Samsung បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដែលមាន Galaxy Z Fold 8 និង Z Flip 8 នៅត្រីមាសទីបីនៃឆ្នាំ 2026 នេះ។ បើតាមរបាយការណ៍ចុងក្រោយនេះ បានបញ្ជាក់ថា Samsung នឹងប្រើប្រាស់បន្ទះឈីបពីរជម្រើសសម្រាប់ម៉ូដែល Galaxy Z Flip 8 របស់ខ្លួន គឺបន្ទះឈីប Snapdragon និង Exynos។
ក្នុងរបាយការណ៍បានបញ្ជាក់ច្បាស់ថា Samsung Galaxy Z Flip 8 នឹងបំពាក់នូវបន្ទះឈីប Samsung Exynos 2600 និង Qualcomm Snapdragon 8 Elite Gen 5 ហើយសម្រាប់ Z Flip 8 ដែលប្រើ Snapdragon 8 Elite Gen 5 គឺនឹងមានលក់តែសម្រាប់ទីផ្សារសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា Samsung Galaxy Z Flip 8 ដែលប្រើបន្ទះឈីប Snapdragon 8 Elite Gen 5 គឺនឹងមានលក់តែនៅទីផ្សារប្រទេសចិន កាណាដា អាមេរិក និងប្រទេសជប៉ុន ខណៈទីផ្សារប្រទេសផ្សេងៗទៀតមានដូចជា ឥណ្ឌា អឺរ៉ុប និងកូរ៉េខាងត្បូង នឹងទទួលបានម៉ូដែលប្រើបន្ទះឈីប Exynos 2600។
ចំពោះបន្ទះឈីប Exynos 2600 របស់ Samsung គឺត្រូវបានផលិតឡើងដោយប្រើប្រាស់ប្រព័ន្ធស្ថាបត្យកម្មខ្នាត 2nm-deca-core architecture ដែលផ្តល់នូវអនុភាពកម្លាំងប្រតិបត្តិការខ្លាំង និងប្រើប្រាស់ថាមពលថ្មតិចជាងមុន។ តាមប្រភពព័ត៌មានផ្លូវការណ៍ចុងក្រោយបានបញ្ជាក់ថា Samsung នឹងប្រារព្ធព្រឹត្តិការណ៍ប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនដែលមាន Galaxy Z Fold 8 និង Galaxy Z Flip 8 នៅថ្ងៃទី 22 ខែកក្តដា ឆ្នាំ 2026 ខាងមុខនេះ៕


