ក្រុមហ៊ុន Geely បានធ្វើការប្រកាសចេញផ្លូវការណ៍ឡាន Plug-in-hybrid ស៊េរីថ្មីម៉ូដែល Galaxy Starshine 8 ជាមួយការបំពាក់នូវកញ្ចប់បច្ចេកវិទ្យាថ្ម Golden Battery ជំនាន់ទី 2 និងពង្រឹងទៅលើប្រព័ន្ធជំនួយការអ្នកបើកបរកាន់តែមានប្រសិទ្ធិភាពល្អប្រសើរជាងមុន។ ជាមួយនឹងការបំពាក់កញ្ចប់បច្ចេកវិទ្យាថ្ម Golden Battery ជំនាន់ទី 2 នេះ គឺផ្តល់ឲ្យ Galaxy Starshine 8 អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយដល់ 225km ខណៈការដែលការបើកបរដោយប្រើថាមពលថ្ម រួមជាមួយម៉ាស៊ីនចាក់សាំងពេញម្តងអាចបើកបានចម្ងាយដល់ 1,725km។

Geely ក៏បានបញ្ជាក់ថា សម្រាប់កម្រិតស៊ីសាំងគឺសន្សំសំចៃខ្លាំងមែនទែន គឺត្រឹម 3-Liter ក្នុងចម្ងាយ 100km។ សម្រាប់ថ្ម Golden ជំនាន់ទី 2 ដែលបំពាក់នៅលើ Galaxy Starshine 8 គឺមានទំហំ 75kW គាំទ្របច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនដែលសាកពី 30% ទៅ 80% ចាយពេលខ្ទង់ 15 នាទី។ Geely បានអះអាងទៀតថា សម្រាប់វដ្តនៃការសាកថ្ម Golden ជំនាន់ទី 2 នៅលើ Galaxy Starshine 8 គឺបានរហូតដល់ទៅ 4,500 ដង។ 

ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតរបស់ Galaxy Starshine 8 PHEV Sedan នៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ គ្រាន់តែដឹងថា ឡាន Plug-in-hybrid sedan ស៊េរីថ្មីនេះ គឺជាស្ថិតក្នុងអម្បូរឡាន Large-size sedan ដែលនឹងមានប្រវែងតួរខ្លួនជិត 5m និងគម្លាតកង់មុខទៅកង់ក្រោយជិត 3m។ បើតាមប្រភពបានបង្ហើបថា Galaxy Starshine 8 នឹងមានជម្រើសពណ៌ថ្មីចំនួនពីរ គឺ Rizhao Gold និង Danxia Mineral។ ចំនែកក្នុងកាប៊ីនវិញ នឹងដំណើរការជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា Flyme Auto 2 Cockpit system, បំពាក់នូវ Flyme Sound System ចំនួន 23 គ្រាប់ និងកៅអីជួរទីពីរជាប្រភេទកៅអីអេឡិចត្រូនិច ទៀតផង។ 

Galaxy Starshine 8 ជំនាន់ថ្មី ក៏នឹងគាំទ្រដំណើរការដោយប្រព័ន្ធ Leishen EM-i និង EM-P hybrid systems របស់ Geely ក៏ដូចជាប្រព័ន្ធជំនួយការអ្នកប្រើប្រាស់ Qianli Haohan H5 ដែលគាំទ្រដោយប្រព័ន្ធសែនស័រចំនួន 27 គ្រាប់ រួមមានសែនស័រ LiDAR 1 គ្រាប់, millimeter-wave radar 3 គ្រាប់, Camera 11 គ្រាប់ និង Ultrasonic sensor 12 គ្រាប់។ បន្ថែមពីនេះ Galaxy Starshine 8 ជំនាន់ថ្មី ក៏មានប្រព័ន្ធទប់លំនឹងនៅពេលបែកកង់អំឡុងការបើកបរក្នុង 160km/m បានយ៉ាងមានសុវត្ថិភាព រួមនឹងប្រព័ន្ធជំនួយដៃចង្កូត AES emergency steering assist ទៀតផង៕