ស្វែងរកពួកយើង:

Galaxy Z Flip 8 នឹងមានទម្ងន់ស្រាលជាងមុន ហើយនិងមានការឌីស្សាញត្រចៀកបត់ស្តើងជាងមុន

ដោយ

ជុំ ប៉េងលីន

06 ឧសភា 2026 09:30 ព្រឹក

អាន 2 នាទី


ស្មាតហ្វូនបត់បានស៊េរីថ្មី Samsung Galaxy Z Flip 8 ទើបតែបែកធ្លាយព័ត៌មានជាច្រើននៅលើអ៊ីនធឺណិត ហើយស្មាតហ្វូននេះក៏មានការឌីស្សាញរូបរាងថ្មីដែលជាការផ្លាស់ប្តូរដ៏ធំមួយធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ។ ក្រុមហ៊ុន Samsung កំពុងតែផ្តោតទៅការពង្រឹងនូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យនៅក្នុងការប្រើប្រាស់ រួមនិងការពង្រឹងទៅលើផ្នែក Hardware ផងដែរ។
Article image
តាមការបញ្ជាក់របស់អ្នកទម្លាយម្នាក់នៅលើ Naver បានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវការឌីស្សាញថ្មីទៅលើ Hinge ដែលមានគោលដៅក្នុងការកាត់បន្ថយទៅលើស្នាមផ្នត់នៃអេក្រង់ខាងក្នុងរបស់ស្មាតហ្វូន Galaxy Z Flip 8 ។ 
បន្ថែមពីនេះទៀតនោះ សម្រាប់ Hinge នេះអាចធ្វើអោយស្មាតហ្វូនមានកម្រាស់ស្តើងជាងមុនដល់ទៅ 0.5mm ហើយស្មាតហ្វូនថ្មីនេះអាចនឹងមានទម្ងន់ត្រឹមតែ 180g បើប្រៀបធៀបទៅនឹងស្មាតហ្វូន Samsung Galaxy Z Flip 7 គឺមានទម្ងន់ដល់ទៅ 188g ដែលធ្វើអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការប្រើស្មាតហ្វូននេះបាន រយៈពេលយូរម៉ោងដោយគ្មានបញ្ហា។

 ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ អាចនឹងប្រើប្រាស់នូវថាមពលថ្មទំហំ 4,300mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 25W wired charging ស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។ សម្រាប់ Speakers, Vibration Motor និង Cover Display គឺមិនមានការ Upgrade នោះទេ។

Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP និង 12MP Ultra-Wide Lens ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 10MP ទៅលើអេក្រង់ខាងក្នុង។ ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប 2nm Exynos 2600 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung។

ស្មាតហ្វូន Galaxy Z Flip 8 ថ្មីនេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនបត់បានជាច្រើនទៀតនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងរៀបចំឡើងនៅក្នុងទីក្រុងឡុងនៅថ្ងៃទី 22 ខែកក្កដា 2026 ខាងមុខនេះ ។ សម្រាប់តម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ អាចនឹងមានការកើនឡើងខ្ពស់ ដោយសារតែតម្លៃនៃសមាសភាគជាច្រើនរបស់ស្មាតហ្វូននេះឡើងថ្លៃ ប៉ុន្តែយើងនៅមិនទាន់ច្បាស់ថាឡើងថ្លៃប៉ុន្មាននោះទេ៕
Article image
Galaxy Z Flip 8 នឹងមានទម្ងន់ស្រាលជាងមុន ហើយនិងមានការឌីស្សាញត្រចៀកបត់ស្តើងជាងមុន