មានព័ត៌មានចចាមអារាមមួយចំនួនបាននិយាយថា ទូរស័ព្ទ iPhone បំពាក់អេក្រង់បត់ដំបូងរបស់ Apple នឹងប្រើប្រាស់ឈ្មោះថា iPhone Ultra។ ប៉ុន្តែ ឈ្មោះនៃម៉ាក Ultra នេះ គឺមិនមែនមានតែសម្រាប់ iPhone ប៉ុណ្ណោះទេ ក៏នឹងមានផលិតផលផ្សេងទៀតផងដែរ។ ស្មាតហ្វូនបត់អេក្រង់ដំបូងរបស់ Apple គឺនឹងត្រូវបានហៅថា iPhone Ultra ដោយមិនប្រើឈ្មោះថា iPhone 18 Ultra នោះទេ ដូចជា Apple ប្រើឈ្មោះហៅនៅលើ iPhone Air ដោយមិនប្រើឈ្មោះថា iPhone 17 Air ដូច្នោះដែរ។
ជាមួយនឹងការប្រើប្រាស់ឈ្មោះថ្មីសម្រាប់ជំនាន់ថ្មីរបស់ iPhones គឺ iPhone Ultra នេះ ត្រូវបានគេព្យាករណ៍ថា Apple អាចនឹងប្រកាសចេញម៉ូដែលនេះ នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មី iPhone 18 Series ដែលធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ 2026 នោះ ដោយ iPhone Ultra អាចនឹងត្រូវប្រកាសចេញក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ដែលនឹងត្រូវធ្វើឡើងនៅពីរបីសប្តាហ៍បន្ទាប់ពីការប្រកាសចេញ iPhone 18 Series។
iPhone Ultra នឹងប្រកាសចេញដំណាលគ្នាជាមួយនឹង MacBook Ultra ដែលប្រើប្រាស់បច្ចេកវិទ្យាអេក្រង់បត់ថាច់ស្រ្គីន OLED touchscreen។ MacBook Ultra នឹងក្លាយជាម៉ាស៊ីន MacBook ដំបូងគេដែលប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថាច់ស្រ្គីន និងជា MacBook ដំបូងគេដែលប្រើបច្ចេកវិទ្យាអេក្រង់ OLED Panel។ MackBook Ultra នឹងមានតម្លៃខ្ពស់ជាង MacBook Pro ដែលមានតម្លៃថ្លៃស្រាប់ក្នុងពេលបច្ចុប្បន្ន។ ហើយតម្លៃថ្លៃដូចនេះ ក៏ដោយសារតែការប្រើប្រាស់ស្លាកឈ្មោះថ្មីហៅថា Ultra ដូចជានាឡិកាឆ្លាតវៃ Apple Watch Ultra ដែលមានតម្លៃថ្លៃជាងធៀបនឹងម៉ូដែល Apple Watch Series ទូទៅ។
បើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា MacBook Ultra ទំនងជានឹងប្រកាសចេញលក់នៅក្នុងឆមាសដំបូងនៃឆ្នាំ 2027 ខណៈពេលដែលការប្រកាសចេញផ្លូវការណ៍ដំបូងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅចុងឆ្នាំ 2026 នេះ។ ការពន្យាពេលចេញលក់ MacBook Ultra អាចបណ្តាលមកពីកង្វះខាត់ផ្នែកផ្គត់ផ្គង់ RAM។ MacBook Ultra ត្រូវបានគេនិយាយថា “នឹងផ្តល់ជូននូវលក្ខណៈពិសេស និងបច្ចេកវិទ្យាប្រើប្រាស់ថ្មីទាំងស្រុង” បើប្រៀបធៀបទៅនឹងម៉ូដែល MacBook ដែល Apple មានស្រាប់ គ្រាន់តែលក្ខណៈសម្បត្តិរបស់ម៉ាស៊ីន MacBook ថ្មីនេះ នៅមិនទាន់ត្រូវបានបង្ហាញនៅឡើយក្នុងពេលនេះ។
ដោយឡែកសម្រាប់ឧបករណ៍ដែលមានម៉ាកយីហោ Ultra របស់ Apple បន្ទាប់ទៀតត្រូវបានគេបង្ហើបថា អាចជា Foldable iPad Ultra ដែលនឹងប្រកាសចេញនៅពេលដែលលោក John Ternus ដែលជានាយកប្រតិបត្តិបន្ទាប់របស់ Apple ចូលកាន់ដំណែងបន្តពីលោក Tim Cook។ ហើយ Foldable iPad Ultra ក៏នឹងក្លាយជាម៉ូដែលមានតម្លៃថ្លៃជាងធៀបនឹង iPad Series ដែល Apple មានក្នុងពេលបច្ចុប្បន្ននេះផងដែរ៕