នៅពេលនេះ បើនិយាយពីទីផ្សារឡានអគ្គិសនីនៅលើកម្ពុជា ឃើញថា ហាក់បីជាដូចជាមានតម្រូវការខ្ពស់ដូចទឹកបាក់ទំនប់អញ្ចឹង ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺបងប្អូនភាគច្រើន គឺបានសម្រេចជ្រើសរើសទៅឡលើប្រភេទឡានដែលនាំចូលក្រៅផ្លូវការណ៌ច្រើនជាងឡានដែលលក់ដោយក្រុមហ៊ុនមានសិទ្ធិនាំចូលស្របច្បាប់ មានការធានាត្រឹមត្រូវ។
ជាក់ស្តែងដូចជា ឡានអគ្គិសនី Mazda EZ-60 ថ្មីនេះជាដើម។


យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ហ្វេសប៊ុក ថ្មីៗនេះ ពីសំណាកការ៉ាសឡានមួយចំនួននៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា ឡានអគ្គិសនីថ្មីនេះ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលសម្រេចបន្ថយពន្ធនាំចូលទៅលើឡាន EV និង PHEV ទៀតនោះ បានធ្វើយម៉ូដែលនេះ រឹតតែមានតម្រូវការខ្ពស់។

វត្តមានរបស់ឡានអគ្គិសនី Mazda EZ-60 នៅពេលនេះ គឺមានតម្លៃជិត 4 ម៉ឺនហើយនៅពេលនេះ *(តម្លៃមិនផ្លូវការណ៌)។ តម្លៃខាងលើនេះ អាចប្រែប្រួលទៅតាមឃ្លាំងលក់ឡាននិមួយៗ។ សម្រាប់ម៉ូដែល Option Max Edition ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយសរុប 600KMM (CLTC)។ និយាយទៅ ឡាន Mazda EZ-60 ជាក់ស្តែងមានចំនួន 2 ប្រភេទ គឺ អគ្គិសនីសុទ្ធ និង REEV ដែលនឹងមានតម្លៃថ្លៃជាង។ សម្រាប់ប្រភេទអគ្គិសនីសុទ្ធ គឺប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (RWD) មានកម្លាំង 254HP ហើយប្រើកញ្ចប់អាគុយ ទំហំ 77.94 kWh។ ចំណែកឯប្រភេទ REEV ប្រើម៉ាស៊ីនចំណុះ 1.5L ដើរតួជាម៉ាស៊ីនភ្លើង និង កញ្ចប់អាគុយទំហំ 31.73 kWh ដែលថាមពលអាគុយមួយពេញ អាចបើកបរបានចម្ងាយ 200 KM ហើយមានកម្លាំង 254 HP ដូចគ្នា។

ឡានអគ្គិសនី Mazda EZ-60 នេះ មានការប្រើប្រាស់គ្រោងឆ្អឹង EPA1 របស់ Deepal ហើយមានប្រវែងតួខ្លួន 4.85m ទទឹង 1.93m កម្ពស់ 1.62m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.90m។ ម៉ូដែលនេះ ត្រូវបានផលិតផ្អែកតាមគំរូឡាន Mazda Arata Concept ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន ខណៈ EZ-60 ក៏បានរក្សាការរចនាជាច្រើនពី Concept នោះដែរ ដូចជា កញ្ចក់ទ្វារគ្មានស៊ុម, កាមេរ៉ាមើលចំហៀង ជំនួយឲ្យកញ្ចក់, គូទក្រោយដូចឡាន Coupe និង ដំបូលរៀងទាល ព្រមទាំង ដៃទ្វារលិបចេញចូល ជាដើម។

ចំពោះ Option របស់ Mazda EZ-60 ក៏ទំនើបខ្លាំងដែរ ដោយក្នុងនោះមានដូចជា អេក្រង់ទំហំ 26.45 អ៊ីញ កម្រិត 5K ប្រភេទ Ultra-wide Screen ដែលដើរតួជាកុងទ័រឌីជីថល, អេក្រង់កម្សាន្ត និង អេក្រង់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ផងដែរ។ ក្រៅពីនោះ វាក៏នៅមាន Option កុងទ័របាញ់លើកញ្ចក់ ប្រភេទ 3D ទំហំ 100 អ៊ីញ និង កៅអីប្រភេទ Zero-gravity Seats មានមុខងារក្តៅត្រជាក់ និងម៉ាស្សា ព្រមទាំង Speaker ចំនួន 23 គ្រាប់ ប្រភេទ Dolby Atmos ទៀតផង៕

