
Huawei MatePad Mini និង MatePad Pro 12.2 ពណ៌ស្វាយ ចាប់ផ្តើមលក់ជាផ្លូវការហើយ!
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបានបង្ហាញនូវពណ៌ស្វាយ (Purple) ថ្មី សម្រាប់ថេប្លេត MatePad Mini និង MatePad Pro 12.2 ហើយ នៅថ្ងៃនេះ ថេប្លេតពណ៌ថ្មីនេះ បានលក់ជាលើកដំបូងបំផុត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានលក់ថេប្លេតថ្មីនេះនៅលើវេបសាយ VMall ដែលជាគេហទំព័រ e-commerce ផ្លូវការរបស់ក្រុមហ៊ុននេះផងដែរ។ នៅថ្ងៃនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមពង្រីកនូវថេប្លេតពណ៌ស្វាយនេះ ទៅកាន់ផលិតផលរបស់ខ្លួនហើយ ដែលធ្វើអោយថេប្លេតថ្មីនេះ កាន់តែប្រណិតក្នុងការប្រើប្រាស់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី 23 នេះ ក្រុមហ៊ុន OEM នេះ បានបង្ហាញនូវពណ៌ស្វាយសម្រាប់ថេប្លេតកំពូលៗរបស់ខ្លួនរួមមាន Huawei MatePad Mini និង MatePad Pro 12.2 ហើយពេលនេះថេប្លេតនេះចាប់ផ្តើមលក់ហើយ។ MatePad Mini ពណ៌ស្វាយមានទំហំ 12GB+256GB មានតម្លៃ 3299 យ៉ន់ ខណៈដែលថេប្លេត PaperMatte ទំហំ 12GB+256GB មានតម្លៃ 3799 យ៉ន់។ សម្រាប់ថេប្លេត MatePad Pro 12.2 ទំហំ 12GB+512GB Purple មានតម្លៃ 4499 យ៉ន់ ខណៈដែល PaperMatte ទំហំ 12GB+512GB មានតម្លៃ 5099 យ៉ន់។
ថេប្លេតថ្មីនេះ មានអេក្រង់ទំហំ 8.8 អ៊ីងទ្រទ្រង់នូវអេក្រង់ប្រភេទ PaperMatte ហើយនិងមានពន្លឺខ្ពស់ដល់ទៅ 1800nits peak brightness។ ថេប្លេតនេះ ត្រូវបានគេនិយាយថា អាចប្រកួតប្រជែងបានជាមួយនឹង iPad mini របស់ក្រុមហ៊ុន Apple ដែលមានរូបរាងតូច ប៉ុន្តែមានលក្ខណៈពិសេសមិនធម្មតានោះទេ។ សម្រាប់ថេប្លេត Huawei MatePad Pro 12.2 អ៊ីងវិញ គឺមានការបំពាក់នូវ dual-layer OLED + PaperMatte ជាមួយនឹងពន្លឺអេក្រង់ 2000nits និងបទពិសោធន៍កម្រិត PC-level ថែមទៀតក្នុងការប្រើប្រាស់នូវ Apps។

ថេប្លេត Flagship ថ្មីនេះ មានថាមពលថ្មទំហំ 10100mAh សាកថ្មពី 0% ទៅ 85% ប្រើប្រាស់ពេលត្រឹមតែ 40 នាទីប៉ុណ្ណោះ។ បន្ថែមពីនេះ ថេប្លេតនេះ ក៏មានការប្រើប្រាស់ជាមួយនឹង Huawei Keyboard និង Stylus ផងដែរ៕
