បច្ចុប្បន្ន GWM ដែលជាក្រុមហ៊ុនលក់រថយន្តប្រភេទ Plug-in Hybrid ធំជាងគេទីពីរនៅក្នុងប្រទេសអូស្ត្រាលី ទើបតែបានប្រកាសចេញលក់ Tank 300 PHEV ដែលបានចូលរួមជាមួយម៉ូដែលប្រើម៉ាស៊ីនសាំង, ស៊ីនម៉ាស៊ូត និងម៉ូដែល Hybrid ដែលបានចេញលក់រួចហើយ។ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅមជ្ឈិមបូព៌ា និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈមក GWM បាននិយាយថា តម្រូវការរថយន្តប្រភេទ Plug-in-hybrid បានកើនឡើងខ្ពស់ ដែលមិនធ្លាប់មានតម្រូវការកើនឡើងខ្លាំងបែបនេះទេ ជាមួយគ្នានេះ ការលក់រថយន្តអគ្គិសនី គឺមានចំនួន 46% នៅក្នុងខែមីនា។

លោក Andrew Gao នាយកគ្រប់គ្រងនៃក្រុមហ៊ុន GWM ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានមានប្រសាសន៍ថា “GWM កំពុងឆ្លើយតបយ៉ាងរហ័សចំពោះចំណង់ចំណូលចិត្តរបស់អ្នកទិញដែលកំពុងផ្លាស់ប្តូរ។ ដូចដែលមនុស្សគ្រប់គ្នាដឹងហើយថា តម្លៃប្រេងឥន្ធនៈក្នុងពេលបច្ចុប្បន្នកំពុងកើនឡើងយ៉ាងខ្លាំង ហើយឥឡូវនេះតម្លៃប្រេងម៉ាស៊ូតមានតម្លៃថ្លៃជាងប្រេងសាំងទៅទៀត។ ដូចនេះ ខ្ញុំគិតថា “ក្នុងគ្រានេះ Tank 300 PHEV នឹងជួយអតិថិជនឱ្យបន្ធូរបន្ថយភាពតានតឹងនៃថ្លៃប្រេងឥន្ធនៈ ហើយពួកគេ អាចបន្ត រីករាយនឹងសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។”

លោក Andrew Gao បានបញ្ជាក់ទៀតថា “ការបញ្ជាទិញ Tank 300 PHEV បច្ចុប្បន្ន គឺមានសន្ទុះខ្លាំងណាស់…ដែលខ្លាំងជាងការរំពឹងទុករបស់យើងទៅទៀត។ ហើយពេលនេះ នៅចុងខែនេះ យើងបានស្នើសុំរោងចក្រផលិតរបស់យើងជាបណ្ដោះអាសន្នឲ្យបង្កើនការផលិតម៉ូដែលនេះទ្វេរដង។” ចំនែក លោក Tim Leong អ្នកគ្រប់គ្រងផែនការផលិតផលរបស់ GWM បានលើកឡើងថា “ចាប់ពីពេលនេះតទៅ ផែនការដំបូងប្រហែលជា 70% គឺការប្រើប្រាស់ម៉ាស៊ីនសាំង និងម៉ាស៊ូតរួមគ្នា ហើយប្រភេទ Plug-in Hybrid មាន 30%។ ចំនែកម៉ូដែល Hybrid អាចនឹងត្រូវកាត់បន្ថយការផលិតបន្តិចម្តងៗ។

សូមបញ្ជាក់ថា គ្រប់ម៉ូដែល Tank 300 ទាំងអស់ គឺប្រើប្រាស់ម៉ាស៊ីនសាំង 2.0-liter turbo-petrol engine មាន 4-ស៊ីឡាំង លើកលែងតែម៉ូដែលប្រើម៉ាស៊ូត គឺបំពាក់ម៉ាស៊ីន 2.4-litre turbo-diesel engine។ ម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត, Hybrid និង Plug-in-hybrid ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ ខណៈម៉ូដែលប្រើម៉ាស៊ីនសាំងភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ។ Tank 300 PHEV អាចផលិតកម្លាំងសរុបបានដល់ 300kW ជាមួយកម្រិតស៊ីសាំងតិចបំផុតត្រឹម 1.9L/100km ប៉ុណ្ណោះ។ ចំនែកម៉ូដែលប្រើម៉ាស៊ីនសាំង គឺមានកម្រិតស៊ីសាំង 9.5L/100km, ម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតស៊ីប្រេង 7.8L/100km និងម៉ូដែល Hybrid ស៊ីសាំង 8.4L/100km។ 

Tank 300 Diesel ប្រើម៉ាស៊ីនម៉ាស៊ូតមានតម្លៃចាប់ពីខ្ទង់ $47,990 ខណៈម៉ូដែលបច្ចេកវិទ្យាម៉ាស៊ីន Plug-in-hybrid មានតម្លៃចាប់ពីខ្ទង់ $57,990 (តម្លៃបូកពន្ធរួច)៕