MG បញ្ចេញឡានអគ្គិសនី Crossover SUV ស៊េរីថ្មី MG4X បំពាក់បច្ចេកវិទ្យាថ្ម Liquid-solid-state ដើម្បីប្រជែងជាមួយ BYD Atto 2 ក្រុមហ៊ុនម៉ាករថយន្ត MG របស់សម្ព័ន្ធក្រុមហ៊ុន SAIC Group បានធ្វើការប្រកាសចេញឡានអគ្គិសនីសុទ្ធប្រភេទ SUV ដំបូងក្នុងគ្រួសារ GM4 ដែលមានឈ្មោះថា MG 4X។ ឡានអគ្គិសនី Compact SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើង ដោយផ្តោតសំខាន់ទៅលើទីផ្សារអ្នកប្រើប្រាស់ដែលជាយុវវ័យ។ MG 4X ជាម៉ូដែលរថយន្តស្ថិតនៅក្នុងស្រឡាយរថយន្ត Crossover ដែលផ្តោតទៅលើទីផ្សារប្រកូតប្រជែងជាមួយឡានប្រភេទ High-volume SUV segment។

ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ MG 4X គឺនៅតែរក្សាអត្តសញ្ញាណដូចគ្នាទៅនឹងម៉ូដែល MG4 ដែលជាប្រភេទឡានអគ្គិសនី Hatchback គ្រាន់តែ MG 4X មានទំហំធំជាង កំពស់ខ្ពស់ជាង និងកំពស់ពីផ្ទៃបាតរថយន្តធៀបនឹងផ្ទៃដីខ្ពស់ជាង MG4 បច្ចុប្បន្នបន្តិច។ MG 4X មានតួរខ្លួនប្រវែង 4,395mm/ ទទឹង 1,842mm/ កំពស់ 1,551mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,750mm ជាមួយទំងន់សរុប 1,485kg។ ទៅលើប្រព័ន្ធកម្សាន្ត និងមុខងារប្រើប្រាស់ខាងក្នុងកាប៊ីនរបស់ MG4X គឺគាំទ្រដំណើរការដោយប្រព័ន្ធ Smart Cockpit ដែលសហការផលិតដោយក្រុមហ៊ុនផលិតស្មាតហ្វូន OPPO។

ចំនែកប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយការបើកបរ និងផ្នែក Hardware នៅលើ MG 4X វិញត្រូវបានគេដឹងថា គឺមានការសហការអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យា Horizon Robotics ដែលក្នុងនោះរួមមានទាំងមុខងារជំនួយការបើកបរនៅលើផ្លូវហាយវ៉េ ឬ high-speed Navigate on Pilot (NOA) និងមុខងារជំនួយការចូលចំណោតស្វ័យប្រវត្ត ឬ automatic parking assist ជាដើម។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិតរបស់ MG4X ក្រុមហ៊ុនមិនទាន់បានបញ្ជាក់អោយដឹងនៅឡើយទេក្នុងពេលនេះ។ ប៉ុន្តែ មានការសន្និដ្ឋានថា MG4X ម៉ូដែលស្តង់ដារ អាចនឹងមានលក្ខណៈសម្បត្តិទូទៅដូចគ្នានឹងម៉ូដែល MG 4 Anxin Edition ជាឡានអគ្គិសនីដំបូងគេដែលបំពាក់កញ្ចប់ថ្ម Liquid-solid-state ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងក្នុងខែធ្នូឆ្នាំ 2025 ដោយមានតម្លៃខ្ទង់ $14,600។

MG 4 Anxin Edition បំពាក់នូវកញ្ចប់ថ្មទំហំ 53.95 kWh manganese-based lithium-ion liquid-solid state battery ដែលប្រើកម្រិត electrolyte រាវក្នុងកញ្ចប់ថ្មទាបបំផុតត្រឹម 5% ធៀបនឹងថ្ម Lithium iron phosphate។ MG4 Anxin Edition អាចបើកបានចម្ងាយ 530km នៅពេលសាកភ្លើងពេញម្តង ក្រោមស្តង់ដារ CLTC ជាមួយកម្រិតប្រើប្រាស់ថាមពលប្រមាណ 11.9kWh/100km និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកម្រិត 2C Fast Charging ដែលសាកភ្លើងចូលពី 30% ទៅ 80% ចាយពេលខ្ទង់ 21 នាទី។ ឡានអគ្គិសនី Hatchback នេះ ដំណើរការដោយប្រើម៉ូទ័រអគ្គិសនីកម្លាំង 120kW (161hp) និងកម្លាំងរមួល 250N.m អាចជាន់ស្ទុះពីកុងទ័រ 0-50km/h ប្រើពេលខ្ទង់ 3 នាទី ហើយអាចជាន់ល្បឿនលឿនបំផុតដល់ 160km/h៕
