Lynk & Co ដែលជាម៉ាករថយន្តរងរបស់សម្ព័ន្ធក្រុមហ៊ុន Geely Group បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីលាយសាំង ឬ Plug-in-hybrid ម៉ូដែលថ្មី 07 GT wagon ដែលមានការឌីស្សាញរូបរាងខាងក្រៅបែបស្ទាយរថយន្តស័្ពរ ឬ Sporty-design។ Lynk & Co 07 GT Wagon គឺជាម៉ូដែលកែប្រែថ្មីចេញពីម៉ូដែល 07 EM-P Sedan។ ម៉ូដែល Wagon ថ្មីនេះ មានការកែប្រែលើមុខងារសំខាន់ៗមួយចំនួនពីលើម៉ូដែលស្តង់ដារ ក្នុងនោះមានបញ្ចូលនូវប្រព័ន្ធបើកបរ 4WD, ប្រព័ន្ធហ្រ្វាំង 4-piston brake calipers ក៏ដូចជាបង្កើនរយះចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបានដល់ 200km ជាដើម។ Lynk & Co 07 GT Wagon នឹងចាប់ផ្តើមបើកលក់ Pre-sale នៅទីផ្សារប្រទេសចិននាចុងខែមិថុនាខាងមុខនេះហើយ។
ការឌីស្សាញរបស់ Lynk & Co 07 GT Wagon គឺមានភាពខុសគ្នាពីម៉ូដែល 07 EM-P Sedan ដោយសារតែការឌីស្សាញម៉ូដែល Wagon នេះ គឺយកតាមគំរូនៃម៉ូដែល “The Next Day” 2022 Concept Car របស់ Lynk & Co ផ្ទាល់។ ទោះជាយ៉ាងណា សម្រាប់គុណសម្បត្តិលម្អិតរបស់ 07 GT Wagon មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហាញលម្អិតនោះទេ ប៉ុន្តែ តាមរយះម៉ូដែល 07 EM-P Sedan បានដំណើរការដោយប្រព័ន្ធ EM-P PHEV System ដែលអាចផលិតកម្លាំងបាន 402 សេះ ចេញពីម៉ាស៊ីនសាំង 1.5-liter turbo engine និងគាំទ្រដោយប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខមួយ ឬ Front-wheel-drive (FWD)។
សម្រាប់ Lynk & Co 07 GT Wagon ថ្មីដែលដំណើរការដោយប្រព័ន្ធ 4WD អាចនឹងប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីខាងក្រោយដែលដូចគ្នានឹងម៉ូដែល Lynk & Co 10 AWD EM-P ដែរ ហើយម៉ូទ័រក្រោយនេះអាចផលិតកម្លាំងបាន 120 សេះ។ ជាមួយគ្នានេះ 07 GT Wagon ក៏នឹងបង្កើនថាមពលថ្ម LFP ឡើងដល់ទំហំ 28.3 kWh ដែលផ្តល់លទ្ធភាពអាចបើកបរបានក្នុងចម្ងាយផ្លូវដល់ 200km ដោយប្រើអគ្គិសនីសុទ្ធ ហើយនិងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន ដែលសាកចូលពី 30% ទៅ 80% ចាយពេលប្រមាណ 14 នាទី ដូចគ្នានឹងម៉ូដែល 07 EM-P Sedan ដែរ។
Lynk & Co បាននិយាយថា 07 GT Wagon នឹងប្រើប្រាស់រង្វង់យ៉ាន់កងទំហំ 19-inch ប្រភេទ forged alloy rims, ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំង 4-piston brake callipers, និងប្រព័ន្ធប៊ូមពិសេស magnetorheological (MR) active suspension។ សម្រាប់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ ម៉ូដែល 07 GT Wagon ក៏មានភ្ជាប់នូវប្រព័ន្ធ LiDAR Sensor លើដំបូលខាងមុខសម្រាប់គាំទ្រដំណើរការនូវប្រព័ន្ធ G-Pilot (Qian Li Hao Han) H5 និង H7 assisted-driving system របស់ Geely។
Lynk & Co 07 GT Wagon មានប្រវែងបណ្តោយតួរខ្លួន 4,856mm/ ទទឹង 1,900mm/ កំពស់ 1,485mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,843mm។ រថយន្ត PHEV Sedan ម៉ូដែលថ្មីនេះ នឹងមានទំងន់សរុបពី 1,915kg ទៅ 2,029kg។ ម៉ូដែល 07 GT Wagon របស់ Lynk & Co គឺផលិតឡើងដោយផ្តោតសំខាន់ទៅលើទីផ្សារអ្នកប្រើប្រាស់ជាយុវវ័យ ព្រោះតែការឌីស្សាញរូបរាងបែបរថយន្តស្ព័រ “Sport Car” ដែលជាការទាក់ទាញអារម្មណ៍ និងពេញនិយមប្រើប្រាស់សម្រាប់យុវវ័យ។ រថយន្តម៉ូដែលថ្មីនេះអាចនឹងមានតម្លៃចាប់ពីខ្ទង់ $24,400៕






