
នៅពេលនេះ Honor Magic 8 ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមមានការបែកធ្លាយជាច្រើនហើយ។ បើតាមការបែកធ្លាយចុងក្រោយបំផុត បានបញ្ជាក់អំពីទំហំអេក្រង់ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូននេះហើយ។ តាមរយៈនៃការបែកធ្លាយនេះ បញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវទំហំផ្សេងគ្នាចំនួន 3 ទៅលើស្មាតហ្វូននេះ ដើម្បីជាការផ្តោតទៅលើចំណង់ចំណូលចិត្តគ្រប់ប្រភេទអតិថិជនទាំងអស់នៅក្នុងទីផ្សាររបស់ប្រទេសចិន។
យោងតាមអ្នកទម្លាយ @SmartPikachu ដែលបញ្ជាក់នៅលើ Weibo អោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Honor Magic 8 series នេះអាចនឹងមានអេក្រង់ចំនួន 3 ផ្សេងគ្នា រួមមានដូចជា តូច កណ្តាល និងធំ។ អេក្រង់របស់ស្មាតហ្វូន Magic 8 នេះអាចនឹងមានទំហំចាប់ពី 6.3 អ៊ីង’ ទៅ 6.8 អ៊ីង។ សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ គឺមានអេក្រង់ទំហំ 6.3-អ៊ីង ខណៈពេលដែលស្មាតហ្វូន Magic 8 RSR អាចនឹងមានអេក្រង់ទំហំ 6.8-អ៊ីង។ ស្មាតហ្វូនម៉ូដែល Pro អាចនឹងមានអេក្រង់ទំហំ 6.59 អ៊ីង ឬ 6.6 អ៊ីង ។ ក្រុមហ៊ុនHonor អាចនឹងប្រើប្រាស់នូវកញ្ចក់ LTPO OLED សម្រាប់ស្មាតហ្វូនទាំងនេះផងដែរ។

សូមជំរាបថា បើមើលទៅលើស្មាតហ្វូន Magic 7 គឺមានអេក្រង់ទំហំ 6.78-អ៊ីង ខណៈពេលដែលស្មាតហ្វូនម៉ូឌែល Pro និង RSR Porsche Design គឺមានអេក្រង់ទំហំ 6.8-អ៊ីង។ សម្រាប់ស្មាតហ្វូនអេក្រង់តូច កណ្តាល និងធំនេះ គឺអាចគ្របដណ្តប់ទៅលើអ្នកប្រើប្រាស់ទាំងអស់នៅក្នុងទីផ្សារ។ ចំពោះអ្នកជំនាញភាគច្រើន គឺជ្រើសរើសនូវស្មាតហ្វូនដែលមានអេក្រង់ធំ។ ការប្រើប្រាស់នូវយុទ្ធសាស្រ្តអេក្រង់ផ្សេងគ្នានេះ ក្រុមហ៊ុន Honor មានគោលដៅចង់បង្កើនទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលទៅកាន់ស្មាតហ្វូនប្រណិតរបស់ខ្លួន។ ស្មាតហ្វូនអេក្រង់តូចជាងគេនេះ នឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន iPhones mini នៅលើទីផ្សារផងដែរ៕
