ថ្ងៃនេះក្រុមហ៊ុន Geely បានប្រកាសចេញលក់ឡាន Hybrid SUV ស៊េរីថ្មីម៉ូដែល Monjaro i-HEV ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពី $21,010 ដល់ $23,355 តាមជម្រើសម៉ូដែល។ ឡាន Hybrid SUV ស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 4,795mm/ទទឹង 1,895mm/កំពស់ 1,689mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,845mm ជាមួយជម្រើសប្រើយ៉ាន់កង់រង្វង់ R19 និង R20។
Geely Monjaro i-HEV ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Hybrid i-HEV technology ដែលគាំទ្រដោយម៉ាស៊ីនសាំង 1.5-liter turbocharged in-line four-cylinder កម្លាំង 161 សេះ ដែលមានអនុភាពប្រព័ន្ធថាមពលខាងក្នុង 48.4% និងភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរប្រភេទ e-Motor ក្នុងនោះម៉ូទ័រ P1 ត្រូវបានដាក់ភ្ជាប់ដោយផ្ទាល់នៅលើ crankshaft របស់ម៉ាស៊ីន ICE ដើម្បីជំនួសប្រព័ន្ធ alternator និងម៉ូទ័រទីពីរ ត្រូវបានភ្ជាប់ទៅនឹងកង់ដែលមានសមត្ថភាពផលិតថាមពលបាន 228 សេះ។ Monjaro i-HEV មានតែជម្រើសបើកបរដោយប្រើប៉ុងមួយ ឬ FWD ប៉ុណ្ណោះ។ ឡាន HYBRID នេះ ប្រើប្រាស់ប្រអប់លេខ 1-speed DHT transmission។
តាមការបញ្ជាក់ពី Geely ផ្ទាល់បានឲ្យដឹងថា Monjaro i-HEV អាចបើកបរបានចម្ងាយ 66km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេល 8.3 វិនាទី ហើយអាចបើកល្បឿនលឿនបំផុត “Top Speed” បានដល់ 180km/h។ តាមការបើកបរក្រោមស្តង់ដាររបស់ WLTCបង្ហាញថា Monjaro i-HEV ស៊ីសាំងប្រមាណតែ 4.75 លីត្រប៉ុណ្ណោះ ក្នុង 100 គីឡូម៉ែត្រ។ ចំពោះប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញឡាន Hybrid SUV ថ្មីនេះ គាំទ្រដោយប្រព័ន្ធ G-Pilot H3 assisted driving system ដែលមានភ្ជាប់មកជាមួយប្រព័ន្ធមុខងារជំនួយការបើកបរនៅលើផ្លូវល្បឿនលឿន ឬNavigation on Autopilot (NOA)គាំទ្រប្រព័ន្ធដោយសែនស័រ Ultrasonic 12 គ្រាប់, millimeter-wave radar 3 គ្រាប់ និងកាមេរ៉ា 11 គ្រាប់។
Geely Monjaro i-HEV ជាប្រភេទរថយន្ត SUV 5-កៅអី ដែលសាកសមសម្រាប់គ្រួសារតូចមានសមាជិកតិចក្នុងប្រើប្រាស់ប្រចាំថ្ងៃ។ ផ្នែកខាងក្នុងកាប៊ីនរបស់ឡាន Monjaro i-HEV មានបំពាក់មកជាមួយអេក្រង់ចំនួន 3 ក្នុងនោះរួមមាន អេក្រង់កម្សាន្តទំហំ 14.6-inch ចំនួនពីរផ្ទាំងនៅផ្នែកកណ្តាលតាប់ឡូ និងអេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 12.3-inch នៅក្រោយដៃចង្កូត។ បន្ថែមពីនេះ Monjaro i-HEV នៅមានប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូល Head-Up-Display ដែលអាចបង្ហាញបានក្នុងទំហំ 25.6-inch ថែមទៀតផង៕




