ស្វែងរកពួកយើង:

MG IM8 Large-SUV PHEV ស៊េរីថ្មីឆ្នាំ 2027 អាចបើកបានចម្ងាយ 1,600km ត្រៀមចេញលក់នៅឆមាសដំបូងក្នុងឆ្នាំ 2027

ដោយ

ជុំ ប៉េងលីន

07 ឧសភា 2026 07:39 ព្រឹក

អាន 2 នាទី

Article image
រថយន្ត SUV PHEV ខ្នាតធំ ឬ Large-SUV PHEV ស៊េរីថ្មីឆ្នាំ 2027 របស់ក្រុមហ៊ុន MG ម៉ូដែល IM LS8 ឬ IM8 នឹងមានវត្តមាននៅទីផ្សារប្រទេសអូស្ត្រាលីនាឆ្នាំក្រោយ (2027) នេះបើតាមការបញ្ជាក់ពីប្រធានផ្នែកជាន់ខ្ពស់របស់ក្រុមហ៊ុនប្រចាំប្រទេសអូស្ត្រាលី។ 

លោក Steven Xu អ្នកចាត់ការទូទៅប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន IM Motor បាននិយាយថា រថយន្ត SUV ខ្នាតធំស៊េរីថ្មី ដែលគ្រោងនឹងចេញលក់នៅឆមាសទីមួយនៃឆ្នាំ 2027 ជាមួយនឹងប្រព័ន្ធដំណើរការដោយថាមពលរថយន្តអគ្គិសនីប្រភេទ EREV ឬ Extended-range Electric Vehicle ត្រូវបានគេរំពឹងថា មានសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់នៅក្នុងស្រុក។ តាមការអះអាងពីលោក Xu “ IM8 ឆ្នាំ 2027 គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលពេញនិយមប្រើប្រាស់រថយន្ត SUV ខ្នាតធំ”។

Article image
MG IM8 ឆ្នាំ 2027 នឹងបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5-liter ដែលត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងសម្រាប់ប្រើជាម៉ាស៊ីនភ្លើងសាកទៅឲ្យកញ្ចប់ថ្មទំហំ 66kWh ដើម្បីទាញដំណើរការរថយន្តជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ (dual-electric motor)។

Article image
ក្រៅតែពីប្រើម៉ាស៊ីនរបស់វាសម្រាប់សាកភ្លើង IM8 ក៏ភ្ជាប់មកជាមួយប្រព័ន្ធសាកភ្លើងដោយការដោតសាកជាមួយឆ្នាំសាកខាងក្រៅ (Plug-in) ផងដែរ ដែលល្បឿនអតិបរិមាក្នុងការសាកភ្លើងពី 30% ទៅ 80% ប្រើប្រាស់ខ្ទង់ប្រហែល 12 នាទី។ ហើយសម្រាប់ការសាកភ្លើងពេញម្តង គឺអាចបើកបរដោយប្រើអគ្គិសនីសុទ្ធ BEV Mode មិនប្រើម៉ាស៊ីនបានចម្ងាយ 430km និងនៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងមួយពេញអាចឲ្យ IM8 បើកបរបានចម្ងាយដល់ទៅ 1,600 គីឡូម៉ែត្រឯណោះតាមស្តង់ដារ CLTC។

IM Motor បានបង្ហើបថា IM8 ឆ្នាំ 2027 គឺស្ថិតនៅលំដាប់ឡាន SUV ខ្ពស់ជាងឡានអគ្គិសនីម៉ូដែល IM6 នៅពេលម៉ូដែលថ្មីនេះចេញលក់នៅឆ្នាំក្រោយ ហើយតម្លៃ IM8 ត្រូវបានគេព្យាករណ៍ថា អាចនឹងខ្ពស់ជាង $60,990។ IM អាចនឹងមិនទាន់បញ្ចេញលក់ IM8 ឆ្នាំ 2027 ម៉ូដែល 7 កៅអីនោះទេ ដោយក្រុមហ៊ុនអាចនឹងផ្តល់ជូនជម្រើសសម្រាប់អតិថិជនតែម៉ូដែល 5-កៅអី និង 6-កៅអីមុនតែប៉ុណ្ណោះ។

Article image
ហើយនៅពេលដែលម៉ូដែល IM8 7-កៅអីត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍ វានឹងក្លាយជាគូប្រជែងទីផ្សារឡាន Large-SUV PHEV កៅអីបីជួរជាមួយនឹងម៉ូដែល Toyota Kluger, Hyundai Santa Fe, BYD Sealion 8 និង Kia Sorento ជាដើមក្នុងទីផ្សារអូស្ត្រាលីនៅឆ្នាំ 2027៕
MG IM8 Large-SUV PHEV ស៊េរីថ្មីឆ្នាំ 2027 អាចបើកបានចម្ងាយ 1,600km ត្រៀមចេញលក់នៅឆមាសដំបូងក្នុងឆ្នាំ 2027