ឡានប្រភេទ Flagship full-size SUV ថ្មីម៉ាក Haval ចេញពីក្រុមហ៊ុន GWM ត្រូវបានក្រុមហ៊ុនបង្ហាញរូបរាងផ្លូវការណ៍ ហើយមានទាំងម៉ូដែលប្រើប្រព័ន្ធម៉ាស៊ីន Plug-in-hybrid ថែមទៀតផង។ បច្ចុប្បន្នសម្រាប់ឈ្មោះម៉ូដែលឡាន Flagship-SUV ថ្មីរបស់ Haval មិនត្រូវបានគេស្គាល់នោះទេ គ្រាន់តែដឹងថា វាមានលេខកូដសំគាល់ម៉ូដែលថា “HX”។ ចំពោះឈ្មោះផ្លូវការណ៍របស់ឡានស៊េរីថ្មីនេះ អាចនឹងត្រូវប្រកាសនៅថ្ងៃទី 10 ខែមេសា សប្តាហ៍នេះ។
ថ្មីៗនេះ Haval HX ត្រូវបានបង្ហាញវត្តមាននៅលើការចុះបញ្ចីរថយន្តថ្មីក្នុងប្រទេសចិនជាមួយនឹងការបង្ហាញខ្លួនបើកបរសាកល្បងជាផ្លូវការណ៍ដោយមានការបិតបាំងដោយតែមពីលើជិត។ ឡាន SUV ស៊េរីថ្មីនេះត្រូវបានគេដឹងថាជាប្រភេទ full-size SUV ដែលមានកៅអីបីជួរ និងផលិតដោយប្រព័ន្ធស្ថាបត្យកម្មគ្រោងឆ្អឹង One Modular architecture របស់ GWM ដែលអភិវឌ្ឍន៍ឡើងជាពិសេសសម្រាប់ការផលិតរថយន្តដែលដំណើរដោយប្រព័ន្ធ ICE, PHEV, HEV, BEV, និង FCEV។ តាមរូបភាពបង្ហាញថា Haval HX ថ្មីនេះ មានការឌីស្សាញរូបរាងបែប blocky body shape, មានដំបូងរាបស្មើរ, បំពាក់ដៃទ្វារធម្មតា និងប្រើយ៉ាន់ប្រភេទកាំរាយ ឬ multi-spoke chrome-plated rim។
ផ្នែកខាងមុខរំលេចដោយចង្កៀងឌីស្សាញជារាងចតុកោណត្រួតពីលើគ្នា ជាមួយប៉ាណាតូចខាងក្រោម អក្សរ HAVAL នៅកណ្តាល, រន្ធលំហូរខ្យល់ធំ, កញ្ចប់មើលក្រោយធំមានក្តោបពណ៌ខ្មៅ និងមានសែនស័រ LiDAR នៅលើដំបូលជាដើម។ នៅផ្នែកខាងក្រោយឃើញមានបំពាក់នូវកង់សាគួជាប់ទ្វារក្រោយ ហើយរថយន្ត Flagship-SUV ថ្មីនេះ ក៏បំពាក់នូវប្រព័ន្ធប៊ូមដំណើរការឯករាជ្យហៅថា multi-link independent suspension។ Haval HX គឺជា full-size SUV ដែលមានតួរខ្លួនវែងជាងម៉ូដែល Haval H9 ជំនាន់ទីពីរដែលមានប្រវែងតួរខ្លួន 4,950mm។
Haval HX អាចនឹងដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid 2.0-liter turbocharged កម្លាំង 235 សេះ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីពីរកម្លាំង រួមនឹងប្រព័ន្ធភ្លើងកម្លាំង 800V High-voltage ដែលមានសមត្ថភាពជម្រុញកម្លាំងម៉ូទ័រអគ្គិសនីបានដល់ 300kW (402hp)។ ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការអ្នកបើកបរវិញ Haval HX អាចនឹងបំពាក់នូវប្រព័ន្ធ ADAS ជំនាន់ចុងក្រោយរបស់ GWM ដែលមានភ្ជាប់មកជាមួយមុខងារ VLA (Vision, Language, Action) model ជាមួយមុខងារ Navigate On Autopilot (NOA) ដែលអាចដំណើរការបានទាំងផ្លូវក្នុងក្រុង និងផ្លូវល្បឿនលឿន (Highways)។ បន្ថែមពីនេះក៏មានមុខងារចូលចតស្វ័យប្រវត្តិ ឬ autonomous parking ផងដែរ។
សូមបញ្ជាក់ថា Haval គឺជាម៉ាកយីហោរថយន្តដែលស្ថិតនៅក្រោមដំបូលរបស់ក្រុមហ៊ុន Great Wall Motor ឬ GWM ដែលបច្ចុប្បន្ន Haval មានវត្តមាននៅលើទីផ្សារបណ្តាប្រទេសមួយចំនួនរួមទាំងទីផ្សារអាហ្វ្រិកខាងត្បូង និងអូស្ត្រាលីជាដើម៕




