
ដូចការគ្រោងទុក ក្រុមហ៊ុន Huawei បានប្រកាសចេញនូវ Huawei Pura 90 ដែលជាស្មាតហ្វូនលំដាប់ Flagship ចុងក្រោយបំផុតរបស់ខ្លួន ដែលស្ថិតនៅក្នុងត្រកូលស្មាតហ្វូន Pura 90 Series ហើយ។ ស្មាតហ្វូន Huawei Pura 90 ថ្មីនេះ មានកម្រិតទាបជាងស្មាតហ្វូន Pro និង Pro Max ប៉ុន្តែមានលក្ខណៈពិសេសគួរអោយភ្ញាក់ផ្អើលទៅលើកាមេរ៉ា ថាមពលថ្ម និងការឌីស្សាញរូបរាង។

ជំនួសអោយការប្រើប្រាស់នូវការឌីស្សាញទម្រង់ Symmetrical Triple-camera Layout ដែលមាននៅលើស្មាតហ្វូន Pro Max នោះ សម្រាប់ស្មាតហ្វូន Pura 90 នេះ គឺមានការឌីស្សាញទម្រង់ Asymmetrical។ ម៉ូឌុលកាមេរ៉ានេះ មានរង្វង់កាមេរ៉ាធំមួយជាមួយនឹងសិនស័រតូចៗនៅក្នុងរង្វង់នេះ។ ស្មាតហ្វូន Huawei Pura 90 ថ្មីនេះ មានអេក្រង់ទំហំ 6.8 អ៊ីង គាំទ្រជាមួយនឹងរន្ធ Pill-Shaped Punch-Hole នៅកណ្តាលអេក្រង់នេះតែម្តង។ បើមើលទៅលើស្មាតហ្វូន Huawei Pura 90 Pro Series គឺប្រើប្រាស់នូវការឌីស្សាញ Single Punch-Hole ទាំងអស់។

បើទោះបីជាស្មាតហ្វូននេះ ស្ថិតនៅកម្រិតទាបជាងគេ ប៉ុន្តែសមត្ថភាពកាមេរ៉ារបស់វាមិនធម្មតានោះទេ។ ស្មាតហ្វូន Pura 90 បំពាក់នូវកាមេរ៉ាគោលទំហំ 50MP RYYB គាំទ្រជាមួយនឹងមុខងារទប់លំនឹង OIS និងកម្រិត f/1.8 Aperture និង 12.5MP RYYB ultra-wide (f/2.2) ហើយនិង 50MP Periscope Telephoto ទ្រទ្រង់ជាមួយនឹង 3.7x optical zoom និង OIS។ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវ Huawei’s Red Maple color system ក្នុងការពង្រឹងទៅលើកម្រិតគុណភាពពណ៌យ៉ាងរលូនទៀតផង។ ទាក់ទងនឹងកាមេរ៉ាមុខស្មាតហ្វូននេះ គឺមានទំហំ 50MP selfie ហើយក៏មានការបន្ថែមនូវបច្ចេកវិទ្យា Red Maple នេះផងដែរ។ បច្ចេកវិទ្យានេះ មិនមាននៅលើស្មាតហ្វូន Pro និង Pro Max ទេ។

ស្មាតហ្វូន Pura 90 នេះ មានបំពាក់នូវថាមពលថ្មទំហំ 6,500mAh ដែលមានទំហំធំជាងស្មាតហ្វូន Pro Max ដែលមានទំហំថ្ម 6,000mAh។ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 100W Fast Charging ផងដែរ។ ខុសប្លែកពីបន្ទះឈីប Kirin 9030 series នោះ ស្មាតហ្វូន Pura 90 នេះ មានការប្រើប្រាស់នូវបន្ទះឈីប Kirin 9010S ដែលមានការបង្កើនសមត្ថភាពខ្លាំងជាងម៉ូឌែលមុនដល់ទៅ 15%។

ស្មាតហ្វូន Huawei Pura 90 នេះ ដំណើរការនូវ HarmonyOS 6.1 ដែលមានការនាំយកនូវ AI-Focused Experience, Visual Refresh និង Xiaoyi assistant។ ស្មាតហ្វូន Pura 90 នេះ មានកម្រាស់ 7mm។ បើមើលទៅលើតម្លៃវិញនោះ ស្មាតហ្វូន Huawei Pura 90 មានតម្លៃ 4,699 យ៉ន់សម្រាប់ទំហំ 12GB+256GB និងតម្លៃ 5,199 យ៉ន់សម្រាប់ទំហំ 12GB+512GB ហើយនិងតម្លៃ 5,699 យ៉ន់សម្រាប់ទំហំ 16GB+512GB៕
