
Mazda CX-70 2026 ជម្រើស PHEV ដាក់លក់នៅលើទីផ្សារបរទេសតម្លៃជាង 4 ម៉ឺនដុល្លារ
ក្រុមហ៊ុន Mazda ទើបតែបានប្រកាសចេញឡាន SUV ខ្នាតកណ្តាលថ្មី គឺ Mazda CX-70 ស៊េរីឆ្នាំ 2026 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមកលើកនេះមានតម្លៃធូជាងមុន។ សូមជំរាបថា Mazda CX-70 ស៊េរីឆ្នាំ 2026 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី $42,000 សម្រាប់ប្រភេទប្រើម៉ាស៊ីនសាំង និងចាប់ពី $44,000 សម្រាប់ប្រភេទប្រើម៉ាស៊ីន Plug-in Hybrid។ ប្រៀបធៀបឆ្នាំមុននេះ Mazda CX-70 ប្រភេទ PHEV នេះមានតម្លៃចាប់ពីខ្ទង់ $54,000 ឯណោះ។

ក្រឡេកមើលសមត្ថភាពប្រើប្រាស់វិញ សម្រាប់ Mazda CX-70 ប្រភេទម៉ាស៊ីនសាំង គឺប្រើម៉ាស៊ីនចំណុះ 3.3L Turbo ទំហំ 6 ស៊ីឡាំង ជាមួយនឹង ប្រព័ន្ធ Mild-Hybrid System មានកម្លាំងដល់ 340 សេះ និងមានកម្លាំងរមួល 500Nm ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 (AWD) មកស្តង់ដារ តែម្តង ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 6.3 វិនាទីប៉ុណ្ណោះ។

ចំណែកឯប្រភេទប្រើម៉ាស៊ីន Plug-in Hybrid វិញ គឺ ចំណុះ 2.5L ទំហំ 4 ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី 1 និង កញ្ចប់អាគុយ ទំហំ 17.8 kWh ដែលអាចបង្កើតកម្លាំងសរុបបាន 323 HP និង កម្លាំងរមួល 500 NM។ អ្វីដែលពិសេសនោះគឺ វាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ដល់ 50 KM នៅពេលថាមពលអាគុយពេញ ផងដែរ។

បើនិយាយពី Option ដែលមានបំពាក់លើ Mazda CX-70 ថ្មីនេះ ក៏សម្បូរដែរ ដោយក្នុងនោះរួមមាន ដូចជា អេក្រង់កម្សានទំហំ 10.25 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែ, Speaker ម៉ាក Bose, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 3 តំបន់, ដំបូលកញ្ចក់ធំ Panoramic Moonroof និង ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ជាដើម។ ចំណែកឯប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ ក៏មានច្រើនដែរ ដូចជា ប្រព័ន្ធហ្វ្រាំងអូតូ, មុខងារ Blind-spot និង មុខងារកំណត់ល្បឿនថេរ Adaptive Cruise Control ជាដើម៕
