
OnePlus 16 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា 200MP Periscope និងអេក្រង់ល្បឿន 185Hz Refresh Rate
នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីមួយទៀតហើយ ដែលបានទម្លាយព័ត៌មានលម្អិតអំពីស្មាតហ្វូនជំនាន់ថ្មី OnePlus 16។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេនិយាយថា នឹងប្រើប្រាស់នូវអេក្រង់ល្បឿន 185Hz ខណៈដែលកាលពីឆ្នាំមុននេះ នៅលើស្មាតហ្វូន OnePlus 15 ក្រុមហ៊ុននេះបានបង្កើននូវល្បឿនអេក្រង់ខ្ពស់រហូតដល់ទៅ 165Hz refresh rate រួចទៅហើយ។ ស្របពេលជាមួយគ្នានេះ ក៏មានរបាយការណ៍ជាច្រើនមុននេះ ធ្លាប់បានបញ្ជាក់ថា អេក្រង់របស់ស្មាតហ្វូន OnePlus 16 ថ្មីនេះគឺមានល្បឿនអេក្រង់ដល់ទៅ 240Hz refresh rate ផងដែរ។
យោងតាមការបែកធ្លាយចេញពីអ្នកទម្លាយ Smart Pikachu នៅពេលនេះ គឺបានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះហើយ។ តាមការបញ្ជាក់របស់អ្នកទម្លាយនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 16 នេះ នឹងប្រើប្រាស់នូវអេក្រង់ល្បឿន 185Hz display ជាមួយនឹងគែម Ultra-Narrow Bezels នៅលើជ្រុងទាំង 4។ ស្មាតហ្វូនថ្មីនេះ ក៏មានកាមេរ៉ា 3x Periscope Telephoto ជាមួយនឹងសិនស័រ 200MP និងមានប៊ូតុង AI ផងដែរ។ ក្រុមហ៊ុន OnePlus ក៏បានបង្កើនទៅលើភាពរលូននៃអេក្រង់ និងការ Upgrade ទៅលើបច្ចេកវិទ្យាកាមេរ៉ា និង AI ថែមទៀតផង។

សូមជំរាបថា របាយការណ៍ជាច្រើនមុននេះ ក៏ធ្លាប់បានទម្លាយដែរថា នៅលើស្មាតហ្វូន OnePlus 16 នេះ នឹងមានអេក្រង់ទំហំ 6.78 អ៊ីង LTPO OLED panel ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE គំាទ្រជាមួយនឹងមុខងារ Touch Control IC និងមានការទ្រទ្រង់នូវ BT.2020 Color Gamut ថែមទៀតផង។ ជាមួយគ្នានេះ នៅលើស្មាតហ្វូន OnePlus 16 នេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 6 Pro ដែលទ្រទ្រង់នូវរ៉េម LPDDR6 RAM ផងដែរ។

ស្មាតហ្វូន OnePlus 16 នេះ នឹងមានថាមពលថ្មទំហំ 9,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង 50W wireless charging ស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។ ក្រៅពីកាមេរ៉ា 200MP Samsung HP5 Periscope Telephoto នេះ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ាគោលទំហំ 50MP និង 50MP ultrawide ផងដែរ។ សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូនថ្មីនេះ គឺមានដូចជា X-axis Bionic Vibration Motor, Symmetrical Dual Speakers និងសិនស័រស្កែនម្រាមដៃលើអេក្រង់ ultrasonic ហើយនិងបច្ចេកវិទ្យា IP68/69 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង។
