
នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី Honor Magic 9 series បាននឹងកំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍ ហើយស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះ ដូចទៅនឹងស្មាតហ្វូនជំនាន់មុននេះផងដែរ ហើយម៉ូដែលនេះ ក៏នឹងប្រើប្រាស់នូវអេក្រង់រាបស្មើជំនួសអោយអេក្រង់គែមកោងផងដែរ។ បន្ថែមពីនេះទៀត តាមការទម្លាយចេញពី DirectorShiGuan បានបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូន Honor Magic 9 Series នេះ ពិតជាបង្ហាញខ្លួននៅក្នុងខែតុលាដូចទៅនឹងស្មាតហ្វូន Magic 8 series ផងដែរ។
បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 series នេះ នឹងមានអេក្រង់រាបស្មើ និងលានពេញគែម។ ដូច្នេះ ប្រសិនបើនេះ គឺជាការពិតនោះ ស្មាតហ្វូន Flagship នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតនៅក្នុងត្រកូលស្មាតហ្វូន Honor ដែលមានការផ្លាស់ប្តូរទៅលើការឌីស្សាញនោះ។ បើធ្វើការប្រៀបធៀប ស្មាតហ្វូន Magic 8 Pro មានអេក្រង់គែមកោងនៅលើជ្រុងទាំង 4 ដែលបង្ហាញនូវភាពទាន់សម័យ និងប្រណិតភាពបំផុតពេលដែលបានកាន់នៅក្នុងដៃ។

សម្រាប់ហេតុផលដ៏សំខាន់មួយទៀតដែលក្រុមហ៊ុនសម្រេចប្រើប្រាស់នូវអេក្រង់រាបស្មើនេះ គឺដើម្បីអាចបន្ថយទៅលើតម្លៃនៃការផលិតជាងការប្រើប្រាស់នូវអេក្រង់គែមកោង។ ស្មាតហ្វូន Flagship series នេះ ក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា ARRI imaging ដែលមានការពង្រឹងទៅលើសមត្ថភាពនៃការថតវីដេអូ និងការថតរូបភាពផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនថ្មីនេះ ក៏នឹងប្រើប្រាស់នូវ MagicOS 11 ដែលនឹងផ្តល់នូវបទពិសោធន៍មិនធម្មតានោះទេក្នុងការប្រើប្រាស់៕
