Mazda CX-30 ឆ្នាំ 2027 ប្រើម៉ាស៊ីន mild-hybrid កម្លាំង 183 សេះ ត្រៀមចេញលក់នៅអូស្ត្រាលីចុងឆ្នាំ 2026 នេះ
CX-30 ស៊េរីឆ្នាំ 2027 គឺជារថយន្ត SUV ខ្នាតតូច ឬ Small-SUV ដែលត្រូវបានក្រុមហ៊ុនធ្វើការកែលម្អមកជាមួយប្រព័ន្ធមុខងារប្រើប្រាស់ថ្មីៗកាន់តែមានភាពទំនើបជាងមុន ក្នុងនោះចំនុចពិសេសរបស់ CX-30 គឺការបំពាក់កៅអីខាងមុខជាប្រភេទកៅអីខ្យល់ ដែល Mazda បានប្រើនៅលើរថយន្ត CX-5 លើកាលពី 8 ឆ្នាំមុន។
ក្នុងពេលបច្ចុប្បន្ន Mazda CX-30 ឆ្នាំ 2027 បាននឹងកំពុងមានវត្តមានលក់នៅទីផ្សារខាងប៉ែកអឺរ៉ុប នៅមុនការប្រកាសចេញលក់នៅទីផ្សារអូស្ត្រាលីដែលគ្រោងធ្វើឡើងនៅចុងឆ្នាំ 2026 នេះ។ ក្រៅតែពីការបំពាក់កៅអីខ្យល់ខាងមុខទៅ នៅលើ Mazda CX-30 ឆ្នាំ 2027 ក៏ត្រូវបានក្រុមហ៊ុនធ្វើការកែប្រែផ្នែកកាប៊ីនថ្មីកាន់តែមានទំនើបភាពជាងបើធៀបនឹងម៉ូដែល Mazda 3 ឆ្នាំ 2027 ដោយក្នុងនោះនៅផ្នែកស្នូលកណ្តាលខ័ណ្ឌចែកកៅអីអ្នកបើក និងអ្នករួមដំណើរមានបំពាក់នូវប្រព័ន្ធភ្លើង Ambient lighting ជាមួយការតុបតែងដោយពណ៌ខ្មៅក្រឹប ឬ Darker “gunmetal” និងប្រព័ន្ធកាមេរ៉ា 360 ដឺក្រេជាដើម។
សម្រាប់ប្រព័ន្ធកៅអីមុខជាប្រភេទកៅអីខ្យល់ ឬ Ventilated front seats គឺឃើញមានប្រើនៅលើរថយន្តម៉ូដែល Flagship មួយចំនួនដូចជា Hyundai Kona, Kia Seltos, Toyota Corolla Cross ដែលមានវត្តមានលក់នៅទីផ្សារអូស្ត្រាលីបច្ចុប្បន្ន ខណៈរថយន្តម៉ូដែល Flagship ផ្សេងទៀតដូចជា Jaecoo J5 និង GWM Haval Jolion គឺមានតែនៅលើកៅអីអ្នកបើក “Driver’s seat” ប៉ុណ្ណោះ។ Mazda បានប្រើប្រាស់ប្រព័ន្ធកៅអីខ្យល់សម្រាប់កៅអីខាងមុខដំបូងគេនៅលើរថយន្តម៉ូដែល Mazda 6 ដែលបានប្រកាសចេញនៅឆ្នាំ 2018 ក្រោយមកទៀតក៏មាននៅលើម៉ូដែល CX-9, CX-5, CX-8, CX-60, CX-70, CX-80, CX-90, 6e និង CX-6e ដោយបានបន្ថែមនៅប្រព័ន្ធកៅអីខ្យល់សម្រាប់កៅអីជួរក្រោយ ឬ Captain’s chair ថែមទៀតផង។
Mazda CX-30 ឆ្នាំ 2027 ម៉ូដែលដែលចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកមានបំពាក់នូវម៉ាស៊ីន turbo engine និងប្រព័ន្ធបើកបរ AWD មកស្តង់ដារ ខណៈម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុប គឺមានជម្រើសប្រើនូវម៉ាស៊ីន mild-hybrid naturally aspirated mill ជាមួយជម្រើសម៉ាស៊ីនពីរផ្សេងគ្នា គឺម៉ាស៊ីនចំណុះ 2.5-litre e-Skyactiv G មានកម្លាំង 138 សេះ និងកម្លាំងរមូល 140PS ខណៈម៉ូដែល Flagship CX-30 2027 ប្រើនូវម៉ាស៊ីន 2.0-litre e-Skyactiv X មានកម្លាំង 183 សេះ និងកម្លាំងរមួល 186PS។ ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Mazda ក៏បានពង្រឹងទៅលើប្រព័ន្ធ i-Activsense suite ឲ្យដំណើរការកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុនផងដែរ។
ប្រព័ន្ធ i-Activsense suite ត្រូវបានធ្វើការរួមបញ្ចូលនូវមុខងារដូចជា ប្រព័ន្ធកំណត់ល្បឿនបើកបរ “Adaptive Cruise Control” ដែលអាចធ្វើការកំណត់ដោយប្រើប៊ូតុងនៅលើដៃចង្កូតដោយផ្ទាល់ រួមជាមួយប្រព័ន្ធចាប់ភ្លើងសញ្ញាចរាចរ “traffic sign recognition system”, ប្រព័ន្ធចាប់ហ្វ្រាំងអាសន្នបន្ទាន់ស្វ័យប្រវត្តិ “Automatic emergency braking”, មុខងារផ្តល់សញ្ញាគ្រោះថ្នាក់ខាងក្រោយផ្នែកចំហៀង “Blind spot monitoring”, ប្រព័ន្ធ turn-assist function, secondary collision avoidance, និង driver attention warning ជាដើម។ ចំពោះតម្លៃរបស់ Mazda CX-30 ឆ្នាំ 2027 ដែលត្រូវចេញលក់នៅប្រទេសអូស្ត្រាលីចុងឆ្នាំ 2026 នេះ ត្រូវបានគេព្យាករណ៍ថា អាចចន្លោះពី $34,360 និង $48,760 (មិនទាន់គិតពន្ធ)៕








