ក្រុមហ៊ុន GAC បានត្រៀមប្រកាសចេញលក់រថយន្ត off-road Plug-in-hybrid SUV ស៊េរីថ្មីម៉ូដែល Yue 7 នៅទីផ្សារប្រទេសចិនក្នុងត្រីមាសទី 3 នៃ ឆ្នាំ 2026 នេះ។ GAC Yue 7 ជារថយន្ត off-road PHEV SUV ដែលមានតួរខ្លួនប្រវែង 5 ម៉ែត្រ ជាមួយការបំពាក់កញ្ចប់ថ្មទំហំ 46kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយដល់ 188km ដោយប្រើថាមពលអគ្គិសនីសុទ្ធ។ Yue 7 នឹងក្លាយជាគូប្រជែងទីផ្សារជាមួយ BYD Denza B5 និងរថយន្ត off-road SUV របស់ក្រុមហ៊ុនផ្សេងៗទៀត។

GAC Yue 7 ត្រូវបានក្រុមហ៊ុនធ្វើការបញ្ចេញព័ត៌មាននាពេលកន្លងមកដោយប្រើនូវស្លាកឈ្មោះថា GAC Trumpchi T75 off-roader។ ហើយនៅចុងខែមេសា ឆ្នាំ 2026 រថយន្ត off-road PHEV ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ 2026 Beijing International Auto Show។ ក្រោយមក Yue 7 ក៏ត្រូវបានធ្វើការចុះបញ្ចីសម្រាប់រថយន្តថ្មីពីក្រសួង MIIT របស់ប្រទេសចិនជាផ្លូវការណ៍ជាមួយការបង្ហាញលក្ខណៈសម្បត្តិពិសេសៗមួយចំនួនថែមទៀតផង។ GAC Yue 7 មានការឌីស្សាញរូបរាងបែបជ្រុងៗ ឬ boxy-design ជាមួយផ្នែកខាងមុខមានរំលេចដោយចង្កៀងភ្លឺរចនាជារាងចតុកោងអមដោយអំពូល DRL និងអក្សរ GAC ធំៗនៅចំកណ្តាលប៉ាណា។

ផ្នែកខាងក្រោយ និងខាងមុខមានបំពាក់ដោយរបាំងការពារធំមើលទៅមានភាពរឹងមាំ និងបង្ហាញពីភាពកាចអំណាចនៃរថយន្ត។ នៅលើដំបូលខាងមុខឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR កម្រិត 896-line sensor របស់ក្រុមហ៊ុន Huawei ផងដែរ។ គូទក្រោយរបស់ Yue 7 បំពាក់មកជាមួយទ្វារបើកទៅចំហៀងភ្ជាប់ជាមួយប្រអប់កង់សាគូមួយដែលជា DNA- Style Design រថយន្ត off-roader។ រថយន្ត off-road PHEV SUV ថ្មីនេះ មានប្រវែងបណ្តោយតួរខ្លួន 5,045mm/ទទឹង 2,030mm/ កំពស់ 1,933 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,900mm ជាមួយការបំពាក់កៅអីអង្គុយខាងក្នុងចំនួន 5 កៅអី។

GAC Yue 7 ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា GMC 3.0 plug-in hybrid system របស់ក្រុមហ៊ុនផ្ទាល់ជាមួយប្រព័ន្ធបើកបរ i-4WD all-wheel drive system ដែលគាំទ្រដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5-liter turbocharged លេខ 4A15J4 មានកម្លាំង 168 សេះ។ ម៉ាស៊ីននេះ ភ្ជាប់ដំណើរការជាមួយនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 2 គ្រាប់អាចផលិតកម្លាំងសរុបបាន 536 សេះ។ Yue 7 មានជម្រើសកញ្ចប់ថ្មពីរទំហំផ្សេងគ្នា គឺទំហំ 28.3kWh និង 46kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 116km និង 188km រៀងៗគ្នា។

 អ្វីដែលជាចំនុចពិសេស គឺកម្លាំងបង្វិលជុំរបស់ Yue7 អាចបង្កើនកម្លាំងបង្វិលជុំឡើងដល់ 5 ដងនៅពេលបើកបរក្នុងល្បឿនយឺត ឬលើផ្លូវលំបាក ដែលធ្វើឲ្យវាអាចបើកបរបានយ៉ាងមានប្រសិទ្ធិភាពបំផុតសម្រាប់ផ្លូវមានឧបសគ្គ ឬ off-road ព្រមជាមួយសមត្ថភាពអាចដំណើរការបើកបរដោយប្រើកង់តែមួយ ហើយកង់បីផ្សេងទៀតអាចហើបផុតពីផ្ទៃដីថែមទៀតផង។ ការចេញលក់ GAC Yue 7 គឺផ្នែកមួយនៃម៉ាកយីហោរថយន្ត GAC Trumpchi ដែលលក់រថយន្តប្រភេទប្រើម៉ាស៊ីនចំហេះក្នុងសុទ្ធ (ICE) និង Plug-in-hybrid នៅក្នុងប្រទេសចិន៕