ស្វែងរកពួកយើង:

Samsung Galaxy S27 Pro អេក្រង់តូច ប៉ុន្តែសមត្ថភាពប្រហែលគ្នាជាមួយ Galaxy S27 Ultra

ដោយ

ជុំ ប៉េងលីន

22 ឧសភា 2026 07:44 ព្រឹក

អាន 2 នាទី

Article image
Samsung Galaxy S27 Pro អេក្រង់តូចប៉ុន្តែសមត្ថភាពប្រហែលគ្នាជាមួយ Galaxy S27 Ultra
ស្មាតហ្វូន Galaxy S Series របស់ក្រុមហ៊ុន Samsung ដែលនឹងមានវត្តមាននាពេលខាងមុខនេះ ត្រូវបានគេរាយការណ៌ថា អាចនឹងមានការផ្លាស់ប្តូរគួរអោយកត់សម្គាល់ ដោយអាចនឹងមានមកជាមួយនឹងវត្តមាននៃស្មាតហ្វូន Galaxy S27 Pro ផងដែរ។ យោងតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏មានគម្រោងក្នុងការពង្រីកស្មាតហ្វូន Galaxy Series នេះ ដែលមានរូបរាងតូចជាងមុន ហើយសមត្ថភាពរបស់វាគឺជាកម្រិត Flagship អញ្ចឹង។

តាមរបាយការណ៍ជាច្រើនចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ ETNews និងប្រភពឧស្សាហកម្មជាច្រើនទៀត បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Pro នេះ មានអេក្រង់ទំហំ 6.47 អ៊ីង OLED Display ដែលអេក្រង់ថ្មីនេះ គឺស្ថិតនៅចន្លោះទំហំអេក្រង់របស់ស្មាតហ្វូន Galaxy S27 និង Galaxy S27+។ ស្មាតហ្វូនថ្មីនេះ មានគោលដៅសម្រាប់អតិថិជនដែលចង់បានស្មាតហ្វូនដែលមានលក្ខណៈសម្បត្តិខ្លាំងក្លា ហើយវាមានទំហំតូចក្នុងការយកតាមខ្លួននោះ។ ទៅលើសមត្ថភាពស្មាតហ្វូន Galaxy S27 Pro នេះ ក៏មានលក្ខណៈសម្បត្តិពិសេសច្រើនដូចទៅនឹងស្មាតហ្វូន Galaxy S27 Ultra ផងដែរ។

សម្រាប់លក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូនថ្មីនេះ មានដូចជា បន្ទះឈីប Snapdragon, Samsung Privacy Display Technology និងកាមេរ៉ាកម្រិត Flagship ផងដែរ។ កាមេរ៉ានេះ មានទំហំ 200MP, 50MP ultra-wide lens និង 50MP Periscope Telephoto ជាមួយនឹងបច្ចេកវិទ្យាហ៊្សូម 5x optical zoom។ ទៅលើរូបរាងវិញ តាមរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងបោះបង់ចោលការប្រើប្រាស់នូវ S Pen នៅលើស្មាតហ្វូន Galaxy S27 Pro នេះដើម្បីធ្វើអោយស្មាតហ្វូននេះ មានកម្រាស់ស្តើងជាងមុន និងរូបរាងតូច។ និយាយរួមមានតែស្មាតហ្វូន Galaxy S27 Ultra តែមួយគត់ ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា Stylus ។

Article image
ស្មាតហ្វូន Galaxy S27 Pro នេះអាចនឹងក្លាយជាឧបករណ៍ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Samsung ប៉ុន្តែ នៅមិនទាន់ច្បាស់ថា នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងកម្រិតណានោះទេ។ ខណៈពេលដែលព័ត៌មានលម្អិតនៃទំហំថ្ម និងតម្លៃរបស់ស្មាតហ្វូននេះ មិនទាន់បានទម្លាយទេនោះ ស្មាតហ្វូនរូបរាងតូច តែប្រណិតនេះនឹងអាចទាក់ចិត្តអ្នកប្រើប្រាស់បានជាក់ជាមិនខាន៕