
រថយន្តអគ្គិសនីជំនាន់ថ្មីរបស់ក្រុមហ៊ុនជប៉ុន Mazda ពីរម៉ូដែល គឺ Mazda 6e sedan និង CX-6e Crossover ពិតជាទទួលបានប្រជាប្រិយភាព និងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ហើយថ្មីៗនេះ ក្រុមហ៊ុន Mazda Australia បានទទួលការបញ្ជាទិញរថយន្តអគ្គិសនីជំនាន់ថ្មី Mazda 6e និង CX-6e ចំនួន 2,000 គ្រឿង នៅមុនពេលរថយន្តជំនាន់ថ្មីទាំងពីរម៉ូដែលនេះចេញលក់នៅទីផ្សារក្នុងស្រុក ហើយអតិថិជនក៏មានឱកាសទទួលបានបទពិសោធន៍ក្នុងការបើកបរសាកល្បងរថយន្តទាំងនោះផងដែរ។
ថ្លែងទៅកាន់បណ្តាញសារព័ត៌មានក្នុងស្រុក លោក Vinesh Bhindi ប្រធានក្រុមហ៊ុន Mazda Australia បាននិយាយថា ការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់មកលើ Mazda 6e និង CX-6e បង្ហាញពីភាពល្អប្រសើរសម្រាប់ម៉ូដែលទាំងពីរនេះ។ លោក Bhindi បានមានប្រសាសន៍បន្ថែមថា “ការបញ្ជាទិញដែលក្រុមហ៊ុនទទួលបាននៅពេលនេះ គឺមានចំនួនជាង 2,000 គ្រឿងរួចហើយ ហើយតួរលេខនេះក៏កំពុងកើនឡើងបន្ថែមទៀត”។ កាលពីខែឧសភា កន្លងទៅ រថយន្តអគ្គិសនីដែលមានទីផ្សារលក់ល្អបំផុតក្នុងប្រទសអូស្ត្រាលី គឺ Tesla Model Y ដែលលក់បានចំនួនដល់ 5,605 គ្រឿង ខណៈម៉ូដែលផ្សេងទៀតដូចជា BYD Sealion 7 លក់បានចំនួន 1,538 គ្រឿង, Geely EX5 លក់បានចំនួន 1,814 គ្រឿង និង Kia EV5 លក់បានចំនួន 437 គ្រឿង។
Mazda Australia បានឲ្យដឹងថា សម្រាប់ម៉ូដែល Mazda 6e គឺមានតម្លៃខ្ទង់ប្រហែល $49,999 (មិនទាន់បូកពន្ធ)ហើយរថយន្តអគ្គិសនី sedan ថ្មីនេះ អាចនឹងមកដល់បន្ទប់តាំងបង្ហាញក្នុងប្រទេសអូស្ត្រាលីឆាប់ៗខាងមុខនេះ។ ចំនែកម៉ូដែល Mazda CX-6e ដែលជា Crossover-EV វិញ គឺមានតម្លៃខ្ទង់ប្រហែល $53,990 ហើយការនាំចេញម៉ូដែលនេះអាចនឹងចាប់ផ្តើមដំបូងចុងឆ្នាំ 2026 នេះ។ Mazda 6e ជំនាន់ថ្មីឆ្នាំ 2026 ជារថយន្តអគ្គិសនីដែលដំណើរការដោយម៉ូទ័រអគ្គិសនីមួយកម្លាំង 190kW និងកម្លាំងរមូល 290N.m គាំទ្រដំណើរការដោយថាមពលកញ្ចប់ថ្មទំហំ 78kWh ប្រភេទថ្ម Lithium-phosphate battery ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយប្រហែល 560km ក្រោមស្តង់ដារបើកបរ WLTP។ រថយន្តអគ្គិសនី Sedan នេះ គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កម្លាំង 194kWh ដែលការសាកភ្លើងពី 30 ទៅ 80% ចាយពេលខ្ទង់ 15 នាទី។
ចំនែក Mazda CX-6e ឆ្នាំ 2026 វិញ គឺស្ថិតក្នុងអម្បូររថយន្តអគ្គិសនី mid-size SUV ដែលដំណើរការដោយម៉ូទ័រអគ្គិសនីមួយកម្លាំង 258 សេះ និងកម្លាំងរមួល 290N.m អាចជាន់ស្ទុះល្បឿនពី 0-100km/h ប្រើពេល 7.9 វិនាទី និងជាន់ល្បឿន Top Speed បាន 185km/h។ CX-6e គាំទ្រថាមពលដំណើរការដោយកញ្ចប់ថ្ម LFP ទំហំ 78kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 484km (WLTP) និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កម្លាំង 195kW ដែលការសាកភ្លើងចូលពី 10 ទៅ 80% ចាយពេលខ្ទង់ 24 នាទី ព្រមទាំងអាចសាកភ្លើង AC នៅផ្ទះបានជាមួយកម្លាំងសាក 11kW Three-phase AC Charger ផងដែរ៕




