ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន SAIC និង Huawei នៅប្រទេសចិនត្រូវបានគេស្គាល់ថា “Shangjie” បានធ្វើការប្រកាសដាក់លក់មុននៅឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Saic Z7 ជាប្រភេទឡាន Sedan-coupe និង Z7T ជាប្រភេទ Shooting Brake នៅទីផ្សារក្នុងប្រទេសចិន។ ឡានអគ្គិសនីស៊េរីថ្មីទាំងពីរម៉ូដែលនេះត្រូវបានដាក់លក់នៅតាមបណ្តាញហាងលក់ HIMA របស់ Huawei។ Saic Z7 និង Z7T មានការឌីស្សាញរូបរាងខាងក្រៅស្រដៀងគ្នាខ្លាំងទៅនឹងឡានប្រណីតរបស់ Porsche ម៉ូដែល Porsche Taycan និង Taycan Cross Turismo។ 

ឡានអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុនសម្ព័ន្ធមិត្តចិនទាំងពីរម៉ូដែលនេះមានតួរខ្លួនប្រវែង  5,036mm/ ទទឹង 1,975mm/ កំពស់ 1,465mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,000mm។ Saic Z7 និង Z7T ប្រើប្រាស់យ៉ាន់កង់ខ្នាត R20 ភ្ជាប់ដោយសម្បកកង់មុខខ្នាត 245/45 និងសម្បកកង់ក្រោយខ្នាត 275/40។ ឡានអគ្គិសនីស៊េរីថ្មីទាំងពីរម៉ូដែលនេះប្រើប្រាស់ដៃទ្វារប្រភេទ semi-hidden-door handle, មានប្រព័ន្ធលំហូខ្យល់សងខាងនៅកាងខាងមុខប្រភេទ Active Air intake និងបណ្តុំភ្លើងក្រោយឌីស្សាញមួយបន្ទាត់អូសពីត្រគៀកម្ខាងទៅម្ខាង ឬ single-taillight strip។

Saic Z7T Shooting Brake មានឃ្លុបសម្រាប់ដាក់អីវ៉ាន់ក្បាលខាងមុខធំទូលាយ, ប្រើប្រាស់ទ្វារបឺត (Soft-closing door), មុខងារបើកគម្រប់ដំបូលមុខដោយការគោះ (Knock-Knock) និងប្រព័ន្ធប៊ូមខ្យល់ឡើង ឬទម្លាក់កម្ពស់ (Active Suspension) ថែមទៀតផង។ នៅកាប៊ីនខាងក្នុងមានបំពាក់អេក្រង់កម្សាន្តធំនៅកណ្តាល អេក្រង់បង្ហាញព័ត៌មានប្រភេទ LCD ក្រោយដៃចង្កូត និងមានមុខងារ Head-up display។

សម្រាប់កញ្ចក់មើលក្រោយជាប្រភេទ streaming rearview mirror, កៅអី zero-gravity, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែរចំនួនពីរ និងប្រើចង្កឹះលេខប្រភេទរង្វង់មូល ឬ gear-mounted gear shifter។ នៅឃ្លប់គូទក្រោយរបស់ Saic Z7 អាចផ្ទុកទំងន់បានចំណុះ 1,582 លីត្រ នៅពេលបត់កៅអីក្រោយចុះ ខណៈម៉ូដែល Siac Z7T Shooting Brake អាចផ្ទុកបានចំណុះ 1,694 លីត្រ។
Saic Z7 និង Z7T Shooting Brake មានជម្រើសពណ៌ខាងក្នុងដូចជា ពណ៌លឿង ក្រហម ស្វាយ ខ្មៅ និងប្រផេះ។

ឡានអគ្គិសនីស៊េរីថ្មីទាំងពីរម៉ូដែលនេះ ភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ ADS 4.1 ដែលដំណើរការជាមួយសែនស័រ 896-line LiDAR របស់ Huawei ដែលធ្វើឲ្យឡានអគ្គិសនីស៊េរីថ្មីនេះ អាចកំណត់សំគាល់ឧបសគ្គតូចៗបានក្នុងកំពស់ 14cm នៅរយះចម្ងាយ 122m នៅពេលយប់បានយ៉ាងច្បាស់។ Saic Z7 និង Z7T ម៉ូដែលប្រើម៉ូទ័រមួយជាប្រភេទ e-motor ភ្ជាប់លើភ្លៅក្រោយ (RWD) មានកម្លាំង 354 សេះ និងម៉ូដែលប្រើម៉ូទ័រពីរ (4WD) មានកម្លាំងសរុប 582 សេះ។  

ចំនែកកញ្ចប់ថ្មវិញជាប្រភេទ ternary NMC Battery មានជម្រើសទំហំ 81kWh និង 100kWh។ Z7 និង Z7T អាចបើកបានចម្ងាយផ្លូវ 905km (CLTC) ពេលសាកភ្លើងពេញម្តង។ ម៉ូដែល Saic Z7 sedan-coupe អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3.44 វិនាទី។ Saic Z7 ត្រូវបានក្រុមហ៊ុន HIMA ប្រកាសដាក់លក់មុនក្នុងតម្លៃខ្ទង់ $33,225 ចំនែក Saic Z7T Shooting Brake មានតម្លៃខ្ទង់ $34,820៕