ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងប្រចាំទីផ្សារអូស្ត្រាលី Hyundai Australia បានបញ្ជាក់ផ្លូវការណ៍ថា ខ្លួនបានត្រៀមក្នុងការនាំយកឡានអគ្គិសនី Compact Hatchback ស៊េរីថ្មីម៉ូដែល Hyundai Ioniq 3 EV ឆ្នាំ 2027 ទៅកាន់បន្ទប់តាំងបង្ហាញ (Showroom) ក្នុងប្រទេសអូស្ត្រាលីនៅដើមឆ្នាំ 2027 ប៉ុន្តែ Ioniq 3 EV 2027 មិនទាន់ត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍នៅឡើយទេ។

បើយោងទៅលើសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក David Rodda នាយកផ្នែកលក់របស់ក្រុមហ៊ុន Hyundai Motor Company Australia បាននិយាយថា រថយន្តអគ្គិសនី hatchback ស៊េរីថ្មីនេះ នឹងបង្កើតជាផ្នែកមួយនៃផែនការរបស់ម៉ាក Hyundai សម្រាប់ការគ្របដណ្តប់ទីផ្សារឡានអគ្គិសនីទាំងអស់ក្រុមហ៊ុនឱ្យបានកាន់តែទូលំទូលាយ។ លោក Rodda បានមានប្រសាសន៍បន្ថែមទៀតថា “រថយន្តអគ្គិសនីដែលមានស្រាប់របស់យើងបាននឹងកំពុងគ្របដណ្តប់ទីផ្សារ 85% រួចហើយ ហើយជាមួយនឹងការណែនាំបង្ហាញរថយន្ត Van ថ្មីម៉ាក Staria នៅចុងឆ្នាំនេះ រួមនិងម៉ូដែល Ioniq 3 2027 នៅដើមឆ្នាំក្រោយ យើងរំពឹងថា នឹងឈានដល់ការគ្របដណ្តប់ទីផ្សាររថយន្តអគ្គិសនីសរុប 96%។”

ទោះជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មានលម្អិតអំពីការផលិតម៉ូដែល Hyundai Ioniq 3 EV 2027  រួមទាំងរចនាប័ទ្ម រយះចម្ងាយបើកបរ និងប្រព័ន្ធដំណើរការ ក្រុមហ៊ុននៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយ Hyundai គ្រាន់តែបង្ហាញផែនការជាមុនសម្រាប់ម៉ូដែលនេះ ដែលបានបង្ហាញពីគម្រោងសម្រាប់ការផលិតកាលខែកញ្ញា ក្នុងឆ្នាំ 2025។ តាមរយះគំរូឌីស្សាញរបស់ Hyundai Ioniq 3 2027 ដែលក្រុមហ៊ុនធ្លាប់ត្រូវបានបង្ហាញកន្លងមកបានបង្ហាញថា ឡានអគ្គិសនី Hatchback ស៊េរីថ្មីនេះ គឺមានការឌីស្សាញទំហំរូបរាងស្រដៀងគ្នានឹងឡានអគ្គិសនីម៉ូដែល Volkswagen Golf, MG 4, និង BMW i30 hatch ដែរ គ្រាន់តែមានទំហំតួរខ្លួនរាងទូលាយជាង មានការឌីស្សារំលេចជាមួយពណ៌លឿងច្រើននៅផ្នែកខាងក្នុងកាប៊ីន រួមនឹងកន្ទុយ Spoiler ក្រោយរចនាបែបថ្លា ឬ Transparent Spoiler ជាដើម។

Hyundai Ioniq 3 EV 2027 នឹងត្រូវបានផលិតឡើងដោយប្រើប្រាស់ទម្រង់ប្រព័ន្ធគ្រោងឆ្អឹង 400-volt E-GMP platform ដែលប្រើនៅលើម៉ូដែល Kia EV3 ជាមួយជម្រើសកញ្ចប់ថ្មទំហំ 58kWh និង 81kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 436km និងដល់ 604km ដូចគ្នានឹងម៉ូដែល Kia EV3។ ចំនែកប្រព័ន្ធដំណើរការវិញ Ioniq 3 EV 2027 អាចប្រើប្រាស់ទម្រង់ប្រហាក់ប្រហែលគ្នានឹង Kia EV3 ដែរ ដោយគ្រប់ម៉ូដែលទាំងអស់ គឺដំណើរការដោយប្រព័ន្ធម៉ូទ័រខាងមុខមួយ ឬ Front-wheel-drive motor ដែលអាចផលិតកម្លាំងបាន 150kW និងកម្លាំងរមួល 283Nm។

ការផលិតរថយន្ត Ioniq 3 ត្រូវបានកំណត់នៅក្នុងប្រទេសទួរគី មិនដូចរថយន្ត Kia EV3 ដែលមានប្រភពផលិតមកពីប្រទេសកូរ៉េខាងត្បូង ដូចនេះអាចនាំឱ្យមានតម្លៃក្នុងស្រុកខ្ពស់ជាងមុនដោយសារតែភស្តុភារសម្រាប់ការផលិត និងការដឹកជញ្ជូន។ ចំពោះតម្លៃរបស់ Hyundai Ioniq 3 EV 2027 ត្រូវបានគេព្យាករណ៍ថា ធូរថ្លៃជាង Kia EV3 ដែលបច្ចុប្បន្នចេញលក់នៅទីផ្សារអូស្រ្តាលីជាមួយតម្លៃចាប់ពីខ្ទង់ $47,600 ដល់ $63,950 (មិនទាន់បូកពន្ធ) ខណៈបច្ចុប្បន្នរថយន្តអគ្គិសនីរបស់ Hyundia ដែលមានតម្លៃធូរថ្លៃចេញលក់ក្នុងទីផ្សារអូស្ត្រាលី គឺចាប់ពីខ្ទង់ $39,000៕