Samsung គ្រោងនឹងប្រើអេក្រង់របស់ BOE សម្រាប់ Galaxy S27 ដើម្បីកាត់ចំណាយថ្លៃដើមការផលិត

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហើបថា ក្រុមហ៊ុន Samsung ប្រហែលជាកំពុងពិចារណាទលើការផ្លាស់ប្តូរថ្មីមួយសម្រាប់ Samsung Galaxy S27 Series ដែលចេញនៅឆ្នាំក្រោយ។ ផ្អែកតាមប្រភពអ្នកផ្គត់ផ្គង់សង្វាក់ផលិតកម្មបាននិយាយថា ក្រុមហ៊ុននេះបាននឹងកំពុងតែធ្វើតេស្តទៅលើអេក្រង់ OLED របស់ក្រុមហ៊ុនចិន BOE សម្រាប់អេក្រង់របស់ Galaxy S27។ ប្រសិននេះគឺជាពិតមែននោះ មានន័យថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ពិតជាធ្វើការផ្លាស់ប្តូរដ៏ធំមិនធ្លាប់បានសម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន ដែលកន្លងមកធ្លាប់តែប្រើអេក្រង់របស់ Samsung Display។
កត្តាដែលធ្វើអោយមានការផ្លាស់ប្តូរនេះ ត្រូវបានគេនិយាយថា គឺហេតុផលទៅលើការសន្សំសំចៃកាត់បន្ថយថ្លៃដើមនៃការផលិត។ ក្រុមហ៊ុន BOE បានបញ្ជាក់ថា ខ្លួនបានផ្តល់នូវតម្លៃពិសេសជាងអេក្រង់របស់ Samsung Display ចំនួនដល់ទៅ 5 ដុល្លារនៅក្នុងមួយបន្ទះ។ ដូច្នេះប្រសិនបើមិនមានការប្រែប្រួលក្រុមហ៊ុនកូរ៉េខាងត្បូងនេះ គឺនឹងចំណេញប្រាក់រាប់លានដុល្លារ ពីព្រោះថា ស្មាតហ្វូនថ្នាក់ប្រណិតនេះ គឺលក់ដាច់ច្រើនលានគ្រឿងជារៀងរាល់ឆ្នាំ។

បន្ថែមពីនេះ ក្រុមហ៊ុន Samsung ពេលនេះ ក៏កំពុងតែជួបប្រទះទៅនិងការកើនតម្លៃរ៉េម DRAM ដូចគ្នា។ ដូច្នេះការផ្លាស់ប្តូរនេះក៏ជារឿងសមហេតុផលផងដែរ។ សម្រាប់ពេលនេះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Samsung Display នៅតែជាអ្នកផលិតអេក្រង់ច្រើនជាងគេដដែល ខណៈដែល BOE គឺជាក្រុមហ៊ុនផលិតបន្ទាប់ ស្របពេលដែលកន្លងមក ក្រុមហ៊ុន Samsung ក៏បានប្រើប្រាស់អេក្រង់របស់ TCL CSOT រួចទៅហើយសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល។ អ្វីដែលគួរអោយចាប់អារម្មណ៌នៅពេលនេះ គឺក្រុមហ៊ុនមានគម្រោងទៅលើការប្រើអេក្រង់ BOE នៅលើស្មាតហ្វូនថ្នាក់ប្រណិត Galaxy S Series។
