Jaecoo 8 SHS-P គឺជាឡាន Flagship Hybrid SUV ស៊េរីថ្មីដែលទើបតែត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅក្នុងទីផ្សារចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះ។ Jaecoo 8 SHS-P មានជម្រើស 6-កៅអី និង 7-កៅអី ហើយមានតម្លៃចាប់ពីខ្ទង់ប្រហែល $59,706 សម្រាប់ម៉ូដែល 8 SHS-P Luxury 7-កៅអី និង $62,360 សម្រាប់ម៉ូដែល 8 SHS-P Executive 6-កៅអី ។
នៅក្នុងឆ្នាំ 2025 ម៉ូដែល Jaecoo 7 បានក្លាយជាម៉ូដែលរថយន្ត Flagship SUV ដែលលក់ដាច់បំផុតក្នុងរយះពេលមួយខែនៃការចេញលក់ក្នុងទីផ្សារចក្រភពអង់គ្លេស។ ក្នុងឆ្នាំ 2025 ម៉ូដែល Jaecoo 7 ជាប់ចំណាត់ថ្នាក់លេខបីជារថយន្ត SUV គ្រួសារដែលលក់ដាច់បំផុតក្នុងទីផ្សារចក្រភពអង់គ្លេសជាមួយចំនួនដែលលក់បានច្រើនជាង 5,500 គ្រឿង ហើយក៏ជាឆ្នាំដែលម៉ាកយីហោឡាន Jaecoo មានកំណើននៃការគាំទ្រខ្លាំងផងដែរ។ សរុបមក Jaecoo ទទួលបានការចុះបញ្ចីរថយន្តថ្មីចំនួនច្រើនជាង 28,000 គ្រឿង ទទួលបានចំនែកទីផ្សារសរុប 1.4% និងមានកំណើនការលក់ធៀបពីមួយឆ្នាំទៅមួយឆ្នាំដល់ទៅ 13,000%។
Jaecoo 8 SHS-P ដែលជាជំនាន់ថ្មី នឹងត្រូវចូលខ្លួនកំដរទីផ្សារជាមួយនឹងម៉ូដែល Jaecoo 7 នៅទីផ្សារចក្រភពអង់គ្លេស។ ហើយក្រុមហ៊ុនមានរំពឹងខ្ពស់ថាម៉ូដែលថ្មីនេះ គឺនឹងជួយបន្តដំណើរការលក់រថយន្តរបស់ខ្លួនក្នុងទីផ្សារចក្រភពអង់គ្លេសកាន់តែល្អប្រសើរឡើងបន្តទៀត។ Jaecoo 8 SHS-P ទាំងម៉ូដែល Luxury និង Executive គឺដំណើរការដោយប្រព័ន្ធ Super Hybrid System នៅលើម៉ាស៊ីនសាំង 1.5-litre turbocharged ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិប្រភេទ DHT មាន 3-វគ្គ។ ឡាន Flagship Hybrid SUV គ្រួសារនេះ អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-60mph ចាយពេលប្រមាណ 5.8 វិនាទី និងមានកម្រិតបំភាយឧស្ម័ន CO2 តិចត្រឹមតែ 14g/km។
Jaecoo 8 SHS-P អាចបើកបរបានចម្ងាយដល់ជាង 1,126.54km នៅពេលសាកថ្ម និងចាក់សាំងពេញម្តង។ ចំនែកការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ គឺអាចបានចម្ងាយជាង 133km នេះ បើតាមការអះអាងពី Chery ដែលជាក្រុមហ៊ុនមេរបស់ Jaecoo។ ឡានអគ្គិសនីលាយសាំងស៊េរីថ្មីនេះ គាំទ្រការសាកថ្មល្បឿនលឿនដែលការសាកពី 30% ទៅ 80% ចាយពេលខ្ទង់ប្រមាណជា 20 នាទីប៉ុណ្ណោះ។ ទៅលើការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងរបស់ Jaecoo 8 SHS-P គឺមានភាពប្រណីតនិយមទាន់សម័យ ដោយនៅផ្នែកកាប៊ីនខាងក្នុងមានបំពាក់ដោយអេក្រង់បង្ហាញព័ត៌មាន អេក្រង់កម្សាន្តធំភ្លឺច្បាស់ ជាមួយដៃចង្កូតរាងអក្សរ D និងកៅអីស្បែកទាន់ល្មើយផ្តល់នូវផាសុខភាពខ្ពស់សម្រាប់ការបើកបរក្នុងដំណើរការកម្សាន្តជិត ឬឆ្ងាយ។
សម្រាប់កៅអីជួរខាងមុខរបស់ Jaecoo 8 SHS-P ជាប្រភេទ zero-gravity seat អាចកាច់ទម្រេបានមុំ 123 ដឺក្រេ ព្រមទាំងមាន Boss Button សម្រាប់ធ្វើការកំនត់មុខងារផ្សេងៗថែមទៀតផង។ បន្ថែមពីនេះ ក៏មានភ្ជាប់មកជាមួយមុខងារខ្យល់ក្តៅ ត្រជាក់ និងម៉ាស្សា ផងដែរ។ ក្នុងពេលនេះ Jaecoo បានបើកទទួលការបញ្ជាទិញ Jaecoo 8 SHS-P Series ថ្មីជាផ្លូវការណ៍ក្នុងទីផ្សារចក្រភពអង់គ្លេស ហើយការនាំចេញផ្លូវការណ៍អាចនឹងធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ 2026 ខាងមុខនេះ។ ហើយក្រុមហ៊ុន Jaecoo England ក៏មានការធានាលើការប្រើប្រាស់ទូទៅដល់ទៅ 7 ឆ្នាំ និងធានាលើកញ្ចប់ថ្មដល់ទៅ 8 ឆ្នាំថែមទៀតផង៕


