ក្រុមហ៊ុន Haval ដែលស្ថិតនៅក្រោមដំបូលរបស់ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ឬ GWM បានប្រកាសបើកទទួលការបញ្ជាទិញមុន (Pre-sale) ឡានប្រភេទ Plug-in-hybrid SUV ស៊េរីថ្មីម៉ូដែល Haval Menglong Plus ជាមួយតម្លៃចាប់ពីខ្ទង់ $27,800 ដល់ $31,600។ Haval Menglong Plus ត្រូវបានគេស្គាល់ថា Raptor V7 Plus នៅទីផ្សារប្រទេសចិន។ ការចេញលក់ឡាន PHEV SUV ស៊េរីថ្មីនេះ គឺជាពង្រីកទីផ្សារស្រឡាយឡានដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Hi4 Plug-in-hybrid SUV របស់ GWM ជាមួយនឹងតួររថយន្តមានទំហំធំ មានកៅអីបីជួរ និងមានសមត្ថភាពអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានរយះចម្ងាយឆ្ងាយ។

Haval Menglong Plus ទទួលបានការឌីស្សាញរូបរាងបែបស្ទាយ Boxy Design រំលេចជាមួយបណ្តុំចង្កៀងខាងមុខរាងជាការ៉េ ហើយនិងសំណាញ់ប៉ាណាមុខរចនាបទថ្មីបែបសម្បុកឃ្មុំ និងរបាំងការពារបាតខាងមុខធំរឹងមាំ។ Menglong Plus មានតួរខ្លួនប្រវែង 4,912mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,850mm វែងជាងបើធៀបនឹងម៉ូដែលស្តង់ដារ។ នៅលើដំបូលមុខឃើញមានបំពាក់នូវសែនស័រ LiDAR ដែលសបញ្ជាក់យ៉ាងច្បាស់ថា Haval Menglong Plus គាំទ្រនូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត Advanced Driver Assistance ដែលមានភ្ជាប់នូវមុខងារ Navigation Assist ទាំងការបើកបរនៅលើផ្លូវល្បឿនលឿន និងផ្លូវក្នុងក្រុង។ Menglong Plus PHEV គឺមានជម្រើសម៉ូដែល 5-កៅអី ឬ 7-កៅអី។

ពាក់ព័ន្ធទៅប្រព័ន្ធដំណើរការវិញ Haval Menglong Plus ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការជាមួយបច្ចេកវិទ្យា Hi4 Plug-in-hybrid របស់ GWM ដែលពឹងផ្អែកដំណើរការដោយម៉ាស៊ីនសាំង 1.5T ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ។ អនុភាពកម្លាំងរបស់ Menglong Plus គឺអាចធ្វើបានដល់  330kW ជាមួយកម្លាំងរមួល 660Nm ដែលអាចជាន់ល្បឿនពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 5.8 វិនាទី។ Haval Menglong Plus មានជម្រើសកញ្ចប់ថ្មបីទំហំផ្សេងគ្នា ដែលមានជម្រើសចាប់ពីទំហំ 23.7kWh ដល់ 4407kWh។ បើតាមស្តង់ដារ CLTC ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធរបស់ Menglong Plus គឺបានដល់ 255km និងដល់ 1,000km នៅពេលប្រើគូបជាមួយម៉ាស៊ីន Hybrid ចាក់សាំងពេញម្តង។ រថយន្ត PHEV នេះ ប្រើប្រាស់ថាមពលថ្មប្រមាណ 21.4kWh/100km។

Haval Menglong Plus មានកម្ពស់ពីបាតក្រោមរថយន្តធៀបនឹងផ្ទៃដៃប្រមាណ 221mm និងអាចបើកបរក្នុងទឹកបានជម្រៅដល់ 580mm។ នៅក្នុងកាប៊ីនរបស់ Haval Menglong Plus មានការបំពាក់ដៃចង្កូតរចនាបថបែបថ្មី “three-spoke steering wheel”, ប្រព័ន្ធប្រើប្រាស់បែបឌីជីថលដែលមានដូចជាអេក្រង់បង្ហាញព័ត៌មាន Full-LCD Instrument Panel, អេក្រង់កម្សាន្ត Floating Panel, Head-up display ជាមួយនឹងប៊ូតុងបញ្ជាប្រភេទ Physical Button នៅក្រោមអេក្រង់កណ្តាលជាដើម។ បន្ថែមពីនេះ វាក៏មានដំបូលបើក Panoramic sunroof, កៅអីជួរទីពីរមានភ្ជាប់កូនតុបត់ និងទ្វារក្រោយបើកចំហៀងមានកន្លែងដាក់របស់របរជាដើម៕