉ាន់កង់ទំហំ 18-អ៊ីង និង 19 អ៊ីង។ សម្រាប់ជម្រើសពណ៌វិញមានដូចជា ពណ៌ទឹកមាស ពណ៌ខៀវ, ពណ៌ស, ពណ៌ប្រផេះ, ពណ៌ខ្មៅ, និងពណ៌ប្រាក់ ស្របពេលផ្នែកខាងក្នុងមកជាមួយជម្រើសពណ៌សទឹកដោះគោ, ពណ៌ត្នោត និងពណ៌ប្រផេះ។ បន្ថែមពីនេះ ក៏មានមកជាមួយភ្លើងបំភ្លឺក្នុងកាប៊ីន Ambient light ចំនួន 32 ពណ៌ផងដែរ។ នៅលើតាប់ឡូមានបំពាក់មកជាមួយអេក្រង់កម្សាន្តទំហំធំ, មានរន្ធម៉ាស៊ីនត្រជាក់ស្ថិតនៅខាងក្រោមចំនួនពីរ, រួមនឹងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរ, អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតប្រភេទ Digital Instrument cluster រួមនឹងប្រព័ន្ធទ្វារអេឡិចត្រូនិចជាដើម។

Aion i60 អគ្គិសនីសុទ្ធ បំពាក់មកជាមួយកញ្ចប់ថ្មទំហំ 75kWh សាកភ្លើងពេញអាចជិះបានចម្ងាយ 650km ខណៈម៉ូដែល EREV បានបំពាក់មកជាមួយម៉ាស៊ីន 1.5L កម្លាំង 74kW ជាមួយកញ្ចប់ថ្ម ដែលសាកពេញអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 210km និង 1,240km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញម្តង។ ទៅលើកម្រិតស៊ីសាំងវិញ គឺប្រមាណ 5.5L/100km។ សម្រាប់ម៉ូទ័រអគ្គិសនីវិញ គឺអាចផលិតកម្លាំងបាន 180kW ឬ 241 សេះ ហើយការសាកភ្លើងចូលពី 30% ទៅ 80% ប្រើពេលខ្ទង់ 15 នាទីប៉ុណ្ណោះ៕
