ក្រុមហ៊ុន Geely Auto បានធ្វើការប្រកាសចេញលក់រថយន្តប្រភេទអគ្គិសនីលាយសាំង ឬ Plug-in-hybrid ស៊េរីថ្មីម៉ូដែល Galaxy Starshine 7 នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពី $14,500 ដល់ $19,100។ តម្លៃចេញលក់ផ្លូវការណ៍នេះ គឺធូរថ្លៃជាងតម្លៃកាលពេលចេញលក់ Pre-sale ដំបូងកាលពីខែមេសា ដែលមានតម្លៃចាប់ពី $15,700។ Galaxy Starshine 7 មានជម្រើស 5 ម៉ូដែលមានដូចជា 230km RWD Long-range, 220km AWD Long-range Max, 220km AWD Pilot Max, 220km AWD Explorer+ Max និង 220km AWD Starshine Max។

Galaxy Starshine 7 មានតួរខ្លួនប្រវែង 4,958mm/ ទទឹង 1,915mm/ កំពស់ 1,505mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,852mm និងមានឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 541kg។ ឡាន PHEV sedan ថ្មីនេះ ប្រើប្រាស់យ៉ាន់កង់ទំហំ 19-inch រចនាជាកាំរាយ ឬ Multi-Spoke wheel។ ផ្នែកកាប៊ីនរបស់ Galaxy Starshine 7 មានការឌីស្សាញបែបស្ទាយ wraparound cockpit មានភ្ជាប់មកជាមួយប្រព័ន្ធកម្សាន្ត Flyme Auto 2 infotainment system ជាមួយជម្រើសអេក្រង់កម្សាន្តទំហំ 14.6-inch ឬ 15.4-inch, អេក្រង់បង្ហាញព័ត៌មានទំហំ 10.2-inch និងមានប្រព័ន្ធ Head-up display ទំហំ 16.6-inch (មានតាមជម្រើសម៉ូដែល)។ បន្ថែមពីនេះក្នុងកាប៊ីនក៏មានមុខងារ Eva in-car robot, NFC Interaction និង Emotion display ថែមទៀតផង។

ចំពោះអនុភាពកម្លាំងវិញ Geely Galaxy Starshine 7 ដំណើរការដោយប្រព័ន្ធ Thor Hybrid 2.0 system គាំទ្រដំណើរការដោយម៉ាស៊ីនសាំង 1.5-litre កម្លាំង 82kW ដែលនៅលើម៉ូដែលប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬ dual-motor AWD អាចផលិតកម្លាំងសរុបបាន 312kW និងកម្លាំងរមូល 526N.m ជាន់ល្បឿនស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 5.4 វិនាទី។ ឡាន Plug-in-hybrid ថ្មីនេះ មានកញ្ចប់ថ្មទំហំ 28.3kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 220km តាមស្តង់ដារ CLTC ដោយប្រើថាមពលអគ្គិសនីសុទ្ធសម្រាប់ម៉ូដែល AWD និងបាន 230km សម្រាប់ម៉ូដែលប្រើម៉ូទ័រមួយ ឬ Single-motor RWD។ 
Geely បានបញ្ជាក់ថា ប្រព័ន្ធ Thor EM hybrid engine នៅលើ Galaxy Starshine 7 ផ្តល់នូវប្រសិទ្ធិភាពថាមពលខាងក្នុងខ្ពស់ដល់ 47.26% និងជួយឲ្យម៉ាស៊ីនស៊ីសាំងតិចបំផុតប្រមាណតែ 2 លីត្រប៉ុណ្ណោះក្នុងចម្ងាយ 100គីឡូម៉ែត្រ អាស្រ័យលើភាគរយនៃថាមពលថ្ម។ នៅលើម៉ូដែល AWD មានបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃ ឬ e-AWD intelligent electric four-wheel-drive system ជាមួយប្រព័ន្ធ five-link independent rear suspension និង adaptive variable-damping system។ 


ទៅលើផ្នែកប្រព័ន្ធសុវត្ថិភាពជំនួយក្នុងការបើកបរវិញ Galaxy Starshine 7 គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យា Qianli Haohan H3 driver assistance system ភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រចំនួន 26 គ្រាប់ និងប្រព័ន្ធ Computing Platform ដែលរួមបញ្ចូលនូវមុខងារជំនួយក្នុងការបើកបរលើផ្លូវល្បឿនលឿន ( highway NOA navigation assist) និងមុខងារចូលចំណតដោយស្វ័យប្រវត្តិ (automated parking assistance) ថែមទៀតផង៕