ក្រុមហ៊ុនផលិតរថយន្តម៉ាក Li Auto បានធ្វើការស្នើរសុំចុះបញ្ចីរថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួនជាផ្លូវការណ៍នៅកាន់ស្ថាប័ន Ministry of Industry and Information Technology (MIIT) របស់ប្រទេសចិន។ រថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ Li Auto មានឈ្មោះថា Li Auto i9 ដែលជាប្រភេទរថយន្ត Flagship Electronic SUV។ Li Auto i9 អាចនឹងត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នៅក្នុងខែកញ្ញា ឆ្នាំ 2026 ខាងមុខ ហើយការនាំចេញក៏ត្រូវធ្វើឡើងនៅចុងខែកញ្ញាផងដែរ។
ការឌីស្សាញរូបរាងខាងក្រៅរបស់ Li Auto i9 គឺរក្សាភាសារចនាប្រចាំត្រកូល “i” Series របស់ក្រុមហ៊ុនដដែល ក្នុងនោះមានប្រព័ន្ធគ្រោងឆ្អឹងទ្រដំបូងរចនាបែប A-Pillar ជាមួយពណ៌ dual-tone body និងប្រព័ន្ធភ្លើងបំភ្លឺពេលថ្ងៃហៅថា “ring-shaped daytime running light” មានទីតាំងស្ថិតនៅខាងក្រោមកញ្ចក់ដំបូលខាងមុខ។ ចំណែកចង្កៀងបំភ្លឺសងខាងស្ថិតនៅជាប់ជាមួយកាងខាងមុខតែម្តង។ Li Auto i9 មានតួរខ្លួនប្រវែង 5,225mm/ ទទឹង 1,970mm/ កំពស់ 1,752mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,168mm។ បើធៀបទៅនឹងម៉ូដែល i8 បច្ចុប្បន្ន i9 មានប្រវែងខ្លួនវែងជាងប្រមាណ 140mm និងគម្លាតកង់មុខទៅកង់ក្រោយវែងជាង 118mm។
ហើយនៅលើដំបូងរបស់ Li Auto i9 ក៏ឃើញមានបំពាក់នូវ LiDAR Sensor និងចំហៀងបំពាក់ជាមួយទ្វារថ្មី semi-hidden-door-handle។ ចូលមកផ្នែកកាប៊ីនរបស់ Li Auto i9 វិញ គឺមានភាពធំទូលាយ និងផាសុខភាពដូចគ្នាទៅនឹងកាប៊ីនរបស់ម៉ូដែល Li Auto Mega ដែរ ក្នុងនោះសម្រាប់កៅអីជួរទីពីរជាប្រភេទ zero-gravity electric rotation seat អាចបង្វិលទៅចំហៀងបាន 45 ដឺក្រេ និង 90 ដឺក្រេ និងបង្វិលបានដល់ 180 ដឺក្រេសម្រាប់មុខងារ face-to-face mode។ Auto i9 ដំណើរការដោយប្រព័ន្ធ dual-motor all-wheel-drive កម្លាំង 150kW (201hp) និង 250kW (335hp) អាចជាន់ល្បឿន Top Speed បានដល់ 200km/h។
រថយន្តស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្មប្រភេទ ternary lithium batteries ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL និង Sunwoda។ Li Auto i9 នៅគាំទ្រប្រព័ន្ធបច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងកម្រិត 800V high-voltage platform ដែលអនុញ្ញាតិឲ្យ i9 គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 5C supercharging technology ដោយការសាកភ្លើងតែ 10 នាទី អាចបើកបានចម្ងាយដល់ 400km។ ជាមួយកញ្ចប់ថ្មទំហំ 120kWh អាចឲ្យ Li Auto i9 អាចបើកបរបានចម្ងាយប្រហែល 800km ក្រោមស្តង់ដារ CLTC នៅពេលសាកភ្លើងពេញម្តង។ Li Auto i9 អាចមានតម្លៃចាប់ពីខ្ទង់ $58,800 ទៅដល់ $73,500។ រថយន្តថ្មីនេះ នឹងក្លាយជាគូប្រជែងទីផ្សាររថយន្តអគ្គិសនីត Flagship SUV ក្នុងទីផ្សារប្រទេសចិនដូចជា Aito M9 និង Nio ES8 ជាដើម៕


