ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Lynk & Co 10+ ត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញពីការឌីស្សាញរូបរាងជាផ្លូវការណ៍ហើយ ដោយរូបរាងរបស់ឡានអគ្គិសនីស៊េរីថ្មីនេះ គឺមានការឌីស្សាញបែបស្ព័រ ប្រហាក់ប្រហែលគ្នានឹងម៉ូដែល Lynk &Co Z10 ស៊េរីថ្មីដែរ។ ផ្អែកតាមរូបភាពដែលបានបង្ហាញចេញមកនេះ គឺបង្ហាញថា Lynk & Co10+ មានការឌីស្សាញដៃទ្វារលាក់ពាក់កណ្តាល ឬ semi-hidden-door handle, នៅខាងក្រោយមានបំពាក់ដោយកន្ទុយ Spoiler ទំហំធំ ហើយឡានអគ្គិសនីបែបស្ព័រនេះត្រូវបានគេរំពឹងថាអាចនឹងបំពាក់ម៉ូទ័រអគ្គិសនីដែលមានកម្លាំងខ្លាំងដល់ទៅ 680kW ឬ 912hp។ Lynk & Co 10+ នឹងចេញផ្លូវការណ៍នៅក្នុងប្រទេសចិនឆាប់ៗខាងមុខនេះ។


Lynk & Co 10+ នឹងមានបំពាក់សែនស័រ LiDAR នៅលើដំបូលខាងមុខ, កញ្ចក់ទ្វារឌីស្សាញគ្មានស៊ុម ឬ Frameless mirror ហើយនិងមានយ៉ាន់កង់ទំហំ 21-inch ជាមួយសម្បកកង់ស្ព័រ។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 5,050mm/ទទឹង 1,966mm/កម្ពស់ 1,468mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,005mm។ Lynk & Co 10+ នឹងគាំទ្រដំណើរការដោយប្រព័ន្ធជំនួយការអ្នកបើកបរ G-Pilot H5 assisted driving system ដែលភ្ជាប់ដំណើរការដោយសែនស័រ LiDAR, mm-wave radar 3 គ្រាប់, មានកាមេរ៉ា 11 គ្រាប់, Ultrasonic sensor 12 គ្រាប់ ដែលគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Drive Orin កម្រិត 254TOPS។
ឡានអគ្គិសនីស៊េរីថ្មីនេះ នឹងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរដែលផលិតដោយក្រុមហ៊ុន Quzhou Jidian Electric Vehicle Technology ដែលជាបុត្រសម្ព័ន្ធរបស់ Geely។ ដោយម៉ូទ័រខាងមុខប្រភេទ asynchronous YS220XYG01 e-motor អាចផលិតកម្លាំងបាន 310kW (416hp) និងម៉ូដែលខាងក្រោយប្រភេទ synchronous permanent magnet motor អាចផលិតកម្លាំងបាន 370kW (496hp) សរុបកម្លាំងម៉ូទ័រទាំងពីរបញ្ចូលគ្នាអាចផលិតបាន 680kW ឬ 912hp ដែលកម្លាំងនេះ គឺស្មើរគ្នានឹងម៉ូដែល Zeekr 001 ស៊េរីចុងក្រោយ។
Lynk & Co 10+ អាចជាន់ល្បឿនលឿនបំផុត (Top Speed) បានដល់ 240km/h ខណៈសន្ទុះល្បឿនពី 0-100km/h មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ Zeekr 001 ស៊េរីថ្មីចុងក្រោយអាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 2.91 វិនាទី ខណៈសន្ទុះល្បឿនដែល Lynk & Co 10+ អាចធ្វើបាន គឺប្រហែល 2.8 វិនាទី។ សម្រាប់កញ្ចប់ថ្មដែលត្រូវបានបំពាក់នៅលើ Lynk & Co 10+ អាចនឹងដូចគ្នាទៅនឹងកញ្ចប់ថ្មដែលប្រើនៅលើ Zeekr 001 ជាមួយជម្រើសពីរទំហំផ្សេងគ្នា គឺកញ្ចប់ថ្ម LFP ទំហំ 90kWh និង ternary NMC ទំហំ 103kWh ហើយឡានអគ្គិសនីស៊េរីថ្មីនេះ ក៏អាចនឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាភ្លើងកម្រិតខ្ពស់កម្លាំងខ្លាំងដល់ 900V high-voltage system ថែមទៀតផង៕

